ស្រុកពារាំង និងស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង-មុខរបស់មេដឹកនាំជាន់ខ្ពស់នៅគណបក្សកាន់អំណាចមានច្រើននៅតាមផ្លូវ ទាំងនៅក្នុងរាជធានីភ្នំពេញ និងខេត្តព្រៃវែង។
ស្ទើរតែមួយគីឡូម៉ែត្រមួយៗ គេឃើញមានស្លាកសញ្ញាដែលមានរូបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ហេង សំរិន ប្រធានរដ្ឋសភា និងលោក ជា ស៊ីម ប្រធានព្រឹទ្ធសភា កំពុងសម្លឹងមើលអ្នកធ្វើដំណើរ។
ខេត្តព្រៃវែងជាខេត្តនៅភាគខាងត្បូងប្រទេសដែលគ្របដណ្ដប់ទៅដោយវាលស្រែ គឺជាមូលដ្ឋានដ៏រឹងមាំរបស់គណបក្សកាន់អំណាចជាយូរមកហើយ ដោយមានមេដឹកនាំមកពីគណបក្សប្រជាជនកម្ពុជាជាច្រើនសុទ្ធតែបានចេញមកពីខេត្តនេះ។
ប៉ុន្តែ ឥឡូវនេះ នៅពេលចូលទៅកាន់ខេត្តព្រៃវែងតាមផ្លូវជាតិលេខ៨ ដែលទើបក្រាលកៅស៊ូថ្មី និងមានដាក់រូបថតមេដឹកនាំគណបក្សប្រជាជនកម្ពុជាទាំងបីរូបនោះ មានមុខថ្មីពីរនាក់ដែលគេមិនសូវស្គាល់នៅលើស្លាកសញ្ញាតាមចិញ្ចើមផ្លូវ។
ឈរកាន់ដៃគ្នាលើកឡើងលើនៅពីក្រោមរូបពណ៌ទឹកក្រូចដែលជាតំណាងឲ្យព្រះអាទិត្យរះ គឺលោក កឹម សុខា និងលោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ ហើយស្លាកសញ្ញានេះមានច្រើនដូចស្លាកសញ្ញាទេវតារបស់គណបក្សប្រជាជនកម្ពុជាដែរ។
ភាគច្រើននៃអាសនៈរដ្ឋសភាចំនួន១១នៅក្នុងខេត្តព្រៃវែង ដែលគណបក្សនីមួយៗនឹងត្រូវប្រកួតប្រជែងនោះ ទំនងជានឹងបានទៅលើគណបក្សកាន់អំណាចនៅក្នុងការបោះឆ្នោតជាតិនាថ្ងៃទី២៨ ខែកក្កដា ដោយ [គណបក្សប្រជាជនកម្ពុជាសព្វថ្ងៃមានអាសនៈចំនួនប្រាំបួននៅក្នុងខេត្តនេះ] ប៉ុន្តែការគាំទ្រគណបក្សប្រឆាំងបានកើនឡើង។
លទ្ធផលនៃការបោះឆ្នោតឃុំសង្កាត់កាលពីឆ្នាំមុនបង្ហាញថា គណបក្សប្រជាជនកម្ពុជាបានបាត់បង់តំណែងមេឃុំ-ចៅសង្កាត់ចំនួន១២ទៅលើគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សនៅក្នុងការបោះឆ្នោតឃុំ-សង្កាត់កាលពីឆ្នាំមុន ដែលនេះជាចំនួនបាត់បង់តំណែងមេឃុំ-ចៅសង្កាត់ច្រើនបំផុតនៅក្នុងខេត្តតែមួយនៅទូទាំងប្រទេស។
អ្នកភូមិរស់នៅក្នុងឃុំមួយចំនួន ដែលបោះឆ្នោតឲ្យគណបក្សប្រឆាំងបានលើកឡើងថា ពួកគេលែងជឿលើការសន្យារបស់គណបក្សប្រជាជនកម្ពុជាថា នឹងធ្វើឲ្យមានភាពចម្រុងចម្រើនទៀតហើយ។
អ្នកភូមិបានលើកឡើងថា តម្លៃប្រេង និងជីដែលកំពុងតែកើនឡើងគួបផ្សំនឹងការធ្លាក់ចុះតម្លៃផលិតផលកសិកម្មដែលពួកគេបានប្រមូលផលធ្វើឲ្យជីវិតរបស់ពួកគេមិនសូវជាមានការរីកចម្រើនឡើយ។ ហើយការខ្វះការងារនៅក្នុងតំបន់ទាំងនេះ បានធ្វើឲ្យយុវជនជាច្រើនត្រូវធ្វើចំណាកស្រុកទៅខេត្តផ្សេងៗទៀត ឬក៏ទៅក្រៅប្រទេស ដើម្បីស្វែងរកការងារល្អ និងមានស្ថិរភាព។
អ្នកផ្សេងៗទៀតដែលមានគោលដៅច្បាស់លាស់តិចតួចនៅក្នុងចិត្តរបស់ខ្លួនដូចជាលោក ឆន ម៉ុន អាយុ៥៦ឆ្នាំ រស់នៅក្នុងឃុំរាប ស្រុកពារាំង សុទ្ធតែចង់ឲ្យមានការផ្លាស់ប្ដូរ គឺចង់ឃើញរដ្ឋាភិបាលមួយផ្សេងក្រៅពីគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចជាយូរមកហើយនោះ។
លោក ឆន ម៉ុន បាននិយាយថា “ ខ្ញុំចង់ឲ្យមានការផ្លាស់ប្ដូរ ពីព្រោះជាង៣០ឆ្នាំមកហើយខ្ញុំមិនឃើញមានការផ្លាស់ប្ដូរអ្វីឡើយដូចជាការរស់នៅជាដើម”។
លោកបានបន្តថា “ ខ្ញុំចង់ឲ្យមានការផ្លាស់ប្ដូរមេដឹកនាំ ពីព្រោះគណបក្សកាន់អំណាចគឺគណបក្សប្រជាជនកម្ពុជាឈ្នះរាល់ការបោះឆ្នោតទាំងអស់”។
ដោយមានអ្នកភូមិជាង៨០ភាគរយនៅក្នុងភូមិរាបពឹងផ្អែកទៅលើការធ្វើស្រែ គ្រាន់តែល្មមហូបនោះ ការសន្យារបស់គណបក្សសម រង្ស៊ី មុនការបោះឆ្នោតឃុំ-សង្កាត់កាលពីឆ្នាំមុន ដើម្បីបញ្ចុះតម្លៃប្រេង និងផ្ដល់ប្រាក់១០ដុល្លារក្នុងមួយខែសម្រាប់មនុស្សចាស់ជរាចូលនិវត្តនោះគួរឲ្យចាប់អារម្មណ៍ណាស់ ហើយការសន្យានេះបានបង្ហាញឲ្យឃើញលទ្ធផលនៅក្នុងការបោះឆ្នោតដោយគណបក្ស សម រង្ស៊ី បានទទួលសំឡេងគាំទ្រ៥៥ភាគរយ។
លោក ឆន ម៉ុន ជាជាងកាត់សក់នៅ តាមផ្លូវជាតិលេខ៨ដោយទទួលបានប្រាក់កម្រៃបន្ថែម១០.០០០រៀលក្នុងមួយថ្ងៃ បានពន្យល់ថា “ ប្រជាពលរដ្ឋចូលចិត្តគោលនយោបាយរបស់លោក សម រង្ស៊ី”។
យោងតាមលោក ឆន ម៉ុន បានឲ្យដឹងថា គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សមួយបង្កើតឡើងដោយការរួមបញ្ចូលគ្នារវាងគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា នឹងបញ្ចុះតម្លៃប្រេង និងតម្លៃជី។ពួកគេក៏បានសន្យាជាមួយអ្នកភូមិផងដែរថា នៅពេលខ្លួនឡើងកាន់អំណាច នឹងឧបត្ថម្ភប្រាក់ចំនួន១០ដុល្លារក្នុងមួយខែសម្រាប់ប្រជាពលរដ្ឋណាដែលមានអាយុលើសពី៦០ឆ្នាំ។
លោក ឆន ម៉ុន ក៏បានលើកឡើងដែរថា លោកធុញទ្រាន់នឹងការសន្យារបស់រដ្ឋាភិបាលមុនការបោះឆ្នោតណាស់ ពីព្រោះរដ្ឋាភិបាលតែងតែបំភ្លេចការសន្យារបស់ខ្លួនភ្លាមៗបន្ទាប់ពីការបោះឆ្នោតបានបញ្ចប់។
លោកបានលើកឡើងថា “ ពួកគេចាប់ផ្ដើមអភិវឌ្ឍភូមិឃុំយឺតៗមុនពេលបោះឆ្នោត ប៉ុន្តែបន្ទាប់ពីបោះឆ្នោតរួច ពួកគេបានឈប់ធ្វើអ្វីៗទាំងអស់ ពួកគេស្ថាបនាផ្លូវលំមុនការបោះឆ្នោត ហើយបន្ទាប់ពីការបោះឆ្នោតរួចពួកគេមិនដែលបានបញ្ចប់ការស្ថាបនារបស់ខ្លួនឡើយ”។
ចម្ងាយប្រមាណ២០គីឡូម៉ែត្រពីឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្ដាល ដែលអ្នកភូមិ៨០ភាគរយគឺជាអ្នកត្បាញសូត្រ មានរឿងស្រដៀងគ្នានេះ ប៉ុន្តែការគោរពលោក កឹម សុខា មានច្រើនជាងលោក សម រង្ស៊ី។
លោក ឃឹម ហម ប្រសាសន៍ថា “ មនុស្ស ដូចលោក កឹម សុខា គឺប្រសើរជាងលោក សម រង្ស៊ី ពីព្រោះនៅពេលមានបញ្ហាអ្វីមួយកើតឡើងចំពោះលោក សម រង្ស៊ី លោកបាន និរទេសខ្លួនឯងទៅរស់នៅប្រទេសផ្សេង” ។គាត់បានបន្ថែមថា ការយល់ឃើញរបស់អ្នកភូមិចំពោះលោក កឹម សុខា គឺថា លោកចូលពាក់ព័ន្ធជាមួយនយោបាយច្រើនជាង។
យោងតាមលោកមេឃុំ ជឹម គឹមហានបានឲ្យដឹងថា គណបក្សសិទ្ធិមនុស្សទទួលបានសំឡេងឆ្នោតជិត៥០ភាគរយនៅក្នុងឃុំចង្ក្រានអំឡុងការបោះឆ្នោតឃុំ-សង្កាត់កាលពីឆ្នាំមុនបើប្រៀបធៀបទៅនឹងគណបក្សប្រជាជនកម្ពុជាដែលទទួលបានសំឡេងឆ្នោតត្រឹមតែ៣៤ភាគរយប៉ុណ្ណោះ។ លោកបានបន្ថែមថា រីឯសំឡេងឆ្នោតដែលនៅសល់គឺបានទៅលើលោក សម រង្ស៊ី។
លោក គឹមហាន បានចាត់ទុកថា ជ័យជម្នះរបស់គណបក្សសិទ្ធិមនុស្សគឺដោយសារតែគណបក្សនេះគិតអំពីកង្វល់របស់សហគមន៍ត្បាញសូត្រ។
ការត្បាញសូត្រធ្លាប់ផ្ដល់ការងារនៅក្នុងឃុំនេះប្រហែល៨០ភាគរយ ប៉ុន្តែដោយសារតែមានការកើនឡើងនៃតម្លៃសរសៃសូត និងការធ្លាក់ចុះនៃសម្លៀកបំពាក់សូត្រកម្ពុជាត្បាញដោយដៃ លោក គឹមហាន បានលើកឡើងថា អ្នកភូមិជាច្រើនបានសម្រេច
បោះបង់ចោលមុខរបរប្រពៃណីរបស់ខ្លួន និងចាកចេញពីខេត្តរបស់ខ្លួន ដើម្បីស្វែងរកការងារផ្សេង។
អ្នកស្រី កែក យឹម អាយុ៥៥ឆ្នាំ អ្នកត្បាញសូត្រម្នាក់ដែលរស់នៅក្នុងឃុំនេះពេញមួយជីវិតរបស់អ្នកស្រី បាននិយាយថា សរសៃសូត្រនាំចូលពីប្រទេសវៀតណាម ដែលធ្លាប់មានតម្លៃ៧០ដុល្លារក្នុងមួយគីឡូក្រាមឥឡូវនេះបានកើនឡើងដល់១០០ដុល្លារក្នុងមួយគីឡូក្រាម។ លើសពីនេះទៀតសម្លៀកបំពាក់សូត្រដែលត្បាញដោយដៃក្នុងមួយដុំដែលមានបួនម៉ែត្រនៅលើទីផ្សារឥឡូវនេះបានធ្លាក់ចុះពី៥០ដុល្លារមកត្រឹម៣០ដុល្លារក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។
សម្លៀកបំពាក់សូត្រដែលត្បាញដោយម៉ាស៊ីន និងមានតម្លៃថោកដែលនាំចូលពីប្រទេសចិន និងប្រទេសវៀតណាមបានធ្វើឲ្យប៉ះពាល់ដល់សម្លៀកបំពាក់សូត្រត្បាញដោយដៃដែលធ្លាប់ជាមោទនភាពរបស់ខ្មែរ។
អ្នកស្រី កែក យឹម បាននិយាយថា “ អ្វីៗកាន់តែលំបាកទៅៗ ហេតុដូច្នេះយុវជនភាគច្រើនបានទៅធ្វើការនៅប្រទេសថៃ។ មានតែមនុស្សចាស់ៗប៉ុណ្ណោះដែលនៅសេសសល់នៅទីនេះ នៅតែត្បាញសូត្រ”។ អ្នកស្រីបានបន្ដថា អ្នកស្រីមានកូនពីរនាក់កំពុងធ្វើការនៅក្នុងផ្នែកដឹកជញ្ជូនក្នុងប្រទេសថៃ។
អ្នកស្រីបានលើកឡើងថា “ យើងជឿជាក់ថា គណបក្សសិទ្ធិមនុស្សនឹងជួយយើងធ្វើឲ្យតម្លៃសូត្រខ្មែរឡើងថ្លៃម្ដងទៀត”។ អ្នកស្រីបានបន្ថែមដោយមិនហ៊ាននិយាយអ្វីច្រើនថា ចាប់តាំងពីការបោះឆ្នោតឃុំ-សង្កាត់មកអ្នកត្បាញសូត្រក៏ទទួលរងសម្ពាធនយោបាយដែរ ហើយឥឡូវនេះកំពុងស្ថិតក្នុងភាពភ័យខ្លាច ។អ្នកស្រី កែក យឹម បាននិយាយតិចៗដោយបដិសេធមិនរៀបរាប់ច្រើនថា “ មនុស្សមកពីគណបក្សប្រជាជនកម្ពុជាបាននិយាយថា ខ្ញុំឥឡូវនេះបានចូលបក្សប្រឆាំងហើយ។ យើងមានការភ័យខ្លាចចំពោះសន្ដិសុខរបស់យើង ពីព្រោះយើងបានបោះឆ្នោតឲ្យគណបក្សប្រឆាំង”។
នៅផ្សារមួយក្នុងមូលដ្ឋាន លោក ឈួន ឆេង អាយុ៦១ឆ្នាំ អ្នកលក់ដូរសម្ភារប្រើប្រាស់ក្នុងផ្ទះ បាននិយាយថា ឃុំរបស់លោកមានការរីកចម្រើនខ្លាំងជាងបីទសវត្សរ៍មកនេះ។ ផ្លូវលំឥឡូវនេះបានតភ្ជាប់ឃុំដាច់ស្រយាលរបស់លោកទៅផ្លូវជាតិលេខ៨ដែលអាចធ្វើឲ្យអ្នកភូមិធ្វើដំណើរទៅរាជធានីភ្នំពេញដោយផ្ទាល់ហើយមានសាលាចំនួនបីបានបើកនៅទីនេះ។
ប៉ុន្តែ ការអភិវឌ្ឍនេះវាគ្មានន័យអ្វីទេ ប្រសិនបើគ្មានការងារធ្វើ ហើយគ្មានយុវជន ហើយឃុំនេះឥឡូវគឺជាទីក្រុងខ្មោចបើប្រៀបធៀបទៅនឹងកាលពីពេលមុននោះ។
លោក ឈួន ឆេង បាននិយាយថា “ ខ្ញុំបានកត់សម្គាល់ថា អតិថិជនចាស់ៗទាំងអស់របស់ខ្ញុំលែងមានទៀតហើយ ព្រោះពួកគេបានចាកចេញពីស្រុកភូមិដើម្បីស្វែងរកការងារធ្វើនៅកន្លែងផ្សេងទៀត។ ការរកស៊ីរបស់ខ្ញុំឥឡូវនេះជួបការលំបាកខ្លាំងណាស់”។គាត់បានពន្យល់ថា កាលពីពេលមុន គាត់បានរកលុយចូលផ្ទះប្រហែល២លានរៀលក្នុងមួយខែ ប៉ុន្តែឥឡូវនេះបានធ្លាក់ចុះក្រោម២០០ដុល្លារទៅទៀត។
ថ្វីបើឃុំរបស់លោកគាំទ្រគណបក្សសង្គ្រោះជាតិខ្លាំងក្ដី លោក ឈួន ឆេង នៅតែមានការសង្ស័យថា ខេត្តរបស់លោកក៏ដូចជាខេត្តនានាដែរនៅទូទាំងប្រទេស នឹងមិនមានការផ្លាស់ប្ដូរមេដឹកនាំឡើយ។
គាត់បានមានប្រសាសន៍ថា “ ខ្ញុំមិនដឹងថា តើអាចមាននរណាម្នាក់ដណ្ដើមកៅអីលោក ហ៊ុន សែន បានដែរឬអត់នោះទេ ។ គណបក្សប្រឆាំងមានគោលនយោបាយល្អ ប៉ុន្តែពេលនេះពួកគេគ្មានអំណាចនៅក្នុងដៃ ដូច្នេះពេលនេះខ្ញុំមិនដឹងថា តើពួកគេអាចធ្វើឲ្យមានការផ្លាស់ប្ដូរដែរឬអត់នោះទេ”។
គួរកត់សម្គាល់ថា គ្រាន់តែប៉ុន្មានសប្ដាហ៍មុនការបោះឆ្នោតប៉ុណ្ណោះ គណបក្សសង្គ្រោះជាតិបានប្រឈមនឹងបញ្ហាជាច្រើន ពោលគឺ ទី១ មានការចាក់ផ្សាយខ្សែអាត់សំឡេងដែលក្នុងនោះលោក កឹម សុខា បានលើកឡើងថា គុកទួលស្លែងក្នុងរបបខ្មែរក្រហម ដែលមានកេរ្តិ៍ឈ្មោះដ៏អសោចនោះ ត្រូវបានរៀបចំឡើងដោយវៀតណាម បន្ទាប់មកទៀតមានការលេចឡើងនូវរឿងអាស្រូវពាក់ព័ន្ធនឹងប្រពន្ធចុងជាយូរមកហើយរបស់លោក កឹម សុខា ដែលបានប្ដឹងទាមទារប្រាក់សំណងពីគាត់។ ហើយ លោក ហ៊ុន សែន ក៏បានចោទប្រកាន់ ជាសាធារណៈផងដែរថា លោក កឹម សុខា បានទិញព្រហ្មចារីយ៍ក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ ហើយលោកថែមទាំងអះអាងថា លោកដឹងថា ខ្លួនឯងបានរំលោភច្បាប់ដោយបានជួយមេដឹកនាំគណបក្សប្រឆាំងរូបនេះឲ្យរួចផុតពីការចាប់ខ្លួន។
បន្ថែមលើការរិះគន់ពីមុនៗមកគណបក្សប្រឆាំងបានចោទថា ស្ថាប័នរដ្ឋ និងគណបក្សកាន់អំណាចពេលនេះគឺជាស្ថាប័នតែមួយ។ ចំណែកនគរបាល និងមន្ត្រីតុលាការបានបដិសេធមិននិយាយអំពីការសារភាពរបស់លោកនាយករដ្ឋមន្ត្រីទេ។
នៅក្នុងខេត្តព្រៃវែង អ្នកបោះឆ្នោតយល់ឃើញថា បញ្ហាទាំងនេះអាស្រ័យលើមនុស្សនៅក្នុងគណបក្ស។ប្រជាពលរដ្ឋដែលគាំទ្រគណបក្សសង្គ្រោះជាតិ ជឿជាក់ថា ខ្សែអាត់សំឡេងនោះត្រូវបានគេកាត់ត។ ចំណែកឯអ្នកស្មោះស្ម័គ្រនឹងគណបក្សប្រជាជនកម្ពុជាវិញបានខឹងយ៉ាងខ្លាំង ចំពោះខ្សែអាត់សំឡេងអំពីគុកទួលស្លែងនេះ។
អ្នកស្រី សុង សុភ័ណ្ឌ អាយុ៤០ឆ្នាំ ម្ចាស់ភោជនីយដ្ឋានតូចមួយនៅក្នុងឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង បានមានប្រសាសន៍ថា “ ខ្ញុំស្រក់ទឹកភ្នែកពេលខ្ញុំបានឮលោក កឹម សុខា និយាយថា គុកទួលស្លែង គឺជាគុកក្លែងក្លាយ។ សម្ដីនោះគឺអាក្រក់ណាស់”។ អ្នកស្រីបានបន្ថែមថា អ្នកស្រីជឿជាក់ថា អ្នកបោះឆ្នោតជាច្រើននឹងប្ដូរគំនិតតាមរយៈពាក្យសម្ដីរបស់គាត់។ ក្នុងនាមជាអ្នកគាំទ្រគណបក្សប្រជាជនដ៏រឹងមាំម្នាក់ អ្នកស្រី សុភ័ណ្ឌ បានលើកសុភាសិតមួយមកបកស្រាយអំពីសារៈសំខាន់នៃប្រទេសកម្ពុជា ដែលអាចរក្សាបានក្នុងដៃរបស់គណបក្សកាន់អំណាច។
អ្នកស្រីបានមានប្រសាសន៍ថា “ ខ្ញុំគាំទ្រគណបក្សប្រជាជនកម្ពុជា ពីព្រោះឪពុកម្ដាយរបស់ខ្ញុំបានប្រាប់ខ្ញុំថា គណបក្សនេះបានផ្ដល់ជីវិតទី២ដល់យើង។ ជ្រកក្រោមម្លប់ដើមឈើណា ថែរក្សាដើមឈើនោះ ប៉ុន្តែអ្នកណាជាអ្នកដាំដើមឈើនោះ?”។
ការឈ្នះឆ្នោតរបស់គណបក្សសិទ្ធិមនុស្ស នៅក្នុងឃុំព្រៃដើមថ្នឹង គឺមានតិចតួចណាស់ ដោយឈ្នះគណបក្សប្រជាជនកម្ពុជាត្រឹមតែ២២សម្លេងប៉ុណ្ណោះ។ នេះបង្កឲ្យមានសង្គ្រាមទឹកដី ដោយមានផ្ទះជាច្រើនបានបិទស្លាកពណ៌លឿងខៀវយ៉ាងច្បាស់គាំទ្រគណបក្សប្រជាជនកម្ពុជា។
លោក យ៉ែន យាន អាយុ៧៣ឆ្នាំ ដែលផ្ទះរបស់លោកពុំមានបិទស្លាកនឹងគេនោះបានមានប្រសាសន៍ថា ការផ្លាស់ប្ដូរចិត្តរបស់ប្រជាពលរដ្ឋក្នុងតំបន់នេះ ដែលកាលពីមុនបោះឆ្នោតឲ្យតែគណបក្សប្រជាជនកម្ពុជានោះ គឺដោយសារតែមានអ្នកឃោសនាពីរបីនាក់ចុះមកឃុំរបស់លោកមុនពេលការបោះឆ្នោតឃុំ-សង្កាត់កាលពីឆ្នាំមុន។លោកបានមានប្រសាសន៍ថា ដោយសារតែពេលនោះតម្លៃជី និងប្រេងសាំងកើនឡើងខ្លាំងពេក ការសន្យារបស់គណបក្សសិទ្ធិមនុស្ស ថានឹងដំឡើងតម្លៃស្រូវគឺជាការទាក់ទាញ ប៉ុន្ដែពេលនេះមិនដល់មួយឆ្នាំផង តម្លៃស្រូវបានធ្លាក់ចុះពី១.០០០រៀលក្នុងមួយគីឡូមកត្រឹម៨០០រយរៀលក្នុងមួយគីឡូ។
លោកមានប្រសាសន៍ថា“ ប្រេងសាំងពេលនេះមានតម្លៃជាង៥.០០០រៀល ហើយបានកើនឡើងលើសពីឆ្នាំមុនទៅទៀត”។លោកបន្ថែមថា រូបលោកក៏ដូចប្រជាពលរដ្ឋភាគច្រើននៅក្នុងឃុំរបស់លោកដែរបានរក្សាគោលជំហរនយោបាយរបស់ខ្លួន “ សម្ងាត់បំផុត”។
លោកបានបន្តថា “ មុនការបោះឆ្នោតកាលពីឆ្នាំមុនអ្នកឃោសនាគណបក្សប្រជាជនជាច្រើននាក់បានចុះមកទីនេះ ចំណែកឯអ្នកឃោសនាគណបក្សសិទ្ធិមនុស្សមានតែពីរបីនាក់ប៉ុណ្ណោះ។ ទោះជាយ៉ាងណាគណបក្សសិទ្ធិមនុស្ស នៅតែឈ្នះឆ្នោត។ ដូច្នេះយើងដឹងថា នៅក្នុងចិត្តរបស់ប្រជាពលរដ្ឋគឺអ្វីហើយ ទោះបីជាគេមិននិយាយក៏ដោយ។
ឃុំនេះក៏ប្រឈមនឹងចំណាកស្រុកដូចឃុំព្រែកចង្ក្រាន ដែលផលិតសូត្រនៅក្បែរនេះដែរ។ កាលពីឆ្នាំមុន ដោយមានប្រជាពលរដ្ឋជាង៨០០នាក់ ចាកចេញពីឃុំព្រៃដើមថ្នឹងទៅរកការងារធ្វើ ទាំងនៅក្នុងស្រុក និងនៅក្រៅប្រទេសនោះ លោក ស្វាយ សែន មេឃុំខាងលើនេះបានសន្មតថា ចំនួនអ្នកភូមិដែលបានចាកចេញពីឃុំនេះ បានកើនឡើងប្រហែល៦០ភាគរយក្នុងមួយឆ្នាំៗ។
អ្នកស្រី ម៉ាន់ មិន អាយុ៥៩ឆ្នាំ បានរៀបរាប់យ៉ាងក្រៀមក្រំអំពីកូនទាំងប្រាំនាក់របស់គាត់ដែលបានចាកចេញទៅប្រទេសថៃ និងទៅភ្នំពេញ ដោយចង្អុលទៅរូបថតរបស់ពួកគេដែលព្យួរនៅក្នុងផ្ទះឈើរបស់គាត់ ដើម្បីលម្អផ្ទះដែលគាត់នៅជាមួយនឹងប្ដី ដោយមានគោញីពីរក្បាល និងមាន់ពីរបីដើរចុះឡើង។
អ្នកស្រីបានមានប្រសាសន៍ថា “ កូនប្រុសច្បងរបស់ខ្ញុំចេញទៅធ្វើការជាកម្មករនៅក្នុងប្រទេសថៃបីឆ្នាំកន្លងទៅ ហើយប្អូនប្រុសរបស់វាក៏បានទៅទីនោះដែរបន្ទាប់ពីចូលឆ្នាំខ្មែរឆ្នាំនេះ”។ អ្នកស្រីបានបន្ថែមថា កូនស្រីរបស់អ្នកស្រីទាំងអស់បានទៅធ្វើការនៅក្នុងរោងចក្រនៅភ្នំពេញ។
អ្នកស្រីបានបន្ថែមថា ដីស្រែនៅក្នុងខេត្តព្រៃវែង មិនអាចទ្រទ្រង់ជីវិតហួសពីតម្រូវការមូលដ្ឋានបានទេ។ អ្នកស្រីបានបន្តថា “ ដីស្រែនៅទីនេះគ្រាន់តែអាចផ្គត់ផ្គង់គ្រួសារប៉ុណ្ណោះ មិនអាចឲ្យសល់លុយបានទេ”។
ទោះបីជាជីវភាពលំបាកក៏ដោយ ក៏ប្ដីរបស់អ្នកស្រីឈ្មោះ ភន ភឿន បានថ្លែងថា ពួកគាត់តែងតែគាំទ្រគណបក្សកាន់អំណាច ព្រោះគណបក្សនេះជាអ្នកបណ្ដេញរបបខ្មែរក្រហម កាលពីថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។ ថ្ងៃនោះបានផ្ដល់ជីវិតថ្មីឲ្យគាត់ ដែលកាលពីមុននោះ របប ប៉ុល ពត បានបង្ខំគាត់ឲ្យជីកប្រឡាយ ទាំងបង្អត់អាហារទៀតផង។
គាត់បានបន្តថា “ នៅពេលដែលខ្ញុំគិតដល់ថ្ងៃនោះ ខ្ញុំមានអារម្មណ៍ដូចជាត្រូវបានសង្គ្រោះពីសេចក្ដីស្លាប់អ៊ីចឹង។ ខ្ញុំគិតថា ខ្ញុំមិនអាចរស់រានមានជីវិតបានទេ ប្រសិនបើគ្មានសម្ដេច ហ៊ុន សែន សម្ដេច ហេង សំរិន និង សម្ដេច ជា ស៊ីម នោះ”៕
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង