ទិវាសិទ្ធិនារីអន្តរជាតិត្រូវបានប្រារម្ភធ្វើទូទាំងពិភពលោកកាលពីថ្ងៃសៅរ៍ ដោយមានការអំពាវនាវឲ្យផ្ដល់ឱកាសស្ដារនីតិសម្បទាជាច្រើនទៀតសម្រាប់អ្នកទោសជាស្ត្រីនៅកម្ពុជា ហើយករណីដោយឡែកមួយទៀតនោះ អំពាវនាវឲ្យមានការតស៊ូនិងយកជម្នះលើទំនៀមទម្លាប់វប្បធម៌ដែលចាត់ទុកស្ត្រីមិនស្មើបុរស។
អង្គការសិទ្ធិមនុស្សលីកាដូ ដែលឃ្លាំមើលពន្ធនាគារចំនួន១៨នៅទូទាំងប្រទេសបានឲ្យដឹងថា អាជ្ញាធរត្រូវផ្តល់ឱកាសស្ដារនីតិសម្បទាឲ្យបានច្រើន ដើម្បីកសាងទំនុកចិត្ត និងផ្ដល់ជំនាញសមស្របដល់ពួកគេដើម្បីរកការងារសមរម្យបានធ្វើនៅពេលចេញពីពន្ធនាគារវិញ។
អង្គការលីកាដូ បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា “បច្ចុប្បន្ននេះ អ្នកទោសជាស្ត្រីមានចំនួនប្រាំបីភាគរយនៃអ្នកទោសទាំងអស់នៅកម្ពុជា ហើយនៅតាមពន្ធនាគារជាច្រើនឱកាសអប់រំនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រាប់ស្ត្រីនិងក្មេងស្រីនៅមិនទាន់មានគ្រប់គ្រាន់ទេ”។
អង្គការនេះបានបញ្ជាក់ទៀតថា ត្រឹមដំណាច់ឆ្នាំ២០១៣មានស្ត្រីជាប់ពន្ធនាគារចំនួន១.១៣៧នាក់និងក្មេងស្រី១៥នាក់ ដែលមានអាយុ១៧ឆ្នាំនិងក្រោម១៧ឆ្នាំ រីឯត្រឹមដំណាច់ខែមករាមានស្ត្រីមានផ្ទៃពោះជាប់ពន្ធនាគារចំនួន១១នាក់ និងកុមារចំនួន៣៨នាក់។ “ជាពិសេសក្មេងស្រីគួរមានសិទ្ធិដូចក្មេងប្រុសក្នុងការទទួលការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីជួយឲ្យពួកគេមានការងារធ្វើនៅពេលអនាគត”។
លោក ង៉ែត សុគន្ធ ប្រធានគម្រោងពន្ធនាគាររបស់អង្គការលីកាដូបានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈភាគច្រើននៅក្នុងពន្ធនាគារ ភាគច្រើនជាជាងឈើនិងជាងជួសជុលគ្រឿងម៉ាសីុន។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់ពីការវិវឌ្ឍខ្លះៗចំពោះសមភាពយេនឌ័រនៅកម្ពុជាទាំងផ្នែកសេដ្ឋកិច្ច និងក្នុងគ្រួសារ។ ទោះជាយ៉ាងណា សេចក្ដីថ្លែងការណ៍នេះលើកឡើងថា “ការវិវឌ្ឍនេះត្រូវបានរារាំងដោយការបន្តអនុវត្តទំនៀមទម្លាប់វប្បធម៌ ដែលឲ្យតម្លៃបុរសជាងស្ត្រី និងរើសអើងចំពោះស្ត្រី”។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានលើកឡើងថា មិនមានស្ត្រីច្រើនបម្រើការងារនៅក្នុងជួររដ្ឋាភិបាលនិងនៅរដ្ឋសភាទេ ហើយប្រឈមនឹងការរើសអើងយ៉ាងខ្លាំងនៅក្នុងវិស័យអប់រំ ការងារ ការគាំពារសុខភាព និងប្រព័ន្ធតុលាការ ជាបញ្ហាដែលធ្វើឲ្យកាន់តែធ្ងន់ធ្ងរឡើងដោយសារអត្រាអំពើហិង្សាក្នុងគ្រួសារនិងការរំលោភបំពានផ្លូវភេទខ្ពស់”។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានមានប្រសាសន៍ថា “ស្ត្រីមានចំនួនជាងពាក់កណ្ដាលនៃចំនួនប្រជាពលរដ្ឋសរុបទាំងអស់ ប៉ុន្តែពួកគេនៅតែមានតំណាងតិចតួចនៅគ្រប់វិស័យទាំងអស់ក្នុងសង្គមខ្មែរ”។ លោកបានមានប្រសាសន៍ថា “មានតែនៅពេលផ្ដល់ឱកាសដល់ស្ត្រីស្នើនឹងបុរសទេ ទើបយើងអាចមានការផ្លាស់ប្ដូរច្រើននៅក្នុងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា”៕ គឹមហឿន