នគរបាលបានឲ្យដឹងថា មន្ត្រីនគរបាលខេត្តកណ្តាលម្នាក់និងជាងជួសជុលម៉ូតូម្នាក់ត្រូវគេប្រទះឃើញហូរឈាមដោយសាររងរបួសធ្ងន់ធ្ងរដោយគ្រាប់កាំភ្លើងនៅក្នុងផ្ទះរបស់ជាងជួសជុលម៉ូតូនោះនៅក្នុងរាជធានីភ្នំពេញកាលពីរសៀលម្សិលមិញ ប៉ុន្តែគេនៅមិនទាន់ច្បាស់ថា តើអ្នកណាបានបាញ់នៅឡើយទេ។
លោក ឡោ និនណូ នាយប៉ុស្តិ៍នគរបាលសង្កាត់បានមានប្រសាសន៍ថា បន្ទាប់ពីឮស្នូរកាំភ្លើងចេញពីផ្ទះរបស់ អ៊ុយ សាន់កិត្យា អាយុ៣២ឆ្នាំស្ថិតនៅក្នុងខណ្ឌមានជ័យនៅម៉ោងប្រហែល១និង៣០នាទីរសៀល នគរបាលសង្កាត់ចាក់អង្រែក្រោមបានចូលទៅក្នុងផ្ទះនោះឃើញ សាន់កិត្យា និងលោកវរសេនីយ៍ត្រី អែល ហាលី អាយុ៤៤ឆ្នាំដេកដួលនៅលើដី ដោយសាន់កិត្យា ហូរឈាមចេញពីដៃខាងស្តាំ ហើយលោកវរសេនីយ៍ត្រី ហាលី ដែលជាអនុប្រធានបុគ្គលិកនគរបាលខេត្តកណ្តាលរងរបួសធ្ងន់ដោយគ្រាប់កាំភ្លើងបៀមជាប់ត្រង់ពោះ។
លោក និនណូ បានបន្ថែមថា ក្រោយមកកាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិម៉ាកកា-៥៤របស់លោកវរសេនីយ៍ត្រី ហាលីដែលនគរបាលបានចេញឲ្យនោះ ត្រូវបានគេរកឃើញលាក់ទុកនៅក្នុងផ្ទះនេះ។
យោងតាមលោក គង់ សាម៉ុន នាយនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យបានឲ្យដឹងថា បុរសទាំងពីរនាក់នេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារស្ថានភាពធ្ងន់ធ្ងរ ហើយនគរបាលកំពុងរង់ចាំសាកសួរពួកគេបន្ទាប់ពីស្ថានភាពជំងឺនៅនឹង។ លោក គង់ សាម៉ុន បានមានប្រសាសន៍ថា “មូលហេតុនៃការបាញ់នេះមិនទាន់ដឹងនៅឡើយទេ ដោយសារពួកគេទាំងពីររបួសធ្ងន់ពេក ហើយយើងមិនអាចសាកសួរពួកគេបានឡើយ”៕សារុន