កាលពីថ្ងៃសុក្រ នគរបាលបានបិទផ្លូវរារាំងកម្មករប្រហែល១.០០០នាក់មកពីរោងចក្រមួយ ដែលផ្គត់ផ្គង់សម្លៀកបំពាក់ទៅឲ្យក្រុមហ៊ុនបញ្ជាទិញអេឆ និង អិម (H&M) ក្នុងប្រទេសស៊ុយអែត មិនឲ្យដង្ហែក្បួនទៅកាន់រដ្ឋសភា ដើម្បីទាមទារដំឡើងប្រាក់ខែ និងប្រាក់សម្រាប់ថ្លៃអាហារឲ្យច្រើនជាងមុន។
ក្រុមអ្នកតវ៉ា ដែលបានតវ៉ានៅខាងមុខរោងចក្រកាត់ដេរ គ្លែតភៀ (Gladpeer) ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ អស់រយៈពេលប្រាំថ្ងៃមកហើយនោះ ត្រូវបានកម្លាំងនគរបាលបញ្ជាឲ្យត្រឡប់ទៅវិញ និងណែនាំឲ្យពួកគេទៅកាន់សាលាសង្កាត់ ដើម្បីចរចាគ្នា។
លោក ឈឹម ឃាង មន្ត្រីផ្នែកច្បាប់ប្រចាំសម្ពន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បានមានប្រសាសន៍ថា “ពួកគេបានយល់ព្រមត្រឡប់ទៅវិញហើយ ប៉ុន្តែ នៅពេលពួកគេទៅដល់សាលាសង្កាត់ ពួកគេមិនត្រូវបានអនុញ្ញាតឲ្យពិភាក្សាអំពីបញ្ហារបស់ខ្លួនជាមួយនឹងម្ចាស់រោងចក្រនៅសាលាសង្កាត់ទេ”។
នៅថ្ងៃសៅរ៍នេះ ម្ចាស់រោងចក្រនិងអ្នកតវ៉ាគ្រោងនឹងជួបគ្នាជាថ្មី ដើម្បីពិភាក្សាអំពីការទាមទាររបស់ពួកគេ ដែលរួមមានការទាមទារប្រាក់៥.០០០រៀលសម្រាប់ថ្លៃអាហារក្នុងមួយពេល ដែលកាលពីមុន ត្រឹមតែ៣.០០០រៀលប៉ុណ្ណោះ និងការទាមទារឲ្យដំឡើងប្រាក់ខែអប្បបរមាពី៦១ដុល្លារទៅ៩៣ដុល្លារក្នុងមួយខែ៕ប្រែសម្រួលដោយ ហម សុផាណ្ណា