តំណាងសហជីពមួយរូបបានឲ្យដឹងថា កម្មករប្រហែល២០០នាក់ដែលធ្វើការនៅក្រុមហ៊ុនស៊ីម៉ងត៍់កំពត បានធ្វើកូដកម្មរយៈពេលជាច្រើនម៉ោងកាលពីម្សិលមិញ ដើម្បីទាមទារប្រាក់ឈ្នួលខ្ពស់ជាងមុន និងពេលវេលាឈប់សម្រាកប្រសើរជាងមុន។
លោក យ៉ាន់ ធី អគ្គលេខាធិការសហព័ន្ធសហជីពកម្មករសំណង់ និងឈើកម្ពុជា បានមានប្រសាសន៍ថា “ មូលហេតុដែលពួកគេធ្វើកូដកម្មគឺដោយសារតែពួកគេចង់ឲ្យក្រុមហ៊ុន Banjamag អនុវត្តប្រាំចំណុច” ដែលត្រូវបានព្រមព្រៀងកាលពីឆ្នាំ២០១០។ ក្រុមហ៊ុននេះបានចុះកិច្ចសន្យាជាមួយកម្មករឲ្យធ្វើការឲ្យក្រុមហ៊ុនស៊ីម៉ង់ត៍កំពត។
ក្រៅពីទាមទារសិទ្ធិឈប់សម្រាកប្រចាំឆ្នាំមានប្រាក់ឈ្នួល និងមិនធ្វើការនៅក្នុងថ្ងៃបុណ្យជាតិ កម្មករក៏ទាមទារឲ្យក្រុមហ៊ុននេះអនុញ្ញាតឲ្យលោក ឈុន ពៅ មេដឹកនាំសហជីពមួយរូបចូលធ្វើការជាអ្នកផលិតស៊ីម៉ង់ត៍វិញផងដែរ។
កាលពីពីរឆ្នាំមុន លោក ឈុន ពៅ ត្រូវបានប្រាប់ថា លោកត្រូវធ្វើការជាកម្មករជីកដី។លោកបានមានប្រសាសន៍ថា “ខ្ញុំត្រូវគេរើសអើង ពីព្រោះខ្ញុំជាមេដឹកនាំសហជីព”។ កាលពីរសៀលម្សិលមិញ ក្រុមហ៊ុន Ban-jamag បានយល់ព្រមឆ្លើយតបតាមសំណើទាំងពីរនេះ ហើយកម្មករភាគច្រើនបានត្រឡប់ចូលធ្វើការវិញហើយ៕ សុធា