28.8 C
Phnom Penh

យោធា​ថៃ បន្ត​រាយ​លួស​បន្លា​ចូល​ក្នុង​ទឹកដី​ខ្មែរ​ជិត ១​គីឡូម៉ែត្រ​បន្ថែម​ទៀត​នៅ​ខេត្ត​ពោធិ៍សាត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​អះអាង​ថា យោធា​ថៃ បាន​រាយ​លួស​បន្លា​ចូល​ក្នុង​ទឹកដី​ខ្មែរ​ចម្ងាយ​ជិត ១​គីឡូម៉ែត្រ (៨០០​ម៉ែត្រ) បន្ថែម​ទៀត​នៅ​តំបន់​ថ្មដា ខេត្ត​ពោធិ៍សាត់ កាលពី​ថ្ងៃទី​៣០ មីនា ដើម្បី​ធ្វើ​ជា​មូលដ្ឋាន​យោធា​សម្រាប់​ត្រៀម​លក្ខណៈ​ប្រយុទ្ធ​ជាមួយ​ភាគី​កម្ពុជា ខណៈ​កម្ពុជា​គ្មាន​វិធានការ​ជាក់លាក់​ដើម្បី​ទប់ស្កាត់​ការ​ឈ្លានពាន​នេះ​ឡើយ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣១ មីនា នេះ​ថា ក្រៅពី​ជីក​ប្រឡាយ ធ្វើ​សំណង់​រឹង និង​ដាក់​ពង្រាយ​លួស​បន្លា ទាហាន​ថៃ បាន​ពង្រាយ​ទូ​កុងតឺន័រ​ក្នុង​ទឹកដី​ខ្មែរ​ប្រមាណ ៥១​ទីតាំង ខណៈ​ដែល​រដ្ឋាភិបាល​កម្ពុជា ព្យាយាម​អង្វរ​ថៃ​ឱ្យ​ចូល​តុ​ចរចា​ជាច្រើន​លើក។

លោក ម៉ែន ណាត លើកឡើង​ថា ទាហាន​ថៃ ពង្រីក​សកម្មភាព​ឈ្លានពាន​លើ​កម្ពុជា​ស្ទើរ​រាល់​ថ្ងៃ​តាមរយៈ​ការ​ពង្រាយ​បន្ថែម​នូវ​លួស​បន្លា ជីក​ប្រឡាយ ធ្វើ​សំណង់​រឹង ធ្វើ​ផ្លូវ​បេតុង និង​ដាក់​ទូ​កុងតឺន័រ ជាដើម។

លោក​បន្ត​ថា សកម្មភាព​របស់​យោធា​ថៃ ក្នុង​ដែន​អធិបតេយ្យ​របស់​កម្ពុជា​ជា​បន្តបន្ទាប់​នេះ គឺជា​ការ​ពង្រីក​ការ​ឈ្លានពាន និង​ជា​ការ​រំលោភ​ច្បាប់​អន្តរជាតិ​យ៉ាង​ធ្ងន់ធ្ងរ។

អ្នក​ឃ្លាំមើល​សង្គម​រូប​នេះ ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ទប់ស្កាត់​ភាព​គឃ្លើន​របស់​ភាគី​ថៃ លើ​ដី​ជាក់ស្តែង​ឱ្យ​មាន​ប្រសិទ្ធភាព​ស្រប​តាម​ច្បាប់​អន្តរជាតិ ដំឡើង​កម្រិត​ការទូត​ឱ្យ​កាន់តែ​ខ្ពស់​ដើម្បី​ទាមទារ​ឱ្យ​ថៃ ដក​យោធា​ពី​ទឹកដី​កម្ពុជា ប្តឹង​ថៃ ទៅ​កាន់​តុលាការ​អន្តរជាតិ រួម​ទាំង​ត្រូវ​ធ្វើ​ទំនើបកម្ម​វិស័យ​យោធា ពង្រឹង​វិស័យ​សេដ្ឋកិច្ច ស្ដារ​ប្រជាធិបតេយ្យ ដើម្បី​ឱ្យ​មាន​ឯកភាព​ជាតិ​ពិតប្រាកដ​ផង​ដែរ។

អភិបាល​ខេត្ត​ពោធិ៍សាត់ លោក ខូយ រីដា បាន​អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ទាហាន​ថៃ កំពុង​គ្រប់គ្រង​ទឹកដី​ខ្មែរ​ចំនួន ៤​តំបន់​នៅ​ខេត្ត​ពោធិ៍សាត់ រួម​មាន តំបន់​ច១ តំបន់​អូរភ្លុកដំរី តំបន់​ស្ពានជ័យជម្នះ (តំបន់​ស្ពាន​មេទឹក) និង​តំបន់​ច្រក​ព្រំដែន​ជ័យជម្នះ ឬ​ច្រក៥៦ (ថ្មដា) ដែល​ក្នុង​នោះ​ក៏​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​កម្ពុជា ផង​ដែរ។

អភិបាល​ខេត្ត​រូប​នេះ អះអាង​ថា ផ្ទះ​ចំនួន ៣៤​ខ្នង​ក្នុង​ចំណោម​ផ្ទះ ៨០​ខ្នង ត្រូវ​បាន​ទាហាន​ថៃ ហ៊ុមព័ទ្ធ​យក​ទាំងស្រុង ចំណែក​ផ្ទះ​ដែល​នៅ​សល់​ស្ថិត​នៅ​តាម​បណ្តោយ​លួស​បន្លា​ដែល​ទាហាន​ថៃ បាន​ដាក់​ពង្រាយ មិន​មាន​ពលរដ្ឋ​ខ្មែរ​ណា​ហ៊ាន​ចូល​ទៅ​រស់នៅ​ឡើយ ដោយសារ​មាន​ការ​គំរាមកំហែង​ពី​ទាហាន​ថៃ ដែល​ចូល​ទៅ​កាន់កាប់​នៅ​តំបន់​នោះ។

ជុំវិញ​បញ្ហា​នេះ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​៣០ ខែ​មីនា នេះ​ថា កម្ពុជា​និង​ថៃ មាន​ព្រំដែន​អន្តរជាតិ​កំណត់​តាម​ផែនទី​គូស​ដោយ​គណៈកម្មការ​កំណត់​ព្រំដែន​ឥណ្ឌូចិន-សៀម ដែល​បង្កើត​ឡើង​តាម​អំណាច​នៃ​អនុសញ្ញា​ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា​ឆ្នាំ​១៩០៧ រវាង​បារាំង និង​សៀម។

ប្រភព​ដដែល​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​ប្ដេជ្ញាចិត្ត​ចំពោះ​ជំហរ​ដោះស្រាយ​បញ្ហា​ព្រំដែន​តាម​សន្តិវិធី​តាម​ច្បាប់ ដោយ​មិន​ទទួលយក​នូវ​ការ​កំណត់​ព្រំដែន​តាម​ការ​ប្រើ​កម្លាំង​ដាច់ខាត ព្រោះ​ជំហរ​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន គឺ​តាម​សន្តិវិធី​ដោយ​ផ្អែកលើ​ច្បាប់​អន្តរជាតិ សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស