តំណាងក្នុងស្រុកម្នាក់របស់ព្រះវិហារ Citipointe ដែលមានមូលដ្ឋាននៅក្នុងក្រុងប្រ៊ីសបិន បានបញ្ជាក់កាលពីម្សិលមិញថា ព្រះវិហារ Citipointe បានស្ថិតនៅពីក្រោយពាក្យបណ្តឹងដែលប្តឹងផលិតករភាពយន្តជនជាតិអូស្ត្រាលីម្នាក់ពីបទចោទប្រកាន់ថា បានរារាំងការខិតខំប្រឹងប្រែងរបស់ព្រះវិហារនៅក្នុងការជួយសង្គ្រោះស្រីពេស្យា ឬក៏ស្រ្តីរងគ្រោះដែលអាចនឹងធ្លាក់ខ្្លួនធ្វើជាស្រីពេស្យា។
លោក ជេម រិកកេតសុន (James Ricketson) អាយុ៦៤ឆ្នាំត្រូវបានតុលាការកោះហៅកាលពីថ្ងៃសុក្រ ពីបទរារាំងការងាររបស់អង្គការដែលមិនបញ្ចេញឈ្មោះមួយ ដោយយោងតាមច្បាប់ប្រឆាំងការជួញដូរមនុស្សនៅប្រទេសកម្ពុជា ហើយលោកត្រូវបានគេកោះហៅឲ្យមកកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី៧ ខែមីនា ដើម្បីសាកសួរ។
លោកស្រី ចាន់ សុភា ក្រឡាបញ្ជីរបស់ចៅក្រមស៊ើបសួរ ពូ ពៅស៊ុន បានបដិសេធមិនបញ្ជាក់អត្តសញ្ញាណរបស់ដើមចោទឡើយកាលពីម្សិលមិញ។ លោកស្រី ចាន់ សុភា និងលោកចៅក្រមស៊ើបសួរ ពៅស៊ុន សុទ្ធតែបានលើកឡើងថា ពួកគាត់មិនអាចចងចាំពីអត្តសញ្ញាណរបស់ដើមចោទដែលប្តឹងលោក រិកកេតសុន ឡើយ។
តែទោះជាយ៉ាងណា អ្នកស្រី ប៊ុន សៅរ៉ា បុគ្គលិករបស់ព្រះវិហារ Citipointe ប្រចាំប្រទេសកម្ពុជា ជាទីដែលព្រះវិហារបានបង្កើតកន្លែងស្នាក់នៅសម្រាប់ស្ត្រីរងគ្រោះបានបញ្ជាក់ថា អង្គការរបស់អ្នកស្រីគឺស្ថិតនៅពីក្រោយពាក្យបណ្តឹងនេះ។
អ្នកស្រីបាននិយាយថា “ ខ្ញុំដឹងថា ព្រះវិហារ Citipointe គឺជាដើមបណ្តឹងនៅក្នុងសំណុំរឿងនេះ ដែលបានប្តឹងលោក ជេម រិកកេតសុន”។
អ្នកស្រី សៅរ៉ា បានបង្វែសំណួរបន្ថែមទៅលោក ឡាសី ហ្គារ៉ាត (Lacey Garratt) នាយកស្តីទីប្រចាំប្រទេសរបស់ព្រះវិហារCitipointe ដែលមិនអាចទាក់ទងបាន។ បុគ្គលិករបស់ព្រះវិហារ Citipointe ដែលស្ថិតនៅក្នុងទីក្រុងប្រ៊ីសបិនមិនបានឆ្លើយតបនឹងសំណើសុំការធ្វើអត្ថាធិប្បាយឡើយចាប់តំាងពីថ្ងៃអាទិត្យមក។
ជម្លោះរវាងព្រះវិហារ Citipointe និងលោក រិកកេតសុន បានកើតឡើងតាំងពីឆ្នាំ២០០៩មកម្លេ៉ះ នៅពេលផលិតករភាពយន្តរូបនេះបានខិតខំជួយប្តីប្រពន្ធកម្ពុជានៅក្នុងការទាមទារយកកូនស្រីចំនួនពីរនាក់របស់ពួកគាត់ដែលត្រូវបានគេយកឲ្យទៅស្នាក់នៅក្នុងព្រះវិហារ Citipointe អំឡុងពួកគេស្ថិតក្នុងសភាពក្រីក្របំផុតមកវិញ។
លោក រិកកេតសុន ឲ្យដឹងថា លោកបានចងក្រងឯកសារទាក់ទិននឹងជីវិតរបស់ម្តាយក្មេងស្រីរងគ្រោះតាំងពីគាត់នៅក្រីក្រមកម្លេ៉ះ ហើយបានចោទប្រកាន់ព្រះវិហារ Citipointe ថា បានរក្សាកូនទុកកូនស្រីរបស់គាត់ដោយខុសច្បាប់។
អ្នកស្រី ចាប ចាន់ទី ម្តាយរបស់ក្មេងស្រីទាំងពីរនាក់ដែលម្នាក់មានអាយុ១១ឆ្នាំ និងអាយុ១២ឆ្នាំបានបញ្ជាក់ថា គាត់បានព្យាយាមយកកូនស្រីរបស់គាត់ពីព្រះវិហារ Citipointe មកវិញអស់រយៈពេលប្រាំឆ្នាំហើយ ប៉ុន្តែ គ្មានបានផលនោះទេ។ អ្នកស្រី ចាន់ទី ក៏បាននិយាយដែរថា ព្រះវិហារ Citipointe ក៏បានរារាំងអ្នកស្រីមិនឲ្យទៅសួរសុខទុក្ខកូនរបស់អ្នកស្រីផងដែរ។
អ្នកស្រីបានសួរកាលពីម្សិលមិញថា “ ពួកគេបានបដិសេធមិនព្រមបញ្ជូនកូនៗរបស់ខ្ញុំត្រឡប់មកផ្ទះវិញទេ ហើយខ្ញុំគឺជាម្តាយរបស់ពួកគេ។ ហេតុអ្វីបានជាពួកគេមិនអនុញ្ញាតឲ្យខ្ញុំយកកូនត្រឡប់មកវិញ?”។
អ្នកស្រី ចាន់ទី បានឲ្យដឹងថា លោក រិកកេតសុន បានជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុដល់គ្រួសាររបស់អ្នកស្រីចាប់តាំងពីអ្នកស្រីនៅក្មេងម្លេ៉ះ ហើយអ្នកស្រីបានរិះគន់ព្រះវិហារ Citipointe ពីបទប្តឹងលោក រិកកេតសុន ដែលបានជួយអ្នកស្រីក្នុងការទាមទារកូនរបស់អ្នកស្រីមកវិញនោះ។
លោក ប៊ុន ចក ប្តីរបស់អ្នកស្រី ចានីទី បានឲ្យដឹងថា ពួកគាត់បានទៅដល់ព្រះវិហារ Citi-pointe និងនគរបាលប្រឆាំងការជួញដូរមនុស្សដែលស្ថិតនៅក្រសួងមហាផ្ទៃ ដើម្បីព្យាយាមយកកូនស្រីរបស់ពួកគាត់មកវិញ ប៉ុន្តែ នៅតែគ្មានបានផល។ លោក ចក បានឲ្យដឹងទៀតថា ពួកគាត់ជាចុងក្រោយបានទៅរកមេធាវីម្នាក់ឲ្យមកជួយពួកគាត់ដើម្បីដាក់ពាក្យប្តឹងព្រះវិហារ Citipointe ប៉ុន្មានខែកន្លងមកហើយ។ លោក ចក បាននិយាយថា គ្រួសាររបស់លោកក៏ទទួលបានជំនួយពីអង្គការសិទ្ធិមនុស្សក្នុងស្រុកលីកាដូដែរ។
លោកស្រី ណាលី ពីឡូក នាយិកាអង្គការលីកាដូ បានឲ្យដឹងថា អង្គការរបស់លោកសី្របានផ្តល់យោបល់ផ្នែកច្បាប់ជាមូលដ្ឋានមួយចំនួនដល់គ្រួសាររបស់លោក ចក ប៉ុន្តែ អង្គការរបស់លោកស្រីមិនបានជួយពួកគាត់ក្នុងការដាក់ពាក្យបណ្តឹងឡើយ។ លោកស្រី ពីឡូក បានលើកឡើងថា ស្ថានភាពហិរញ្ញវត្ថុរបស់គ្រួសារលោក ចក ដែលប្រហែលជាកត្តាធ្វើឲ្យព្រះវិហារ Citipointe ស្ទាក់ស្ទើរក្នុងការប្រគល់កូនៗរបស់ពួកគាត់ទៅវិញនោះ ចាប់តាំងពីពេលនោះមកបានប្រសើរឡើងហើយ ហេតុដូច្នេះ ម្តាយរបស់ក្មេងស្រីទាំងពីរក៏មានសិទ្ធិខ្លះដែរ។
ទោះជាយ៉ាងណា ព្រះវិហារ Citipointe បានបដិសេធមិនធ្វើអត្ថាធិប្បាយស្តីពីការចោទប្រកាន់ថ្មីដែលដាក់បន្ទុកលើលោក រិកកេតសុន ក៏ដោយ ក៏ខ្លួននៅតែការពារជំហររបស់ខ្លួននៅក្នុងសំណុំរឿងទាក់ទិននឹងក្មេងស្រីទាំងពីរ។
នៅក្នុងអីុម៉េលមួយផ្ញើមកកាន់អ្នកយកព័ត៌មានម្នាក់កាលពីខែឧសភា លោក ប្រាយ អេន ម៉ូលហេរ៉ាន (Brian Mulheran) ប្រធានប្រតិបត្តិព្រះវិហារ Citipointe បានលើកឡើង
ថា ព្រះវិហាររបស់លោកបានប្រកាន់ខ្ជាប់ទៅនឹងអនុស្សរណៈនៃការយោគយល់គ្នារបស់ខ្លួនជាមួយរដ្ឋាភិបាល និងសារាចរណែនាំទាក់ទិនទាំងអស់របស់រដ្ឋាភិបាល។
លោក ម៉ូលហេរ៉ាន បានមានប្រសាសន៍នៅពេលនោះថា “ យើងមិនអាចបញ្ជាក់ឲ្យបានលម្អិតទាក់ទិននឹងស្ត្រីណាម្នាក់ដែលរស់នៅក្នុងព្រះវិហាររបស់យើងបានឡើយ”។ លោកបានមានប្រសាសន៍បន្តថា “ តែទោះជាយ៉ាងណា យើងអាចបញ្ជាក់បានថា ក្មេងស្រីទំាងអស់ដែលរស់នៅក្នុងអង្គការរបស់យើងសុទ្ធតែស្របច្បាប់ ព្រោះយើងទទួលមើលថែទាំពួកគេជំនួសមុខឲ្យរដ្ឋាភិបាលកម្ពុជាក្រោមសិទ្ធិស្របច្បាប់តាមរយៈអនុស្សរណៈនៃការយោគយល់គ្នា និងគោលនយោបាយ និងប្រកាសដែលពាក់ព័ន្ធ។ យើងមិនរក្សាទុកក្មេងស្រីណាដែលគេមិនអនុញ្ញាតឲ្យអង្គការរបស់យើងមើលថែទំានោះទេ”។
លោក ម៉ូលហេរ៉ាន បានមានប្រសាសន៍បន្ថែមទៀតថា នៅពេលនោះព្រះវិហារ
“ ពិតជាចង់” ប្រគល់ក្មេងស្រីទាំងពីរនាក់នេះឲ្យទៅឪពុកម្តាយរបស់ពួកគេវិញណាស់ ប៉ុន្តែ នគរបាលប្រឆាំងការជួញដូរមនុស្សបានចេញបទបញ្ជាមិនឲ្យធ្វើដូច្នោះទេ ព្រោះអាជ្ញាធរបានចាប់ផ្ដើមស៊ើបអង្កេតលោក រិកកេតសុន ដែលត្រូវបានចោទប្រកាន់ពីបទ “ រារាំងមិនឲ្យព្រះវិហារយកក្មេងស្រីទៅចិញ្ចឹមថែទាំ” រួចហើយ។
លោក ម៉ូលហេរ៉ាន មិនបានពន្យល់ឲ្យបានជាក់លាក់ថា តើលោក ជេម រិកកេតសុន បានរារាំងព្រះវិហារដោយរបៀបណាទេ។
លោក ឡៅ លីម ប្រធានផ្នែកការពារអនីតិជននៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនៃក្រសួងមហាផ្ទៃបានបដិសេធមិនធ្វើអត្ថាធិប្បាយលើសំណុំរឿងនេះទេ ព្រោះវាស្ថិតនៅក្រោមការស៊ើបអង្កេតរបស់តុលាការ។
នៅក្នុងលិខិតមួយចុះកាលបរិច្ឆេទកាលពីថ្ងៃច័ន្ទ ហើយផ្ញើទៅកាន់លោក អាលីសុន បឺរ៉ូ (Alison Burrows) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅប្រទេសកម្ពុជា លោក រិកកេតសុន បានលើកឡើងថា លោកអាចបញ្ជាក់ “ បានយ៉ាងងាយ” អំពីភាពគ្មានទោសរបស់លោកដោយលោកអាចផ្តល់ទៅឲ្យតុលាការនូវសារទាក់ទងគ្នាចំនួនជាង១៥០លើកដែលលោកធ្លាប់មានជាមួយព្រះវិហារ Citipointe ក្នុងរយៈពេលជាងប្រាំឆ្នាំកន្លងមកនេះ។
លោកក៏បានផ្ញើលិខិតមួយច្បាប់ទៅកាន់តុលាការផងដែរ ដើម្បីប្រាប់តុលាការថា លោកនឹងមិនទៅតុលាការដើម្បីចូលរួមក្នុងការសាកសួរដែលបានគ្រោងទុកនោះទេ លុះត្រាតែតុលាការពន្យល់អំពីការចោទប្រកាន់មកលើរូបលោក និងប្រាប់ថា នរណាជាអ្នកប្តឹងលោកជាមុនសិន៕ស៊ុយឈាង
(រាយការណ៍បន្ថែមដោយ Colin Meyn)