និយោជិតនិងតំណាងសហជីពបានឲ្យដឹងកាលពីម្សិលមិញថា អ្នកបើកបររថយន្តក្រុងយ៉ាងតិចប្រាំបីនាក់មកពីក្រុមហ៊ុនដឹកជញ្ជូនសូរិយាភ្នំពេញ ត្រូវបានបណ្តេញចេញកាលពីសប្តាហ៍មុន ដោយសារដឹកនាំកូដកម្មមួយមុនបុណ្យចូលឆ្នាំខ្មែរ ដើម្បីទាមទារប្រាក់ខែខ្ពស់ជាងនេះ។
អ្នកបើកបរប្រហែល៨០នាក់បានបន្តកូដកម្មកាលពីថ្ងៃទី៣ ខែមេសា ដោយទាមទារឲ្យដំឡើងប្រាក់៦០ដុល្លារពីលើប្រាក់ខែ១២០ដុល្លាររបស់ខ្លួន ផលប្រយោជន៍បន្ថែមមួយចំនួន និងការផ្លាស់ប្តូរគោលនយោបាយ ដែលនឹងអាចឲ្យពួកគេដឹកអ្នកដំណើរបង់ប្រាក់មិនកំណត់តាមផ្លូវរថយន្តក្រុងដើម្បីលើកស្ទួយប្រាក់ចំណូលរបស់ខ្លួន។
អ្នកបើកបរចំនួនប្រាំបួននាក់ត្រូវបានបណ្តេញចោលបន្តបន្ទាប់ដោយសារបានចូលរួមជាមួយសហព័ន្ធការងារកម្ពុជា និងបានចូលរួមក្នុងទិវាសកម្មភាពឧស្សាហកម្ម នេះបើយោងតាមលោក វ៉ន សម្បត្តិ ដែលជាប្រធានសហជីពអ្នកបើកបរនៅក្នុងក្រុមហ៊ុននេះ រហូតដល់លោកត្រូវបានបណ្តេញចោលជាមួយនឹងអ្នកបើកបរប្រាំពីរនាក់ទៀតកាលពីថ្ងៃទី១០ និង១១ខែមេសា។ លោកបានមានប្រសាសន៍ថា “យើងត្រូវបានបណ្តេញចេញ ពីព្រោះយើងបានចូលរួមជាមួយសហជីពនេះ បន្ទាប់មកចូលរួមកូដកម្ម”។
ឈ្មោះ ឈិត ពេញ ឃុន សៅនី និង យឹមគុយបា ដែលរួមជាមួយនឹងលោក វ៉ន សម្បត្តិបានធ្វើជាតំណាងថ្នាក់ដឹកនាំសហជីពផងដែរនោះត្រូវបានបណ្តេញចេញជាមួយនឹងសមាជិកសហជីពបួនរូបទៀត ឯតំណាងម្នាក់ឈ្មោះ សេង អុឹងឡេង បានសម្រេចចេញពីសហជីពនេះដើម្បីរក្សាការងាររបស់ខ្លួន។
លោក វ៉ន សម្បត្តិ បានមានប្រសាសន៍ថា “អ្នកបើកបរផ្សេងទៀតត្រូវបានគំរាមថាប្រសិនពួកគេមិនចេញពីសហជីពទេ ពួកគេក៏នឹងត្រូវបណ្តេញចេញដែរ”។
លោក វ៉ន សម្បត្តិ បានឲ្យដឹងថា អ្នកបើកបររថយន្តក្រុងជាង៤០នាក់បានធ្វើកូដកម្មជាលើកទី២កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រដើម្បីតវ៉ាការដេញចោលនេះ។ លោកបានបន្ថែមថា សមាជិកសហជីពនឹងដាក់ញត្តិមួយថ្ងៃនេះទៅក្រសួងការងារ អំពីការបណ្តេញចេញមិនត្រឹមត្រូវនេះ។
លោក ច័ន្ទ សុផាន់ណា អគ្គនាយករបស់ក្រុមហ៊ុនដឹកជញ្ជូនសូរិយា បានបញ្ជាក់ថា អ្នកបើកបររថយន្តក្រុងចំនួនប្រាំបីនាក់បានចេញពីក្រុមហ៊ុន ប៉ុន្តែលោកបានអះអាងថា មានតែបួននាក់ប៉ុណ្ណោះត្រូវបានបណ្តេញចេញឯបួននាក់ទៀតបានចេញដោយខ្លួនឯង។
លោកបានមានប្រសាសន៍ថា “យើងបានអញ្ជើញនិយោជិតទាំងនេះមកដោះស្រាយការខ្វែងគំនិតរបស់ខ្លួនជាមួយក្រុមហ៊ុនពីរបីលើកមកហើយ ប៉ុន្តែពួកគេមិនព្រមមកទេ ប៉ុន្តែក្រុមហ៊ុនបានចាត់ការអនុលោមទៅតាមច្បាប់ការងារកម្ពុជា” ។
លោក សុផាន់ណា បន្តថា ការកាត់បន្ថយចំនួនអ្នកបើកបរនៅក្រុមហ៊ុននេះបានកើតឡើ់ង ដោយសារតម្រូវការកាត់បន្ថយការចំណាយ ហើយមិនទាក់ទងនឹងសកម្មភាពកូដកម្ម និងការចូលរួមជាមួយសហជីពទេ។ លោកបានមានប្រសាសន៍ថា “ប្រសិនយើងចង់បណ្តេញពួកគេចោល ដោយសារតែកូដកម្មនោះ យើងនឹងបណ្តេញនិយោជិតជាច្រើនទៀតហើយ”។
លោក គង់ អាទិត្យ អគ្គលេខាធិការរបស់សហព័ន្ធការងារកម្ពុជា បានលើកឡើងថា “វាច្បាស់ណាស់ថា ក្រុមហ៊ុននេះកំពុងតែរើសអើងសហជីព”។ លោកបានមានប្រសាសន៍បន្ថែមទៀតថា “ហើយបណ្តេញថ្នាក់ដឹកនាំរបស់ខ្លួនដោយសារតែការធ្វើកូដកម្ម។ វាជាការរំលោភច្បាប់ការងារយ៉ាងច្បាស់”៕ប៊ុននី