លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃសៅរ៍ បានបន្ដកិច្ចខិតខំប្រឹងប្រែងរបស់លោក ដើម្បីធ្វើឲ្យមានការធ្លាក់ចុះនូវការគាំទ្រចំពោះគណបក្សសង្គ្រោះជាតិ ដោយលើកបានឡើងថា ការខ្វែងគំនិតគ្នា និងការប្រកួតប្រជែងកំពុងតែកើតមាន នៅក្នុងគណបក្សប្រឆាំងមួយនេះ។
អំឡុងសុន្ទរកថាមួយនៅឯពិធីសម្ពោធសមិទ្ធផលនៅក្នុងវត្តមួយ ក្នុងស្រុករលៀប្អៀរ
ខេត្តកំពង់ឆ្នាំង លោក ហ៊ុន សែន បានអះអាងថា គណបក្សសង្គ្រោះជាតិ បានអូសបន្លាយពេលចុះឈ្មោះ ដោយធ្វើឲ្យនៅសល់ពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលគណបក្សនេះនឹងត្រូវកាត់ផ្ដាច់ចេញពីបញ្ជីឈ្មោះបោះឆ្នោត ពីព្រោះគេកំពុងតែមានការប្រទាញប្រទង់គ្នាចំពោះតំណែងជាសមាជិកសភាសម្រាប់ការបោះឆ្នោតជាតិ នៅថ្ងៃទី២៨ ខែកក្កដាខាងមុខនេះ។
លោកបានថ្លែងទៅកាន់មនុស្សជាច្រើនថា “ កាលពីមុនពួកគេបានគំរាមថា មិនចូលរួមនៅក្នុងការបោះឆ្នោតឡើយ ប៉ុន្ដែ ឥឡូវនេះពួកគេបានចូលរួមហើយ។ ហេតុដូច្នេះហើយ សូមអបអរសាទរ”។
លោក ហ៊ុន សែន បន្ដមានប្រសាសន៍ថា លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះ
ជាតិ បានចុះឈ្មោះជាបេក្ខជនតំណាងរាស្ត្រដោយមិនចាំបាច់មានការយល់ព្រមពីលោក សម រង្ស៊ី ប្រធានបក្សសង្គ្រោះជាតិ ដែលបាននិរទេសខ្លួនទៅរស់នៅប្រទេសបារាំង និងដែលឈ្មោះរបស់លោកមិនស្ថិតនៅក្នុងចំណោមបេក្ខជនតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិនោះ។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា “វាជារឿងត្រឹមត្រូវណាស់ ដែលលោកកឹម សុខា បានសម្រេចចុះឈ្មោះជាបេក្ខជនតំណាងរាស្ត្រ ដោយមិនរង់ចាំការយល់ព្រមពីប្រធានបក្ស គឺលោក សម រង្ស៊ី។ ឥឡូវ អំណាចទាំងអស់ គឺស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ប្រធានស្ដីទី”។
លោក កឹម សុខា ដែលកាលពីមុនបានលើកឡើងថា គណបក្សសង្គ្រោះជាតិ បានពន្យារពេលចុះឈ្មោះ ដើម្បីរៀបចំតំណែងឲ្យត្រឹមត្រូវបំផុត សម្រាប់បេក្ខជនរបស់ខ្លួន ដែលចូលរួមប្រកួតប្រជែងជាមួយបេក្ខជន មកពីគណបក្សប្រជាជនកម្ពុជា កាលពីម្សិលមិញបានបដិសេធសេចក្តីអះអាងថា មានការបែកបាក់នៅក្នុងគណបក្សប្រឆាំង ហើយថា លោកនិងលោក សម រង្ស៊ី បានព្រមព្រៀងគ្នាចំពោះបេក្ខភាព នៃសមាជិកគណបក្សម្នាក់ៗ ដែលនឹងដំណើរការទៅ ក្រោមបដាគណបក្សសង្គ្រោះជាតិ។
លោក កឹម សុខា បានមានប្រសាសន៍ថា “ ប្រសិនបើមិនមានការឯកភាពពីលោកប្រធាន សម រង្ស៊ី ទេ តើយើងអាចបានចុះឈ្មោះក្នុងបញ្ជីដោយរបៀបណាទៅ? លោកសម រង្ស៊ី និងខ្ញុំ មានគំនិតត្រូវគ្នាល្អណាស់ចំពោះបញ្ហានេះ”។
យោងតាមលិខិតមួយច្បាប់ ទទួលបានកាលពីម្សិលមិញ និងចុះហត្ថលេខាដោយលោក សម រង្ស៊ី កាលពីថ្ងៃទី២០ ខែមេសា លោក សម រង្ស៊ី បានប្រគល់សិទ្ធិចុះហត្ថលេខារបស់លោកលើសេចក្តីសម្រេចរបស់គណបក្ស ទៅលោកប្រធានស្តីទី កឹម សុខា ដើម្បីឈរឈ្មោះក្នុងឱកាសបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខ។
លោក សម រង្ស៊ី បានចំណាយពេលក្នុងសប្តាហ៍មុន នៅទីក្រុងវ៉ាស៊ីនតោន និងកំពុងនិរទេសខ្លួន ដើម្បីគេចពីការផ្តន្ទារទោសឲ្យជាប់ពន្ធនាគារ រយៈពេល១១ឆ្នាំ ពីបទញុះញ៉ង់ និងផ្សព្វផ្សាយព័ត៌មានមិនពិត។ លោកបានមានប្រសាសន៍ថា ការផ្តន្ទាទោសទាំងនេះដោយសារទទួលរងឥទ្ធិពលនយោបាយ។
លោក សម រង្ស៊ី មិនអាចឈរឈ្មោះបោះឆ្មោះដោយខ្លួនឯងបានទេ ដោយសារតែលោកត្រូវបានលុបឈ្មោះចេញពីបញ្ជីអ្នកបោះឆ្នោត កាលពីខែតុលាឆ្នាំមុន ពីព្រោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានដឹងថា ទោសរបស់លោក បានធ្វើឲ្យលោកបាត់បង់សិទ្ធិឈរឈ្មោះបោះឆ្នោត។
លោក កឹម សុខា បានមានប្រសាសន៍ថា ប្រសិនបើគណបក្សសង្គ្រោះជាតិ ទទួលបានជ័យជម្នះ ដំណោះស្រាយផ្នែកនយោបាយអាចត្រូវបានរកឃើញ ដើម្បីអនុញ្ញាតឲ្យលោក សម រង្ស៊ី ក្លាយជានាយករដ្ឋមន្ត្រី ទោះបីជាមិនមានអាសនៈ នៅក្នុងរដ្ឋសភា ដូចដែលរដ្ឋធម្មនុញ្ញបានចែងក៏ដោយ។
លោក កឹម សុខា បានមានប្រសាសន៍ថា “ គណបក្សសង្គ្រោះជាតិ នឹងគាំទ្រលោក សម រង្សុី ជាបេក្ខជននាយករដ្ឋមន្ត្រី”។
អំឡុងពេលថ្លែងសុន្ទរកថា កាលពីថ្ងៃសៅរ៍ លោក ហ៊ុន សែន បានលើកឡើងអំពីជម្លោះដ៏ជាក់លាក់នៅក្នុងគណបក្សសង្គ្រោះជាតិេនះ ដែលលោកបានមានប្រសាសន៍ថា លោកបានដឹងតាមរយៈចារកម្ម នៅក្នុងគណបក្សប្រឆាំងនេះ។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា “ នៅរាជធានីភ្នំពេញ បេក្ខជនប្រាំបីនាក់ត្រូវដកឈ្មោះចេញ ពីព្រោះពួកគេមិនត្រូវបានអនុញ្ញាតឲ្យឈរឈ្មោះ។នៅក្នុងខេត្តសៀមរាបវិញ មានជម្លោះយ៉ាងខ្លាំង ដែលជិតបង្កឲ្យមានអំពើហិង្សា”។លោកលើកឡើងបន្ត ពីការប្រកួតប្រជែងក្នុងគណបក្សប្រឆំាងស្រដៀងគ្នានេះនៅក្នុងខេត្តកំពង់ស្ពឺ កណ្ដាលកំពង់ធំ និងខេត្តបន្ទាយមានជ័យផងដែរ។
លោក ហ៊ុន សែន ក៏បានបដិសេធចំពោះការលើកឡើងរបស់លោក កឹម សុខា កាលពីសប្ដាហ៍មុនថា លោកនាយករដ្ឋមន្ត្រី បានទទួលព័ត៌មានអាក្រក់នេះពីចារកម្មរបស់លោក ដែលគ្រាន់តែប្រឌិតរឿង ដើម្បីបានទទួលប្រាក់នោះ។
លោកបានមានប្រសាសន៍ថា “ ព័ត៌មានទាំងនេះ គឺជាបញ្ហាក្ដៅ សូមកុំសង្ឃឹមថា ហ៊ុន សែន ជាមនុស្សឆោត ដែលអាចងាយបោកយកប្រាក់បាននោះ”។ លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានមានប្រសាសន៍កាលពីម្សិលមិញថា ស្ថាប័នបោះឆ្នោតរបស់រដ្ឋាភិបាលនេះកំពុងពិនិត្យមើលបញ្ជីឈ្មោះបេក្ខជនរបស់គណបក្សសង្គ្រោះជាតិឡើងវិញ ហើយនឹងជូនដំណឹងទៅគណបក្សនេះវិញនៅថ្ងៃនេះអំពីការកែប្រែ ឬក៏ផ្លាស់ប្ដូរណាមួយ៕
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង
កង សុធា និង ស៊ុំ សុខភុំ