កាលពីម្សិលមិញ លោក អិុត សំហេង រដ្ឋមន្ត្រីក្រសួងការងារបានឲ្យដឹងថា លោកបានផ្ញើលិខិតមួយច្បាប់ដើម្បីឆ្លើយតបនឹងក្រុមហ៊ុនសម្លៀកបំពាក់អន្តរជាតិចំនួន៣០ ដែលកាលពីពេលថ្មីៗនេះ បានផ្ញើលិខិតមករដ្ឋាភិបាលដើម្បសម្តែងក្តីព្រួយបារម្ភរបស់ខ្លួនចំពោះសេចក្តីព្រាងនៃច្បាប់សហជីពដែលអាចអនុញ្ញាតឲ្យមានការរម្លាយសហជីពដោយមិនអាចប្រកែកបាន។
ថ្លែងនៅខាងក្រៅសន្និសីទមួយស្តីអំពីពលករទេសន្តរប្រវេសន៍ នៅក្នុងរាជធានីភ្នំពេញ លោក សំហេង បានលើកឡើងថា លោកបានសរសេរលិខិតផ្ញើទៅកាន់ក្រុមហ៊ុនសម្លៀកបំពាក់យីហោល្បីៗនានា រួមមាន ក្រុមហ៊ុនសម្លៀកបំពាក់យីហោ H&M Gap និង Nike ជាដើម ដោយប្រាប់ថា ច្បាប់សហជីពនឹងពិចារណាលើអនុសញ្ញាការងារអន្តរជាតិដែលប្រទេសកម្ពុជាបានចុះហត្ថលេខាក៏ដូចជាពិចារណាលើទិដ្ឋភាពជាក់ស្តែងនៅក្នុងប្រទេសកម្ពុជាផងដែរ។
នៅក្នុងលិខិតរបស់ពួកគេ ដែលធ្វើឡើងកាលពីថ្ងៃទី១៤ខែមីនា ក្រុមហ៊ុនសម្លៀកបំពាក់យីហោល្បីៗ បានលើកឡើងថា ពួកគេព្រួយបារម្ភ ខ្លាចក្រែងច្បាប់នេះមិនអនុលោមតាមអនុសញ្ញារបស់អង្គការពលកម្មអន្តរជាតិ ដែលការពារសិទ្ធិសេរីភាពរបស់សហជីពនោះ។
លោក សំហេង បានឲ្យដឹងថា រដ្ឋាភិបាលកំពុងធ្វើការជាមួយមន្ត្រីមកពីអង្គការពលកម្មអន្តរជាតិ ដើម្បីធានាឲ្យបានថា ច្បាប់សហជីពថ្មីរបស់ប្រទេសកម្ពុជា ពិតជាអនុលោមតាមអនុសញ្ញារបស់អង្គការពលកម្មអន្តរជាតិទាំងស្រុង។
លោក សំហេង បានមានប្រសាសន៍ថា “យើងឥឡូវនេះកំពុងតែរៀបចំបង្កើតច្បាប់សហជីពដោយមានការគាំទ្រផ្នែកបច្ចេកទេសពីអង្គការពលកម្មអន្តរជាតិ ហើយគោលនយោបាយថ្មីរបស់យើងសម្រាប់ច្បាប់នេះ គឺធ្វើយ៉ាងណាឲ្យអនុលោមទៅតាមអនុសញ្ញាដែលប្រទេសកម្ពុជាបានចុះហត្ថលេខា”។
ដោយលើកឡើងម្តងទៀត ចំពោះអ្វីដែលលោកបានធ្វើឡើងមុនពេលទទួលបានលិខិតពីក្រុមហ៊ុនសម្លៀកបំពាក់យីហោល្បីៗ កាលពីដើមខែនេះលោក សំហេង បានបន្ថែមថា ចាំបាច់ត្រូវតែមានការពិចារណាឲ្យបានច្បាស់លាស់នៅក្នុងការបត់បែនមួយចំនួនពេលធ្វើការដោយអនុលោមទៅតាមអនុសញ្ញារបស់អង្គការពលកម្មអន្តរជាតិ។
លោក សំហេង បានពន្យល់ថា “ចំណុចមួយគឺថា យើងចាំបាច់ត្រូវតែធ្វើរឿងនេះដោយយោងតាមបរិបទរបស់ប្រទេសកម្ពុជានិងបទប្បញ្ញត្តិដែលមានសុពលភាពផ្សេងទៀត។ ច្បាប់សហជីពនឹងផ្តល់ការធានាដើម្បីធ្វើឲ្យសិទ្ធិសេរីសហជីពប្រសើរឡើងក៏ដូចជាទប់ស្កាត់ការរំលោភបំពានច្បាប ់នៅពេលពួកគេប្រើសិទ្ធិរបស់ខ្លួនក្នុងនាមជាសហជីព ដើម្បីធ្វើសកម្មភាពខុសច្បាប់នោះ”។
រដ្ឋមន្ត្រីក្រសួងការងាររូបនេះបានលើកឡើងទៀតថា លិខិតរបស់លោកដែលផ្ញើទៅកាន់ក្រុមហ៊ុនសម្លៀកបំពាក់យីហោល្បីៗទាំងនេះគឺបានឆ្លើយតបទៅនឹងការទាមទារជាយូរមកហើយដែលចង់ឲ្យរដ្ឋាភិបាលបង្កើតយន្តការកំណត់ប្រាក់ខែគោលនៅក្នុងប្រទេសកម្ពុជានោះ។ តំណាងរបស់ក្រុមហ៊ុនសម្លៀកបំពាក់យីហោ H&M និង Gap បានលើកឡើងពីការទាមទារនេះនៅក្នុងកិច្ចប្រជុំមួយជាមួយមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី១៩ ខែកុម្ភៈ។
លោក សំហេង បានមានប្រសាសន៍ថា “ឥឡូវនេះយើងកំពុងតែធ្វើការជាមួយអង្គការពលកម្មអន្តរជាតិ ហើយអង្គការនេះបានបញ្ជូនគម្រោងនេះមកឲ្យយើងរួចហើយ។ យើងកំពុងតែត្រួតពិនិត្យគម្រោងនេះ ហើយបន្ទាប់ពីត្រួតពិនិត្យរួច យើងនឹងបន្តសិក្សាលើប្រាក់ខែគោលសម្រាប់់កម្មករ”។ លោកបានបន្ថែមថា យន្តការនេះនឹងត្រូវប្រតិបត្តិរួមជាមួយអង្គការពលកម្មអន្តរជាតិ៕ស៊ុយឈាង