ដ្ឋាភិបាលខេត្តកំពង់ឆ្នាំងបានបង្កើតគណៈកម្មាធិការថ្មីមួយដើម្បីជួយដោះស្រាយវិវាទដីធ្លីដែលកើតឡើងជាយូរមកហើយរវាងកសិករ និងក្រុមហ៊ុនមួយជារបស់ភរិយាលោក ស៊ុយ សែម រដ្ឋមន្ត្រីរ៉ែ និងថាមពល ក៏ប៉ុន្តែ គ្មានតំណាងអ្នកភូមិណាមា្នក់ ត្រូវបានអញ្ជើញចូលរួមក្នុងគណៈកម្មាធិការនេះឡើយ។
អ្នកស្រី ជា ខេង ភរិយារបស់លោក ស៊ុយ សែម មានក្រុមហ៊ុន KDC International ដែលជាប់ពាក់ព័ន្ធក្នុងវិវាទដីធ្លីមួយជាមួយនឹងប្រជាពលរដ្ឋចំនួន៥២គ្រួសារជុំវិញដីស្រែចម្ការទំហំ១៤៥ហិកតានៅក្នុងស្រុកកំពង់ត្រឡាច ចាប់តាំងពីឆ្នាំ២០០៧មក។
ក្នុងលិខិតមួយច្បាប់ចុះថ្ងៃទី៣ ខែមីនា និងទទួលបានកាលពីម្សិលមិញ លោក ជូ ចាន់ឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានសម្រេចយល់ព្រមឲ្យមានការបង្កើតគណៈកម្មាធិការនេះ “ ដើម្បីធ្វើការសន្ទនាដោយផ្ទាល់រវាងក្រុមហ៊ុន និងប្រជាពលរដ្ឋចំនួន៥២គ្រួសារដែលពាក់ព័ន្ធក្នុងជម្លោះនេះ ដោយអញ្ជើញគ្រួសារនីមួយៗមកសម្របសម្រួល និងបញ្ចប់ជម្លោះរវាងអ្នកភូមិ និងក្រុមហ៊ុន KDC”។
ទោះជាយ៉ាងណា គណៈកម្មាធិការដែលមានសមាជិក១៥រូប ដែលត្រូវបានបង្កើតឡើងតាមសំណើរបស់ក្រុមហ៊ុន KDC និងដឹកនាំដោយលោក ដោក សុធា អភិបាលរងខេត្ត មិនរាប់បញ្ចូលអ្នកភូមិណាម្នាក់ឡើុយ។ មនុស្សតែម្នាក់គត់នៅក្នុងគណៈកម្មាធិការនេះមិនធ្វើការឲ្យរដ្ឋាភិបាល ឬក្រុមហ៊ុននោះ គឺលោក សំ ចាន់គា អ្នកសម្របសម្រួលរបស់អង្គការសិទ្ធិមនុស្សអាដហុកប្រចាំនៅខេត្តនេះ។
សមាជិកផ្សេងទៀតរួមមានអ្នកស្រី ជា ខេង លោក ផាត់ ពៅ មេធាវីរបស់ក្រុមហ៊ុន KDC លោក ថៃ ហ៊ី តំណាងឲ្យក្រុមហ៊ុន KDC លោក ជួប ចាន់ធឿន នាយនគរបាលឃុំ តាជេស លោក ឡុំ ឡី និងលោក កង ទ្រីយ៉ា ជាក្រុមប្រឹក្សាឃុំ។
លោក ចាន់គា នៅអង្គការសិទ្ធិមនុស្សអាដហុកបានមានប្រសាសន៍ថា លោកបានផ្ញើលិខិតមួយច្បាប់ទៅលោកអភិបាលខេត្តកាលពីថ្ងៃសុក្រ ដោយសុំឲ្យគាត់ដកសមាជិកចំនួនបួនរូបក្នុងចំណោមសមាជិកទាំងនោះ គឺលោក ថៃ ហ៊ី លោក ចាន់ ធឿន លោក ឡុំ ឡីនិងលោក ទ្រីយ៉ា ចេញ ពីព្រោះអ្នកភូមិសង្ស័យថា ពួកគេមានការលម្អៀងទៅរកក្រុមហ៊ុន KDC។ អ្នកភូមិគិតថា ទោះជាយ៉ាងណា វាសមរម្យហើយដែលអ្នកស្រី ជា ខេង និងមេធាវីរបស់គាត់ស្ថិតនៅក្នុងគណៈកម្មាធិការនេះ។
លោក ចាន់គា “យើងកំពុងតែស្នើឲ្យលោកអភិបាលខេត្តដកមនុស្សទាំងបួននាក់នេះចេញពីគណៈកម្មាធិការដែលស៊ើបអង្កេតជម្លោះដីធ្លីនេះ ពីព្រោះពួកគេបាននិងកំពុងតែធ្វើការលម្អៀងទៅរកក្រុមហ៊ុននេះចាប់តាំងពីជម្លោះបានកើតឡើង។ យើងស្នើឲ្យតែងតាំងតំណាងអ្នកភូមិឬយ៉ាងហោចណាស់មេធាវីរបស់ខ្លួន ដើម្បីអាចស្វែងរកដំណោះស្រាយឲ្យបានត្រឹមត្រូវ”។
អ្នកស្រុកម្នាក់ឈ្មោះ រាជ សីមា បានមានប្រសាសន៍ថា ប្រសិនបើមិនដកអ្នកទាំងបួនទេ គ្រួសារប្រជាជន និងមិនគោរពសេចក្តីសម្រេចនោះឡើយ ហើយនឹងធ្វើពាក្យបណ្តឹងប្តឹងក្រុមហ៊ុន KDC ។
លោកបានឲ្យដឹងថា “យើងមិនចង់បានគណៈកម្មាធិការនេះទេ ពីព្រោះសមាជិកស្ទើរតែទាំងអស់គឺជាមនុស្សរបស់ក្រុមហ៊ុននេះ ដូច្នេះ យើងនឹងតស៊ូនៅក្នុងតុលាការ បើទោះជាតុលាការមិនឯករាជ្យក៏ដោយ”។
លោក អ៊ុក ឌឹម ដែលដឹកនាំអង្គភាពអន្តរវិស័យរបស់រដ្ឋាភិបាលខេត្តបានបញ្ជាក់អំពីខ្លឹមសារលិខិតរបស់អង្គការអាដហុកដែលស្វែងរកគណៈកម្មាធិការមានតំណាងចូលរួមមួយទៀត ប៉ុន្តែថា អភិបាលខេត្តមិនទាន់ធ្វើសេចក្តីសម្រេចនៅឡើយទេ។
លោក ចាន់ធឿន ជាសមាជិកម្នាក់ក្នុងចំណោមសមាជិកគណៈកម្មាធិការបួនរូបដែលត្រូវបានស្នើឲ្យចេញនោះបានមានប្រសាសន៍បញ្ជាក់ថា លោកជាភាគីអព្យាក្រឹតមួយមិនមែនកាន់ខាងក្រុមហ៊ុន KDC នៅក្នុងជម្លោះនេះទេ។
លោកបានឲ្យដឹងថា “ ក្រុមហ៊ុននេះមានឯកសាររឹងដើម្បីបញ្ជាក់ពីកម្មសិទ្ធិដីស្របច្បាប់របស់ខ្លួន។ អ្នកភូមិដែលពាក់ព័ន្ធនឹងជម្លោះនេះយល់ច្រឡំចំពោះខ្ញុំហើយ ព្រោះខ្ញុំចែកដីកាតុលាការឲ្យពួកគេ ដូច្នេះពួកគេសន្មតថា ខ្ញុំលម្អៀងទៅខាងក្រុមហ៊ុន”។ លោក ចាន់ធឿន បានបន្តថា លោកនឹងចាកចេញពីគណៈកម្មាធិការនេះ ប្រសិនបើអភិបាលខេត្តស្នើសុំ៕ ប៊ុននី