នគរបាលបានឲ្យដឹងកាលពីម្សិលមិញថា ប្តីប្រពន្ធពីរនាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារក្នុងខេត្តក្រចេះ ដោយជាប់សង្ស័យពីបទសម្លាប់ក្មួយប្រុសរបស់ខ្លួន ដើម្បីគេចវេះមិនសងបំណុលប្រហែល៥០.០០០ រៀល។
ជនរងគ្រោះឈ្មោះ ហ៊ាប យឿន អាយុ៣៧ឆ្នាំ គឺជាកម្មករជីករ៉ែមាសខ្នាតតូចម្នាក់ដែលបានឲ្យប្រាក់ម្តាយមីង និងឪពុកមារបស់ខ្លួនខ្ចីចំនួន៥០.០០០រៀល ប៉ុន្តែ គាត់បានទាមទារឲ្យពួកគាត់ទាំងពីរនាក់សងប្រាក់ខ្លួនវិញ។
យោងតាមលោកមេឃុំ ឈិត ណន បានឲ្យដឹងថា កាលពីល្ងាចថ្ងៃច័ន្ទ ជនរងគ្រោះ ហ៊ាប យឿន បានទៅផ្ទះរបស់ពួកគាត់ដែល ស្ថិតក្នុងភូមិកំពង់ចាម ស្រុកសំបូរ ដើម្បីទារប្រាក់ម្តងទៀត ហើយនៅពេលពួកគាត់មិនព្រមសង គាត់បានសម្រេចចិត្តដេកនៅទី នោះ មួយយប់ដោយដេកក្នុងអង្រឹងក្រោមផ្ទះ។
នៅពេលដែលជនរងគ្រោះដេកលក់ ឪពុកមាឈ្មោះ មាស រ៉ូម អាយុ៦៤ឆ្នាំ និងម្តាយមីងឈ្មោះ ទិត្យ គុន អាយុ៥០ឆ្នាំ បានលបចុះមកខាងក្រោមសម្លាប់គាត់តែម្តង។
លោក ឈិត ណន បានមានប្រសាសន៍ថា ដំបូង មាស រ៉ុម បានកាប់ក្មួយប្រុសរបស់ខ្លួនមួយពូថៅរហូតដល់សន្លប់ ហើយបន្ទាប់មកម្តាយមីងឈ្មោះ ទិត្យ គុន បានវាយជនរង គ្រោះ មួយដំបងថែមទៀតរហូតដល់ស្លាប់តែម្តង។
លោក ឈិត ណន បានមានប្រសាសន៍ថា “ពួកគេបានសម្លាប់ជនរងគ្រោះពីព្រោះពួកគេខឹងជនរងគ្រោះតែងតែមកទារលុយដែលពួកគេជំពាក់ចំនួន៥០.០០០រៀលនោះ”។
នៅពេលស្ត្រីជាម្តាយមីង និងបុរសជាឪពុកមាដឹងថា ពួកគេបានសម្លាប់ ហ៊ាប យឿន ហើយនោះ ពួកគេមានការភ័យខ្លាច ហើយបានពឹងអ្នកជិតខាងម្នាក់ឲ្យជួយយកសាកសពទៅកប់ក្នុងព្រៃ។
លោក ឈិន សំបូរ អធិការរងនគរបាលស្រុកសំបូរ បានមានប្រសាសន៍ថា ក្រោយមក បុរសឈ្មោះ ស ជ្រុយ បានរាយការណ៍ប្រាប់នគរបាលមូលដ្ឋានដែលបានមកចាប់ខ្លួនប្តីប្រពន្ធនេះ។ លោក សំបូរ បានមានប្រសាសន៍ថា “ក្រោយពីបានទទួលព័ត៌មាននេះយើងបានចុះទៅចាប់ខ្លួនជនសង្ស័យទាំងពីរនាក់ ហើយបានហៅលោក ស ជ្រុយ ឲ្យជួយស្វែងរកសាកសពជនរងគ្រោះ”។
លោកបានបន្ថែមថា “យើងបានគាស់ផ្នូរ ហើយបានឃើញថា ជនរងគ្រោះត្រូវបានជនដៃដល់កាប់ពីរពូថៅ និងវាយមួយដំបងត្រង់ក្បាល”។ នគរបាលកំពុងឃុំខ្លួនជនសង្ស័យទាំងពីរនាក់នេះនៅស្នងការដ្ឋាននគរបាលខេត្តដើម្បីធ្វើការសាកសួរ៕សារុន