កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសស្ត្រីអាយុ៣៦ឆ្នាំម្នាក់ឲ្យជាប់ពន្ធនាគាររយៈពេលប្រាំឆ្នាំពីបទជួញដូរស្ត្រីខ្មែរបីនាក់ឲ្យទៅផ្ទះបននៅប្រទេសម៉ាឡេស៊ី។
លោក កែវ មុនី ប្រធានអង្គជំនុំជម្រះបានមានប្រសាសន៍ថា “តុលាការផ្តន្ទាទោសជនជាប់ចោទឲ្យជាប់ពន្ធនាគាររយៈពេលប្រាំឆ្នាំពីបទជួញដូរមនុស្ស”។
ជនជាប់ចោទឈ្មោះ សុខ បញ្ញា ត្រូវបានចាប់ខ្លួនកាលពីខែសីហា ឆ្នាំ២០១៣ បន្ទាប់ពីនគរបាលទទួលបានពាក្យបណ្តឹងពីគ្រួសាររបស់ស្ត្រីវ័យក្មេងម្នាក់។
គួរបញ្ជាក់ថា ជនជាប់ចោទឈ្មោះ បញ្ញា បានសន្យាថា នឹងរកការងារឲ្យស្ត្រីវ័យក្មេងរូបនោះធ្វើនៅក្នុងរោងចក្រកាត់ដេរមួយក្នុងប្រទេសម៉ាឡេស៊ី ក៏ប៉ុន្តែ បែរជាយកស្ត្រីរូបនេះទៅលក់នៅផ្ទះបនទៅវិញ។
នៅក្នុងសវនាការកាលពីខែមុន ជនជាប់ចោទឈ្មោះ បញ្ញា បាននិយាយថា ខ្លួនយល់ព្រមធ្វើជាឈ្មួញកណ្តាលឲ្យបុរសម្នាក់ដែលខ្លួនគ្រាន់តែអាចស្គាល់ឈ្មោះថា ម៉ៃ ក៏ប៉ុន្តែ បានអះអាងថា ខ្លួនមិនដឹងថា បុរសរូបនោះចង់លក់ស្ត្រីវ័យក្មេងទាំងបីរូបនោះឲ្យទៅផ្ទះបននៅក្នុងទីក្រុងគូឡាឡាំពួទេ។ ជនរងគ្រោះម្នាក់នៅក្នុងចំណោមជនរងគ្រោះទាំងបីនាក់បានធ្វើសក្ខីកម្មថា ខ្លួនត្រូវបានបង្ខំឲ្យរួមភេទជាមួយអតិថិជនអស់រយៈពេលប្រាំថ្ងៃ មុនពេលខ្លួនព្យាយាមរំដោះខ្លួនចេញពីផ្ទះបននោះ ជាមួយស្ត្រីខ្មែរពីរនាក់ផ្សេងទៀត៕ សុធា