អំឡុងរយៈពេលពីរទសវត្សរ៍ លោក Pascal Royere គឺជាបុរសដែលគេឧស្សាហ៍ឃើញមុខបំផុតនៅក្នុងឧទ្យានបុរាណអង្គរ។ លោកជាបុរសស្ងៀមស្ងាត់ពោរពេញដោយក្តីអំណត់ដែលតែងតែសម្លឹងមើលថ្មប្រាសាទនីមួយៗហាក់បីដូចជាថ្មទាំងនោះជាពេជ្រដ៏មានតម្លៃមិនអាចកាត់ថ្លៃបានដូច្នោះដែរ។
មិត្តភក្តិនិងសហសេវិកបានពិពណ៌នាអំពីលោក Royere ដែលបានទទួលអនិច្ចកម្មនៅក្នុងប្រទេសបារាំងកាលពីថ្ងៃពុធថា ជាជំនាញការមួយរូបដែលមិនព្រមឲ្យព្យុះភ្លៀងរារាំងលោកពីការស្តារប្រាសាទខ្មែរដែលរូបលោកបានប្តេជ្ញាធ្វើអស់រយៈពេលជិតពីរទសវត្សរ៍នៃជីវិតរបស់លោកឡើយ។ ជាវិស្វករដែលជំនាញខាងស្តារប្រាសាទ លោក Royere មានអាយុ២៨ឆ្នាំ ពេលលោកត្រូវបានបញ្ជូនមកកាន់ប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩៥ដោយវិទ្យាស្ថាន Ecole Francaise d’ Extreme Orient ហៅកាត់ថា EFEO ដែលជាស្ថាប័នរបស់រដ្ឋាភិបាលបារាំងដែលបាននិងកំពុងស្តារប្រាសាទអង្គរអស់រយៈពេលជាងមួយសតវត្សរ៍មកហើយ។ ដូចជាបុរាណវត្ថុវិទូបារាំងនាសម័យដើមនិងសម័យបច្ចុប្បន្នដែរ កម្ពុជាគឺជាប្រទេសដែលលោកស្រឡាញ់បំផុត។
លោក Dominique Soutif ប្រធានការិយាល័យ EFEO នៅក្នុងក្រុងសៀមរាប បានមានប្រសាសន៍ថា “គាត់ស្រឡាញ់ប្រទេសនេះខ្លាំងរកអ្វីប្រៀបផ្ទឹមពុំបានទេ។គាត់ស្រឡាញ់ ប្រជាពលរដ្ឋកម្ពុជា និងបានចងចាំពួកគេទុកក្នុងចិត្តរហូតដល់ថ្ងៃគាត់ទទួលមរណភាព”។ អំឡុងពេលបំពេញការងាររបស់លោកនៅកម្ពុជា លោក Royere បានទទួលភារកិច្ចស្តារប្រាសាទដ៏សំខាន់ ប៉ុន្តែពោរពេញដោយការលំបាក។
ប្រាសាទដំបូងគេគឺប្រាសាទបាពួន ដែលជាប្រាសាទធំបំផុតទី២បន្ទាប់ពីប្រាសាទអង្គរវត្ត ដែលត្រូវបានរុះរើសម្រាប់ការស្តារ ក្នុងទសវត្សរ៍ឆ្នាំ១៩៦០និងដែលត្រូវបានគេទុកចោលអំឡុងសម័យសង្គ្រាមរាប់ទសវត្សរ៍។ នៅពេលលោកចាប់ផ្តើមគម្រោងស្តារប្រាសាទបាពួនឡើងវិញនៅក្នុងឆ្នាំ១៩៩៥ ថ្មប្រាសាទរាប់ពាន់ គឺត្រូវគេឃើញនៅរាយប៉ាយពេញដី ដោយសញ្ញាសម្គាល់ទីតាំងដើមនៃថ្មនីមួយៗបានរលុបបាត់អំឡុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនៃសង្គ្រាមស៊ីវិល នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៧០។ ទីបំផុត លោក Royere បានបញ្ចប់ភារកិច្ចរបស់ខ្លួននៅក្នុងឆ្នាំ២០១១។
លោកទើបតែបានចាប់ផ្តើមស្តារប្រាសាទ មេបុណ្យខាងលិច នៅចំកណ្តាលបារាយណ៍ខាងលិចដែលមានទំហំ១៦.៨០០.០០០ម៉ែត្រក្រឡាមិនទាន់បានប៉ុន្មានផងក៏ត្រូវបានពិនិត្យឃើញជំងឺមហារីកនៅក្នុងខែកញ្ញា។ លោក ហង្ស ពៅ អគ្គនាយករងអាជ្ញាធរអប្សរាដែលជាស្ថាប័នរបស់រដ្ឋាភិបាលកម្ពុជាទទួលបន្ទុកគ្រប់គ្រងឧទ្យានបុរាណអង្គរ និងដែលជាអ្នកគ្រប់គ្រងគម្រោងស្តារប្រាសាទមេបុណ្យខាងលិច ជាមួយលោក Royere បានមានប្រសាសន៍ថា “គាត់យល់ច្បាស់ណាស់ពីវប្បធម៌ខ្មែរ ហើយរូបគាត់គោរពប្រពៃណីទំនៀមទម្លាប់របស់យើងដោយសុទ្ធចិត្ត។ពុំថាមានការអ្វីឡើយ លោក Royere តែងតែពិភាក្សាគ្នា ហើយតែងតែគោរពទស្សនរបស់អ្នកដទៃដោយសុទ្ធចិត្ត”។
បុគ្គលិកនៅការិយាល័យអង្គការយូណេស្កូ (UNESCO) ក្នុងរាជធានីភ្នំពេញ បានផ្ញើសាររំលែកទុក្ខមួយដែលមានខ្លឹមសារថា “យើងពុំមែនបាត់បង់ត្រឹមតែអ្នកស្តារប្រាសាទអង្គរដ៏អស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែ ក៏បានបាត់បង់នូវមិត្តភក្តិដ៏ពិសេសម្នាក់ផងដែរ”។
កាលពីថ្ងៃសុក្រ លោក កិរិយា ចៅស៊ុន អ្នកនាំពាក្យអាជ្ញាធរអប្សរាក៏បានផ្ញើសាររំលែកទុក្ខដែលមានខ្លឹមសារថា “អង្គរបានបាត់បង់ជំនាញការម្នាក់ក្នុងចំណោមជំនាញការដែលមានសមត្ថភាពនិងការប្តេជ្ញាចិត្តបំផុត… ក្នុងនាមបុគ្គល ខ្ញុំសូមបញ្ជាក់បន្ថែមថា ខ្ញុំបានបាត់បង់មិត្តសម្លាញ់ដ៏ល្អម្នាក់”។ ពិធីបុណ្យសពតាមប្រពៃណីសាសនាមួយនឹងត្រូវបានរៀបចំនៅថ្ងៃអាទិត្យវេលាម៉ោង៧ព្រឹកនៅវត្តស្វាយរមៀតដែលស្ថិតនៅខាងជើងអាកាសយានដ្ឋានសៀមរាប នៅឯទំនប់បារាយខាងលិច។
លោក ពៅ បានឲ្យដឹងថា អាជ្ញាធរអប្សរាគឺគ្រោងរៀបចំពិធីបុណ្យសពទី២នៅក្នុងខែនេះទៀត។ លោកបានមានប្រសាសន៍ថា “យើងមិនអាចទុកឲ្យមិត្តភក្តិនិងសហសេវិករបស់យើងលាចាកលោកនេះទៅ ដោយមិនបានធ្វើពិធីកិត្តិយសជូនគាត់ម្តងទៀតទេ”។ ក្នុងឆ្នាំ២០១១ លោក Royere បានទទួលគ្រឿងឥស្សរិយយស Legion d’honneur ដែលជាគ្រឿងឥស្សរិយយសកម្រិតខ្ពស់បំផុតរបស់បារាំងសម្រាប់ស្នាដៃរបស់លោកក្នុងការស្តារប្រាសាទជាមួយ EFEO នៅអង្គរ៕សេរីវុធ