មន្ត្រីម្នាក់បានឲ្យដឹងថា មានគ្រោះថ្នាក់ចរាចរណ៍ចំនួន១៨៥ករណីបានកើតឡើងនៅទូទាំងប្រទេសអំឡុងបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិក្នុងឆ្នាំនេះ ដោយបណ្តាលឲ្យមនុស្សចំនួន៤៨នាក់បាត់បង់ជីវិតនិង៤០៦នាក់រងរបួស។ វាជាតួលេខមួយបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍និងអ្នករងរបួសមានការកើនឡើងប៉ុន្តែចំនួនអ្នកស្លាប់វិញបានថយចុះជិត៣០ភាគរយបើធៀបទៅនឹងពេលចូលឆ្នាំខ្មែរប្រពៃណីជាតិកាលពីឆ្នាំមុន។
កាលពីឆ្នាំមុនគ្រោះថា្នក់ចរាចរណ៍បានកើតឡើងចំនួន១៤៨ករណី ក្នុងនោះមានមនុស្សចំនួន៦៧នាក់បានស្លាប់និង៣០៣នាក់រងរបួស។នរគបាលបានធ្វើរបាយការណ៍ស្តីពីចំនួនគ្រោះថ្នាក់ចរាចរណ៍ទាំងនេះក្នុងរយៈពេលប្រាំថ្ងៃដែលរួមមានអំឡុងពេលបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិចំនួនបីថ្ងៃ និងថ្ងៃមុននិងក្រោយបុណ្យចូលឆ្នាំខ្មែរដែលជាថ្ងៃប្រជាពលរដ្ឋជាច្រើននាំគ្នាធ្វើដំណើរទៅនិងត្រឡប់ពីស្រុកកំណើតរបស់ខ្លួននៅតាមបណ្តាខេត្តមកវិញ។
យោងតាមលោក ហុឹម យ៉ាន ប្រធាននាយកដ្ឋានសណ្តាប់ធ្នាក់សាធារណៈនៅក្រសួងមហាផ្ទៃបានឲ្យដឹងថា អំឡុងបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិឆ្នាំនេះ គ្រោះថ្នាក់ចរាចរណ៍បានកើនឡើងច្រើនជាងឆ្នាំមុន៣៧ករណី បើគិតជាភាគរយវិញគឺកើនឡើងច្រើនជាងឆ្នាំមុន២៥ភាគរយ ខណៈការរងរបួសមានការកើនឡើងជាងឆ្នាំមុនចំនួន៣៣ភាគរយ។ លោកបានឲ្យដឹងបន្ថែមថា តែទោះជាយ៉ាងណា ការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅក្នុងឆ្នាំនេះគឺតិចជាងឆ្នាំមុនចំនួន១៩នាក់ ពោលគឺមានការធ្លាក់ចុះជាង២៨ភាគរយ។
លោក ហុឹម យ៉ាន បានលើកឡើងថា គ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំនេះ ភាគច្រើនគឺកើតឡើងដោយសារការបើកលឿនពេក ពោលគឺមានចំនួនសរុប៣៣ភាគរយ រីឯគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងដោយសារការបើកបរពេលស្រវឹងវិញគឺមានចំនួន១៥ភាគរយ។
គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរនេះមាន៤០ភាគរយបានកើតឡើងដោយសារការបើកជែងគ្នា ១១ភាគរយកើតឡើងដោយសារការមិនគោរពច្បាប់ចរាចរណ៍ ១៤ភាគរយកើតឡើងដោយសារអ្នកបើកបរបើកលើចំណែកផ្លូវអ្នកដទៃ និង៦ភាគរយកើតឡើងដោយសារការបើកបរធ្វេសប្រហែស។
លោក ជឹម សុវណ្ណ ប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាបបានឲ្យដឹងថា នៅក្នុងខេត្តសៀមរាប ជាទីដែលពលរដ្ឋខ្មែរនិងភ្ញៀវទេសចរជាច្រើនបាននាំគ្នាទៅចូលរួមអង្គរសង្ក្រានដែលត្រូវបានប្រារព្ធក្នុងរយៈពេលចំនួនបីថ្ងៃនៅឧទ្យានបុរាណអង្គរនោះ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងតែបួនករណីប៉ុណ្ណោះអំឡុងបុណ្យចូលឆ្នាំប្រពៃណីជាតិឆ្នាំនេះ។
ហើយក្នុងហេតុការណ៍ទាំងបួនករណីនេះ មានមនុស្សពីរនាក់បានស្លាប់និងពីរនាក់ផ្សេងទៀតរងរបួសធ្ងន់។ លោកបានមានប្រសាសន៍ថា “គ្រោះថ្នាក់ចរាចរណ៍ភាគច្រើន គឺបង្កឡើងដោយម៉ូតូបុកជាមួយនឹងម៉ូតូ”៕ ស៊ុយឈាង