កាលពីម្សិលមិញ សាលាឧទ្ធរណ៍ជាថ្មីម្តង ទៀតបានបដិសេធមិនដោះលែងលោក វ៉ន ពៅ មេដឹកនាំសហជីពដ៏សំខាន់មួយរូបនៃវិស័យក្រៅប្រព័ន្ធដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ឲ្យនៅក្រៅឃុំបណ្តោះអាសន្នឡើយ។ លោកត្រូវបានទាហានវាយដំនិងចាប់ខ្លួនក្នុងការតវ៉ាកាលពីថ្ងៃទី២ ខែមករា។
លោក វ៉ន ពៅ ដែលជាប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធស្ថិតក្នុងចំណោមសកម្មជន១០នាក់ដែលទាហានឆត្រយោងបានចាប់ខ្លួននៅពេលមានការបង្ក្រាបលើកូដកម្មរបស់កម្មកររោងចក្រកាត់ដេរទូទាំងប្រទេស ដែលបានធ្វើឡើងស្របគ្នាជាមួយការតវ៉ារបស់គណបក្សប្រឆាំង។
លោក គឹម សុជាតិ មេធាវីមួយរូបក្នុងចំណោមមេធាវីពីររូបរបស់លោក វ៉ន ពៅ បានមានប្រសាសន៍ថា សាលាឧទ្ធរណ៍បានបដិ សេធមិនដោះលែងកូនក្តីរបស់ខ្ញុំឲ្យនៅក្រៅឃុំបណ្តោះអាសន្នទេ ដោយសារហេតុផលពាក់ព័ន្ធនឹងនីតិវិធី។ដោយយោងទៅលើការរៀបចំបើកសវនាការជំនុំជម្រះលោក វ៉ន ពៅ នោះ លោក គឹម សុជាតិ បានមានប្រសាសន៍ថា “ សាលាឧទ្ធរណ៍បានសម្រេចបដិសេធមិនដោះលែងលោក វ៉ន ពៅ ឲ្យនៅក្រៅឃុំ បណ្តោះអាសន្ន ឡើយ ពីព្រោះ [លោក សេង ស៊ីវុត្ថា ជាចៅក្រម ប្រធានក្រុមប្រឹក្សាជំនុំជម្រះ] បានមានប្រសាសន៍ថា ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញបានបញ្ជូនសំណុំរឿងនេះទៅជំនុំជម្រះរួចហើយ ហើយប្រសិនបើអនុញ្ញាតឲ្យគាត់នៅក្រៅឃុំបណ្តោះអាសន្ននោះវាអាចធ្វើឲ្យប៉ះពាល់ដល់នីតិវិធីរបស់តុលាការ”។
លោក វ៉ន ពៅ កំពុងត្រូវឃុំខ្លួននៅមជ្ឈមណ្ឌអប់រំកែប្រែទី៣ក្នុងខេត្តកំពង់ចាមជិតព្រំដែនវៀតណាម ដែលតាមធម្មតា ជាពន្ធនាគារសម្រាប់ឃុំខ្លួនអ្នកទោសមានបទល្មើសធ្ងន់ធ្ងរ និងប្រឈមការជាប់ពន្ធនាគាររយៈពេលលើសពី១០ឆ្នាំទៅ។
យោងតាមអង្គការសិទ្ធិមនុស្សក្នុងស្រុកលីកាដូបានឲ្យដឹងថា មេដឹកនាំសហជីពរូបនេះព្រមទាំងមនុស្ស២០នាក់ទៀតត្រូវបានចាប់ខ្លួនអំឡុងពេលធ្វើកូដកម្មកាលពីថ្ងៃទី២ និងទី៣ ខែមករា ហើយបើតាមច្បាប់អាចត្រូវឃុំខ្លួនបណ្តោះអាសន្នរហូតដល់១៨ខែដោយគ្មានការកាត់ក្តី។លោក វ៉ន ពៅ គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស២៣នាក់ដែលត្រូវបានចាប់ខ្លួនអំឡុងកូដកម្មនោះ។ នៅក្នុងការបង្ក្រាបនោះ កងរាជអាវុធហត្ថក៏បានបាញ់សម្លាប់អ្នកតវ៉ាប្រាំនាក់ផងដែរ។
យោងតាមលោក សុជាតិ បានឲ្យដឹងថា លោកចៅក្រម ស៊ីវុត្ថា បានមានប្រសាសន៍អំឡុងការបើកសវនាការថា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១៧ ខែមីនា បានចាប់ផ្តើមរៀបចំឯកសារដើម្បីយកលោក វ៉ន ពៅ ទៅជំនុំជម្រះនៅពេលឆាប់ៗខាងមុខនេះ។
លោក វ៉ន ពៅ ត្រូវបានចោទប្រកាន់ពីរករណីគឺ ការបង្ករបួសស្នាមដោយចេតនា និងការបំផ្លាញទ្រព្យសម្បត្តិដោយចេតនាពាក់ព័ន្ធការធ្វើកូដកម្មនៅទូទាំងប្រទេស។ លោកមិនត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងសវនាការជំនុំជម្រះកាលពីម្សិលមិញទេ។
លោក គា សុវណ្ណា ប្រធានមជ្ឈមណ្ឌលអប់រំកែប្រែទី៣ បានមានប្រសាសន៍ថា លោកមិនអាចដឹកលោក វ៉ន ពៅ ទៅចូលរួមសវនាការជំនុំជម្រះបានទេ ដោយសាររថយន្តពន្ធនាគារមានបញ្ហា។លោកបានមានប្រសាសន៍ថា “ រថយន្តខូច ហើយខ្ញុំពិបាកជួសជុលណាស់”។
អ្នកស្រី ប្រាក់ សុវណ្ណារី ប្រពន្ធរបស់លោក វ៉ន ពៅ បាននិយាយបន្ទាប់ពីសវនាការថា អ្នកស្រីបានផ្តល់យោបល់ឲ្យមេធាវីប្តឹងទាស់ទៅតុលាការកំពូល។ អ្នកស្រីបាននិយាយថា ប្តីរបស់អ្នកស្រីតម្រូវឲ្យពិនិត្យសុខភាពបន្តទៀត បន្ទាប់ពីទាហានដែលបានចាប់ខ្លួនគាត់កាលពីខែមករានោះ បានវាយទាត់ធាក់គាត់ចំកន្លែងទើបវះកាត់តម្រងនោមថ្មីៗ។អ្នកស្រី សុវណ្ណារី បាននិយាយបន្ថែមទៀត ថា “ វាអយុត្តិធម៌សម្រាប់ប្តីរបស់ខ្ញុំ ពីព្រោះគាត់មានបញ្ហាសុខភាព ហើយកូនៗចង់ជួបឪពុករបស់ខ្លួន”៕សារុន