36 C
Phnom Penh

តុលាការ​សម្រេច​ឲ្យ​បុរសម្នាក់រួច​ផុតពី​ការ​ចោទ​ប្រកាន់ពាក់ព័ន្ធការ​សម្លាប់​មន្ត្រី​សហ​ជី​ព​មួយ​រូប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ សាលា​ដំបូង​រាជ​ធា​នី​   ភ្នំ​ពេញ​​​បាន​សម្រេច​ឲ្យលោក ចាន់ សុផុន ដែល​​ ជាប់​ចោទ​ពីបទ​​សម្លាប់​លោក ហ៊ី វុទ្ធី​ មន្ត្រី​សហជីព​កាល​ពី​ឆ្នាំ​២០០៧​រួច​ផុត​ពីការ​ចោទ​ប្រកាន់​ដោយកែប្រែ​សាលក្រម​​ចោទ​ប្រកាន់​​ឆ្នាំ​២០១២ និង​ការ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​​១៨​ឆ្នាំ​ ដែល​អង្គការ​សិទ្ធិ​មនុស្ស​ និង​សហ​ជីព​ផ្ទាល់​របស់​លោក ហ៊ី វុទ្ធី ជឿ​ថា ជាការ​បិទ​បាំង​ឃាតករ​ពិត​។

លោក ហ៊ី វុទ្ធី មន្ត្រី​ជាន់​ខ្ពស់មួយ​រូប​នៅ​ សហជីព​សេរី​កម្មករ​ដែល​មាន​​ទំនាក់​​ទំន​ង​  ជា​មួយ​គណបក្ស​ប្រឆាំង​ ត្រូវ​បុរ​ស​​ពីរនាក់​ជិះខាង​ក្រោយ​ម៉ូតូមួយ​គ្រឿង​​​បាន​បាញ់​សម្លាប់​ ពេល​លោក​ធ្វើ​ដំណើរ​ត្រឡប់​មក​​​ផ្ទះ​វិញ​ ក្រោយ​ពេល​ចប់​ម៉ោង​ធ្វើ​ការ​វេន​យប់​នៅ​រោង​ចក្រ កាត់​ដេរ​មួយ​​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពីខែ​កុម្ភៈ​ ឆ្នាំ​២០០៧​។

លោក សុផុន តែ​ងតែ​អះ​អាង​ថា លោក​គ្មាន​កំហុស​ទេ​ ហើយ​បញ្ជាក់​​ថា លោក​ស្ថិត​នៅ​ក្នុង​កសិដ្ឋាន​មួយ​ជាមួយ​​ក្រុមគ្រួសារ ​​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​ នៅពេល​​មាន​ការ​បាញ់​សម្លាប់​​មន្ត្រី​សហ​ជីព​រូប​នេះ​។ លោកចៅ​ក្រម​ កោ វណ្ឌី ​បាន​និយា​យក្នុង​តុលាការថា “តុលាការ​បាន​សម្រេច​ឲ្យ​លោក ចាន់ សុផុន ដែល​ជាប់​ជាប់​​ចោទ​ពី​បទ​មនុស្ស​ឃាត​ដោយ​ចេតនា​​នោះ រួច​ផុត​ពីការ​ចោទ​ប្រកាន់​”។

ចៅក្រម​មិន​បាន​ពន្យល់​អំពី​សេចក្តី​សម្រេច​ ក្នុងការ​ច្រាន​ចោល​ការ​កាត់​ឲ្យ​ជាប់​ទោស​នេះទេ​​ ឬ ថា លោក ចាន់ សុផុន នឹង​ត្រូវ​បាន​ដោះលែង​នៅពេល​នោះ​ឡើយ ហើយ​បន្ទាប់មក​លោក​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ។ បន្ទាប់​ពី​សវនាការ​ជំនុំ​ជម្រះ​​រយៈ​ពេល​ខ្លី លោក​ ចាន់​ សុផុន បាន​អះ​អាង​​​ម្តង​ទៀត​ថា លោក​គ្មាន​កំហុស​ទេ​។ លោ​ក​បាន​និយាយ​នៅពេល​ដែល​ឡើង​ជិះ​រថយន្ត​វ៉ែន​ទៅកាន់​ពន្ធនាគារ​​ព្រៃ​ស​​វិ​ញ​ថា “ខ្ញុំ​មិន​បាន​សម្លាប់​លោក ហ៊ី វុទ្ធី ទេ​ ហើយ​​ខ្ញុំ​សូម​ឲ្យ​តុលាការ​ដោះ​លែង​រូប​ខ្ញុំ ​ដើម្បី​ឲ្យខ្ញុំ​អា​ច​មើល​ថែកូន​ៗ​របស់​ខ្ញុំ​”។

លោក ជា ហុង​រី មេធាវី​ការពារ​ជន​សង្ស័យ​បាន​ស្វា​គមន៍​សាល​ក្រម​នេះ​។ លោក​បាន​​មាន​ប្រសា សន៍ ថា “តុលាការ​ដោះលែង​លោក​ ចាន់​ សុផុន ដោយ​សារ​​គាត់​​មិន​ជាប់​ពាក់​ព័ន្ធ​ក្នុង​ករណី​នេះ​ទេ​។ ​នេះ​ជា​យុត្តិធម៌​សម្រាប់​កូន​ក្តី​របស់​ខ្ញុំ​។ តុលាការ​​​សម្រេច​ចិត្តត្រឹម​ត្រូវ ហើយ​លោក សុផុន គួរ​ត្រូវបាន​ដោះ​លែង​”។ លោក​បាន​មាន​ប្រសាសន៍ថា ត្រូវ​ចំណាយ ​ពេល​មួយ​សប្តាហ៍​ ឬពីរ​សប្តាហ៍​ក្នុង​ការ​រៀបចំ សំណុំ​ឯកសារ​ដើម្បី​ធានា​ឲ្យ​មាន​ការ​ដោះ​លែង​​គាត់​។

ពេល​ទាក់​ទង​ពេល​ក្រោយ​មក​ លោក​ ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​បាន​​មាន​ប្រសាសន៍ថា លោក​​មិន​ជឿ​ថា លោក​ ចាន់ សុផុន គឺជា​ឃាតករ​ឡើយ​ ហើយ​លោក​បាន​ស្វាគមន៍​សាលក្រម​នៅ​ថ្ងៃ​នេះ ប៉ុន្តែ នៅ​ពេល​ជាមួ​យ​គ្នានោះ​ដែរ​លោក​បាន​បន្ទោស​តុលាការ​ចំពោះ​ការ​មិន​​ស្វែង​រក​ជន​សង្ស័យ​ផ្សេង​ទៀតពាក់ព័ន្ធ​សំណុំ​រឿង​នេះ។

លោក​បាន​មាន​ប្រសាសន៍ថា “ខ្ញុំ​មិន​ជឿ​ថា លោក​ ចាន់​ សុផុន​ ជា​ឃាត​ករ​ទេ​ ពី​ព្រោះ​ជន​​សង្ស័យ​ផ្សេង​ទៀត​មិន​ដែល​ត្រូវ​គេ​ចាប់​ខ្លួន ​បញ្ជូន​ទៅ​កាន់​តុលា​ការ​ឡើយ​។ ហេតុ​ អ្វី​បាន​​ជាមាន​តែ​​គាត់​ម្នាក់​ប៉ុណ្ណោះ​?។​ខ្ញុំ​ស្វាគមន៍​ការ​​ដោះ​លែង​លោក​ ចាន់​ សុផុន ប៉ុន្តែ តុលាការ​គួរ​ចាប់​ខ្លួន​ជន​សង្ស័យ​ផ្សេង​ទៀត​”។

កា​រសម្លាប់​លោក ហ៊ី វុទ្ធី កាល​ពី​ឆ្នាំ​២០០៧​ ធ្វើតាម​លំអាន​ដូច​គ្នា​នឹង​ការ​សម្លាប់​មន្ត្រី​សហ​ជី​ព​សេរីកម្មករ​ពីរ​រូប​ផ្សេង​ទៀត ​រួម​មាន​លោក ជា​ វិជ្ជា ដែល​ត្រូវ​ជា​បង​ប្រុស​របស់​លោក ជា មុនី កាល​ពីឆ្នាំ​២០០៤​។​ ដូច​ក្នុង​សំណុំ​រឿង​លោក ចាន់​ សុផុន អ៊ីចឹងដែរ​នោះ​ ​​មនុស្ស​​ដែល​ត្រូវ​ផ្តន្ទាទោស​នៅ​ក្នុង​រឿង​ក្តី​នេះ ​ត្រូ​វ​បាន​​ចាត់​ទុក​ថា ជា​មនុស្ស​ដែល​ត្រូវ​គេ​ទម្លាក់​កំហុស ហើយ​ទី​បំផុត​ត្រូវ​បាន​ដោះ​លែង​ដោយ​សារ​​ខ្វះ​ភ័ស្តុតាង​៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស