កាលពីថ្ងៃពុធ សាលាឧទ្ធរណ៍បានតម្កល់សាលក្រមផ្តន្ទាទោសបុរសពីរនាក់ និងបានបង្កើនការផ្តន្ទាទោសជាប់ពន្ធនាគាររបស់ពួកគេ ដែលពីដំបូងត្រូវបានសម្រេចដោយសាលាដំបូងខេត្តព្រះវិហារពីបទវាយសម្លាប់ប្រធានសាខាក្រុមហ៊ុនទូរស័ព្ទមិត្តហ្វូនកាលពីពីរឆ្នាំមុន។
កាលពីខែកក្កដា ឆ្នាំ២០១៣ សាលាដំបូងខេត្តបានចោទប្រកាន់ វី សុវីន អាយុ២៤ឆ្នាំ និង សឿន វ៉ាន់ស៊ី អាយុ៣០ឆ្នាំ ពីបទបង្ក ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និង បានផ្តន្ទាទោស វី សុវីន ឲ្យជាប់ពន្ធនាគាររយៈពេលប្រាំពីរឆ្នាំ ចំណែក សឿន វ៉ាន់ស៊ី ដែលត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនារយៈពេលមួយឆ្នាំនិងប្រាំពីរខែនោះ ត្រូវបានដោះលែងពីពន្ធនាគារវិញហើយ ដោយសារការជាប់ឃុំនេះគិតតាំងពីពេលជាប់ឃុំបណ្តោះអាសន្ន។
លោក អ៊ុំ សារិទ្ធចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះមានប្រសាសន៍ថា “តុលាការបានកែប្រែសាលក្រមនេះ ហើយបានផ្តន្ទាទោសពួកគេឲ្យជាប់ពន្ធនាគារម្នាក់ៗចំនួន១០ឆ្នាំ និងបង្គាប់ឲ្យពួកគេទាំងពីរបង់ប្រាក់សំណងចំនួន៤០លានរៀល ហើយយើងក៏បានបង្គាប់ឲ្យចាប់ខ្លួន សឿន វ៉ាន់ស៊ី ផងដែរ”។
នៅក្នុងតុលាការ លោកចៅក្រម អ៊ុំ សារិទ្ធ បានរៀបរាប់ពីហេតុការណ៍កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១១ ដែលនៅពេលនោះ លោក ម៉ែន រិទ្ធី ដែលជាប្រធានសាខាក្រុមហ៊ុនទូរស័ព្ទមិត្តហ្វូនក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំនោះ ត្រូវបានបុរសទាំងពីរនាក់នេះវាយសម្លាប់នឹងដំបង ខណៈដែលលោកបានធ្វើដំណើរជាមួយពួកគេតាមបណ្តោយផ្លូវជាតិលេខ៦២នៅក្នុងស្រុករវៀង ខេត្តព្រះវិហារ។
អំឡុងសវនាការកាត់ក្ដី មានការអះអាងថា លោក ម៉ែន រិទ្ធី បានសុំឲ្យ វី សុវិន ដែលជាកូនចៅរបស់ខ្លួនសងប្រាក់គាត់ចំនួន៥.០០០ដុល្លារ ដែលជននេះបានជំពាក់ក្នុងការឲ្យ វី សុវីន យកស៊ីមកាតទូរស័ព្ទមិត្តហ្វូនទៅលក់នៅហាងផ្ទាល់ខ្លួនរបស់គាត់។គាត់បានទារលុយដដែលៗទំនងជាបានធ្វើ វី សុវីន មានកំហឹង។
អំឡុងសវនាការកាត់ក្ដីដំបូង សឿន វ៉ាន់ស៊ី បានឆ្លើយថា គាត់បានឃើញឈ្មោះ វី សុវីន វាយលោក ម៉ែន រិទ្ធី នៅពេលដែលពួកគេបានឈប់ដើម្បីបត់ជើងតូច ហើយថា ខ្លួនបានជួយវាយដែរដោយសារ វី សុវីន បានហៅឲ្យជួយ។
បន្ទាប់ពីតុលាការបានសម្រេចផ្ដន្ទាទោសកាលពីខែមករាឆ្នាំមុន មេធាវីតំណាងឲ្យឪពុកជនរងគ្រោះ និងលោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍បានប្តឹងជំទាស់សេចក្ដីសម្រេចនេះ ដែលពួកគាត់និយាយថា មិនបានបង្ហាញពីស្ថានទម្ងន់ទោសនៃបទឧក្រិដ្ឋនេះឡើយ។
កាលពីម្សិលមិញ លោក ហ៊ុន មាំង មេធាវីតំណាងលោក ម៉ែន លន ជាឪពុករបស់លោក ម៉ែន រិទ្ធី នោះបានមានប្រសាសន៍ថា លោករីករាយដោយសាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រមនេះ។ លោកបានមានប្រសាសន៍បន្ថែមទៀតថា “ខ្ញុំពេញចិត្តនឹងសេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍ គឺវាប្រសើរជាងសេចក្ដីសម្រេចរបស់សាលាដំបូងដែលបានសម្រេចផ្ដន្ទាទោសស្រាលពេក”។ លោកបានមានប្រសាសន៍ថា “ប៉ុន្តែខ្ញុំនៅមិនទាន់ពេញចិត្តដដែល” ដោយលោកបន្ថែមថា ច្បាប់ចែងថា បទឧក្រិដ្ឋបែបនេះអាចមានទោសជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំឯណោះ៕ សារុន