នៅឯកិច្ចប្រជុំតំបន់មួយនៅក្នុងប្រទេសវៀតណាមកាលពីថ្ងៃសៅរ៍ កម្ពុជាបានជំរុញម្តងទៀតឲ្យឡាវពន្យារពេលគម្រោងសាងសង់ទំនប់វារីអគ្គិសនីដ៏ចម្រូងចម្រាសមួយនៅភាគខាងជើងនៃប្រទេសទាំងពីរ។
លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានរៀបរាប់យ៉ាងខ្លីប្រាប់ក្រុមអ្នកយកព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បន្ទាប់ពីលោកត្រឡប់វិញកាលពីថ្ងៃសៅរ៍ ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីផ្សេងទៀតពីកិច្ចប្រជុំគណៈកម្មការទន្លេមេគង្គលើកទី២ នៅក្នុងក្រុងហូជីមិញ។
លោកមានប្រសាសន៍ថា “យើងបានស្នើឲ្យភាគីឡាវ សិក្សានិងស្រាវជ្រាវអំពីផលប៉ះពាល់បរិស្ថានជាមុនសិន ហើយបន្ទាប់មកបញ្ជូនលទ្ធផលនៃការស្រាវជ្រាវទៅបណ្តាប្រទេសជាសមាជិកនៃគណៈកម្មការទន្លេមេគង្គក្នុងរយៈពេលប្រាំមួយខែ មុនពេលខ្លួនចាប់ផ្តើមសាងសង់ទំនប់នេះ”។
ប្រទេសឡាវកំពុងមានផែនការសាងសង់ទំនប់ដនសាហុងកម្លាំង២៥៦មេហ្គាវ៉ាត់កាត់តាមប្រព័ន្ធមួយនៃទន្លេមេគង្គចម្ងាយពីរគីឡូម៉ែត្រពីព្រំដែនកម្ពុជា។ ក្រុមអ្នកបរិស្ថាននិងអ្នកស្រាវជ្រាវព្រមានថា ទំនប់នេះអាចប៉ះពាល់ធ្ងន់ធ្ងរដល់ការផ្លាស់ទីរបស់ត្រី។
កិច្ចព្រមព្រៀងទន្លេមេគង្គឆ្នាំ១៩៩៥តម្រូវឲ្យមានការឯកភាពគ្នាលើគម្រោងសាងសង់ទំនប់ណាមួយនៅតាមដងទន្លេមេគង្គ មុនការសាងសង់អាចចាប់ផ្តើម។ ប្រទេសកម្ពុជា ប្រទេ សថៃ និងប្រទេសវៀតណាមជំទាស់នឹងគម្រោងសាងសង់ទំនប់ ដន សាហុង ។
ប៉ុន្តែប្រទេសឡាវ ដែលជាសមាជិកនៃគណៈកម្មការទន្លេមេគង្គនេះដែរអះអាងថា វិធាននេះមិនអនុវត្តចំពោះទំនប់ ដន សាហុង ទេ ព្រោះវានឹងកាត់តាមប្រព័ន្ធមួយនៃប្រព័ន្ធមួយចំនួននៃទន្លេនេះប៉ុណ្ណោះ។ លោក គានហោ មិនបានមានប្រសាសន៍ថាតើប្រទេសឡាវបានឆ្លើយតបនឹងការអំពាវនាវជាថ្មីរបស់កម្ពុជាឲ្យពន្យារពេលឬយ៉ាងណាទេ។
ប៉ុន្តែលោកបានឲ្យដឹងថា “ភាពជោគជ័យដ៏ធំ” នៃកិច្ចប្រជុំនេះ គឺសេចក្តីប្រកាសដែលសមាជិកគណៈកម្មការទាំងបួនបានអនុម័ត រាប់ទាំងពាក្យពេចន៍អំពីជំហរឲ្យប្រទេសទាំងនេះប្តេជ្ញាឡើងវិញក្នុងការគោរពកិច្ចព្រមព្រៀងទន្លេមេគង្គឆ្នាំ១៩៩៥។
សេចក្តីប្រកាសក្រុងហូជីមិញ លើកឡើងអំពីកំណើនប្រជាជន កំណើនតម្រូវការស្បៀងអាហារ ទឹក និងថាមពល ព្រមទាំងការប្រែប្រួលអាកាសធាតុក្នុងចំណោមការប្រឈមសំខាន់ៗនៅក្នុងតំបន់។ សេចក្តីប្រកាសនេះក៏ឲ្យសមាជិកទំាងនេះធ្វើការសិក្សាអំពីការអភិវឌ្ឍទន្លេមេគង្គប្រកបដោយនិរន្តរភាព ដោយផ្តោតលើផលប៉ះពាល់នៃទំនប់តាមដងទន្លេ។
យោងតាមសេចក្តីថ្លែងការណ៍មួយពីគណៈកម្មការនេះបានឲ្យដឹងថា លោក ង្វៀន តាន់ឌុង នាយករដ្ឋមន្ត្រីវៀតណាម បានលើកឡើងនៅឯកិច្ចប្រជុំកំពូលនេះថា “ដើម្បីលើកឡើងការប្រឈមបែបនេះ កិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិ មិនគ្រប់គ្រាន់ទេ”។ លោកបន្តថា “យើងចាំបាច់ត្រូវតែពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ជាពិសេសក្នុងចំណោមប្រទេសនៅតាមដងទន្លេទាំងលើទំាងក្រោម តាមរយៈយន្តការពហុភាគីនិងអនុតំបន់ ដូចជា[គណៈកម្មការនេះ]។
ប៉ុន្តែអង្គការទន្លេអន្តរជាតិ(International Rivers) ជាអង្គការតស៊ូមតិមានមូលដ្ឋាននៅសហរដ្ឋអាមេរិកដែលចង់ឲ្យបញ្ឈប់គម្រោងសាងសង់ទំនប់ ដន សាហុង រហូតដល់ធ្វើការសិក្សាបន្ថែមទៀត និងពិនិត្យពេញលេញ បានលើកឡើងថា សមាជិកគណៈកម្មការនេះទន់ភ្លន់ពេក ចំពោះប្រទេសឡាវ។
អង្គការនេះបានលើកឡើងក្នុងសេចក្តីប្រកាសមួយកាលពីថ្ងៃសៅរ៍ថា “យើងមានការខក ចិត្តដែលបណ្តាមេដឹកនាំមិនព្រមថ្កោលទោសការប្រញាប់ប្រញាល់សាងសង់ទំនប់នៅតាមដងទន្លេមេគង្គបច្ចុប្បន្ននេះ”។
សេចក្តីថ្លែងការណ៍នេះបន្តថា “លទ្ធភាពក្នុងការធ្វើសេចក្តីសម្រេចដែលត្រូវបានជូនដំណឹងផ្អែកលើទិន្នន័យសុក្រឹត និងការសិក្សាបែបវិទ្យាសាស្ត្រ គួរតែមានលក្ខខណ្ឌជាមុនសម្រាប់ ការចាប់ផ្តើមពិភាក្សាអំពីថាតើត្រូវសាងសង់ទំនប់នៅតាមដងទន្លេមេគង្គយ៉ាងណា។
ពាក្យដោយគ្មានសកម្មភាព គឺគ្មានន័យឡើយ។រដ្ឋាភិបាលឡាវត្រូវតែឈប់គ្រប់គ្រងការសាងសង់ទំនប់នៅតាមដងទន្លេមេគង្គតាមចិត្តរបស់ខ្លួន”។ ប្រទេសកម្ពុជាគ្រោងនឹងទទួលកិច្ចប្រជុំគណៈកម្មការបន្ទាប់ក្នុងឆ្នាំ២០១៨៕ប៊ុននី