34 C
Phnom Penh

អ្នក​ភូមិ​និយាយថា អភិបាល​ខេត្ត​ប៉ៃលិន​​ប្រគល់​ដីដែលមាន​វិវាទ​ក្នុង​ឆ្នាំ​១៩៩៩​​ទៅ​ឲ្យ​អ្នក​ភូមិ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកភូមិ​ម្នាក់​ដែលជាប់ពាក់ព័ន្ធ​ក្នុង​វិវាទ​ដីធ្លី​ទំហំ​ប្រមាណជាង​៦៨៤ហិកតា​​ជាមួយ​​លោក អីុ ឈាន អភិបាល​ខេត្ត​ប៉ៃលិន​​បាន​អះ​អាង​កាល​​ពីម្សិលមិញ​ថា កាល​ពី​ឆ្នាំ​១៩៩៩ លោក​ អីុ ឈាន និង​មន្ត្រី​យោធា​ជាន់​ខ្ពស់​ម្នាក់​បាន​ចែក​ពូថៅ​ និង​ឧបករណ៍​កសិកម្ម​​ដល់អ្នក​ភូមិ​ជា​ច្រើន​គ្រួសារ​ដែល​ឥឡូវ​នេះ​កំពុង​​រស់​នៅ​លើ​ដី​នេះ​។

កាល​ពី​ថ្ងៃពុធ សាលា​ដំបូង​ខេត្ត​ប៉ៃ​លិន​បាន​ចោទប្រកាន់​អ្នក​ភូមិបួននាក់​ពី​បទ​រំលោភ ​យកដី​របស់រដ្ឋ​ដោយ​បាន​ធ្វើ​ស្រែ​ចម្ការ​លើ​ដី​នោះ ហើយ​បដិសេធ​មិន​ព្រម​ចាក​​ចេញ​នៅ​​​ពេល​ដែល​អាជ្ញាធរ​ប្រាប់​ឲ្យ​ពួកគាត់ចាក​ចេញ។

ក្រុម​អ្នកភូមិ​ទាំង​នោះ​ស្ថិតនៅ​​​​ក្នុង​ចំណោម​អ្នកភូមិ​១៤៧គ្រួសារ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ដី​នេះ​តាម​បញ្ជា​របស់​លោក​ អីុ​ ឈាន​ កាល​ពី​ដើម​ខែមុន។ នៅពេល​នោះ លោក អីុ ឈាន បាន​ចាត​់​ទុក​ដីនោះ​ថាជា​ “ដី​​​​ របស់ខ្ញុំ” ប៉ុន្តែ​ក្រោយ​មក​​លោកបាន​និយាយ​កែ​​ត​ម្រូវ​ថា ដីនេះ​មួយ​ផ្នែក​ជា​ដី​របស់រដ្ឋ និង​មួយ​ផ្នែក​ទៀត​​ជា​ដី​របស់ក្រុមហ៊ុន។

លោក ថុង ថន ​តំណាងអ្នក​ភូមិ​បាន​និយាយ​​កាលពី​ម្សិល​មិញ​ថា ​អ្នក​ភូមិ​ជាច្រើន​គ្រួសារ​​បាន​​រស់​នៅ​លើ​​ដី​ដែល​មាន​វិ​វាទ​នេះ​​អស់​រយៈ​ពេល​​១៥​ឆ្នាំ​មក​ហើយ​ដោយ​​មាន​ការ​អនុញ្ញាត​ពី​អាជ្ញា​ធរ​ រួម​ទាំង​​លោក​ អីុ ឈាន​​ផងដែរ។ លោក ថុង ថន បាន​និយាយថា លោក អីុ ឈាន និង​​លោក ហ៊ីង ប៊ុនហៀង​ មេ​បញ្ជាការ​ ​កង​​អង្គរក្ស​របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន និង​ជា​អគ្គ​មេបញ្ជាការ​រង​កង​យោ​ធ​ពល​ខេមរ​ភូមិន្ទ កាលពី​ឆ្នាំ​១៩៩៩ បាន​ប្រគល់​ ដីនេះ​ទៅ​ឲ្យ​អ្នក​ភូមិ​ដែល​ភាគច្រើន​ជា​អតី​ត​គ្រួសារ​ខ្មែរ​ក្រហម។

លោក ថុង​ ថន បាន​និយាយ​ថា “លោក​ ហ៊ីង ប៊ុនហៀង​ បាន​មក​ជួប​ជាមួយ​ពួក​យើង​កាលពីឆ្នាំ​១៩៩៩ ហើយ​លោក​បាន​​មាន​ប្រសាសន៍ថា សម្តេច​ ហ៊ុន សែន ជាប់​រវល់ ដូច្នេះ​លោក​អនុញ្ញាត​​ឲ្យ​ខ្ញុំ​មក​ជួប​ជាមួយ​បង​ប្អូន​ទាំង​អស់​គ្នា’ ហើយ​លោក​បាន​ចែក​​កាំបិត​ផ្គាក់ និង​ពូថៅ​ដើម្បីកាប់​ឆ្ការ​ព្រៃ និង​រានដី​ដើម្បី​ធ្វើ​ស្រែ និង​ដាំ​ដំណាំ​ផ្សេង​ៗ”។

លោក អៀង សារី អតីត​​រដ្ឋ​មន្ត្រី​ក្រសួង​​​ការ​បរទេស​ខ្មែរ​ក្រហម​បាន​ដឹក​នាំ​ក្រុម​ឧទ្ទាម​ក្នុ​ង​ខេត្ត​ប៉ៃលិនមក​ចូលរួម​ជាមួួ​យ​រដ្ឋា​ភិបាល​ក្រុង​ភ្នំពេញ​កាលពី​ឆ្នាំ​១៩៩៦។ លោក អីុ ឈាន ដែលជា​ប្រធាន​កង​ការ​ពារ​របស់​ ប៉ុល ពត​ ក្រោយ​មក​បាន​ក្លាយ​ជា​អភិបាល​ខេត្ត​។

លោក វ័រ រុំ ជំទប់ឃុំ​​ស្ទឹង​ត្រែង​ក្នុង​ខេត្ត​ប៉ៃលិន​​បាន​និយាយរៀប​រាប់ពី​រឿង​រ៉ាវ​របស់​លោក ថុង ថន។ លោក​បាន​មាន​ប្រសាសន៍​ថា ឧត្តម​សេនីយ៍​​​ ហ៊ីង ប៊ុន​ហៀង ក្នុង​នាម​លោក​ ហ៊ុន សែន បាន​ចែក​ឧបករណ៍​ជាច្រើន ​ព្រមទាំង​​អង្ករ​ទម្ងន់​៥០គីឡូក្រាមដល់​គ្រួសារ​​នីមួយៗ​ក្នុង​ចំណោម​អ្នក​ភូមិ​៧០០​គ្រួសារ​ដែល​​​ធ្វើ​ស្រែ​ចម្ការ​លើ​ដី​នោះ​នៅ​ពេល​នោះ។

លោក​ថ្លែង​​​ថា “ឯក​ឧត្តម​ ហ៊ីង​​ ប៊ុនហៀង​ និង​លោក អីុ ឈាន ពិត​ជា​បាន​មក​ជួប​ជាមួយ​អ្នក​ភូមិ​ និង​​ចែក​កាំបិត​ផ្គាក់ និង​ពូថៅដល់​អ្នក​ភូមិ​មែន ហើយ​ណែនាំ​​​ពួក​​​គាត់​​​​ ឲ្យ​កាប់​ឆ្ការ​ព្រៃ និង​រាន​ដី​ដើម្បី​ធ្វើ​ស្រែ​​​”។

លោក វ័រ រុំ ​បាន​មាន​ប្រសាសន៍ថា លោក អីុ ឈាន កាលពី​ចុង​ទសវត្សរ៍ឆ្នាំ​១៩៩០ បាន​ណែនាំ​ឲ្យ​ក្រុម​ម​ន្ត្រី​បែង​ចែក​ដី​ដែលគេ​មិន​ប្រើ​ប្រាស់​នៅក្នុង​ខេត្ត​ប៉ៃលិន​​ឲ្យ​អតីត​ទាហាន​ខ្មែរក្រហម។ លោក​មាន​ប្រសាសន៍ ថា ការ​បណ្តេញ​ ចេញ​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​អ្នក​ភូមិ​មួយ​ចំនួន​បាន​រានដី​នៅក្រៅ​ដីឡូត​៍​​​របស់​ខ្លួន​ ហើយ​ព្យាយាម​លក់ដីនោះ។

លោក​បាន​មាន​ប្រសាសន៍ថា “យើង​​បាន​បញ្ជាឲ្យ​អ្នក​ភូមិ​ទាំង​នេះ​ចាកចេញ​ពីដី​នេះ ពីព្រោះ​ពួកគាត​់​បាន​រាន​ដី​កាន់​តែ​ច្រើន​ឡើង​ៗ ​ដើម្បី​ពង្រីក​ដីស្រែ​របស់​ខ្លួន…​សម្រាប់ លក់​ទៅ​ឲ្យ​អ្នក​ផ្សេង”។

លោកឧ​ត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង​ បាន​មាន​ប្រសាសន៍កាលពី​ម្សិលមិញ​ថា លោក​មិន​អាច​បញ្ជាក់ ឬ​បដិសេធ​រឿង​​រ៉ាវ​នៃ​ការ​ផ្ទេរ​ដី​របស់លោក ថុង ថន និង​​លោក វ័រ រុំ​ បានទេ។​លោក​បាន​មាន​ប្រសាសន៍ថា “ខ្ញុំ​មិន​ចាំ​រឿង​នោះ​ទេ ពីព្រោះ​វា​កន្លង​ហួស​យូរ​​​​មក​ហើយ”។

នៅក្នុង​បទ​សម្ភាស​កាលពី​ម្សិលមិញ​ លោក​ អីុ ឈាន បាន​បដិសេធ​ដាច់​អហង្ការ​​ចំពោះ​រឿង​រ៉ាវ​នៃការ​ផ្ទេរ​នេះ​។ លោក​បាន​​មាន​ប្រសាសន៍ថា “ខ្ញុំ​មិន​ដែល​​​​​បាន​ទៅ​ជួប​អ្នកភូមិ​ទាំងនោះជាមួយ​ឯក​ឧត្តម​ ហីុង​ ប៊ុនហៀង ​ដើម្បី​ចែក​អំណោយ​​ទេ។ ព័ត៌មាន​នេះ​មិនពិត​ឡើយ”៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស