កាលពីម្សិលមិញ អ្នកភូមិជិត២០០នាក់មកពីសហគមន៍ផ្សេងៗគ្នាចំនួន២៥បាននាំគ្នាមកជួបជុំនៅសាលាខេត្តមណ្ឌលគិរី ដើម្បីដាក់ពាក្យបណ្តឹងនិងដាក់ញត្តិមួយចំនួនអំពាវនាវឲ្យមានការបញ្ចប់ការកាប់ឈើខុសច្បាប់និងការធ្វើឲ្យបរិស្ថានកាន់តែហិនហោច។
ការមកជួបជុំនេះបានកើតឡើង ពីរថ្ងៃបន្ទាប់ពីនគរបាលឃុំប្រដាប់ដោយអាវុធបានរារាំងសកម្មជនការពារសិទ្ធិមនុស្សនិងអ្នកកាសែតចំនួន១៦នាក់មិនឲ្យចូលទៅកាន់តំបន់ដីដែលមានវិវាទនៅឃុំស្រែព្រះ ស្រុកកែវសីមា។ អាជ្ញាធរបានអះអាងថា ក្រុមនេះគ្មានការអនុញ្ញាតឲ្យបន្តដំណើរតាមផ្លូវសាធារណៈនោះទេ ហើយខ្លួនក្លាចក្រែងការផ្សព្វផ្សាយព័ត៌មានអាចធ្វើឲ្យមានការប្រើអំពើហិង្សាបន្ថែមទៀតពីសំណាក់ក្រុមហ៊ុនកាប់ឈើ។
លោក ស្រើញ ម៉ាច តំណាងអ្នកភូមិមកពីសហគមន៍ជនជាតិភាគតិចព្នង នៅក្នុងឃុំស្រែព្រះ បានលើកឡើងថា គាត់មានសង្ឃឹមថា អ្នកភូមិនឹងមានសំណាងច្រើននៅក្នុងការទាញចំណាប់អារម្មណ៍អាជ្ញាធរខេត្តឲ្យឈានទៅរកដំណោះស្រាយទាក់ទិននឹងវិវាទដីធ្លីរបស់ខ្លួន។
លោក ម៉ាច បានថ្លែងថា “បី ឬបួនឆ្នាំមកហើយ បញ្ហាជាច្រើនរបស់ជនជាតិភាគតិចមិនដែលត្រូវបានអាជ្ញាធរស្រុកនិងអាជ្ញាធរឃុំដោះស្រាយនោះទេ។ អ្នកភូមិជនជាតិភាគតិចព្រួយបារម្ភអំពីព្រៃសហគមន៍របស់យើង។ ទៅថ្ងៃអនាគត ព្រៃនេះនឹងត្រូវរងការបំផ្លិចបំផ្លាញដោយក្រុមហ៊ុនកាប់ឈើ ដោយធ្វើឲ្យអ្នកជំនាន់ក្រោយគ្មាននៅសល់អ្វីនោះទេ”។
អ្នកភូមិនៅក្នុងឃុំស្រែព្រះបានចោទប្រកាន់ក្រុនហ៊ុនចំនួនពីរគឺ ក្រុមហ៊ុនសុវណ្ណរាជសី និងក្រុមហ៊ុន Bin Fuerk I ជាយូរមកហើយថា បានកាប់ឈើដោយខុសច្បាប់នៅលើដីដែលមានវិវាទ។ ការព្យាយាមចូលទៅកាន់តំបន់ដីមានវិវាទកាលពីថ្ងៃសៅរ៍ ត្រូវបានរៀបចំឡើងដោយអង្គការសិទ្ធិមនុស្សដែលសង្ឃឹមថា នឹងអាចធ្វើឲ្យបញ្ហាជាប់គាំងនៅក្នុងវិវាទដីធ្លីរបស់អ្នកភូមិត្រូវមជ្ឈដ្ឋានទូទៅដឹងឮ។
លោក ម៉ាច បានមានប្រសាសន៍ថា “កាលពីមុនៗមក យើងអាចរស់រានមានជីវិតដោយអាស្រ័យលើព្រៃឈើ ប៉ុន្តែតើអាចឲ្យយើងបន្តរស់ទៅមុខទៀតបានតាមរបៀបណា ប្រសិនបើព្រៃសហគមន៍របស់យើងត្រូវបំផ្លិចបំផ្លាញ? ដីព្រៃសហគមន៍ឥឡូវនេះក្លាយជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឯកជនទៅហើយ។
លោក ម៉ាច និងលោក យីម លុច អភិបាលរងខេត្តមណ្ឌលគិរី បានឲ្យដឹងថា អាជ្ញាធរខេត្តបានជួបនិយាយជាមួយអ្នកភូមិ ស្ទើរពេញមួយថ្ងៃ ហើយបានធានាចំពោះពួកគាត់ថា នឹងជួយស្វែងរកដំណោះស្រាយឲ្យពួកគាត់។
លោក លុច បានមានប្រសាសន៍ថា “យើងនឹងបំភ្លេចរឿងអតីតកាលចោល ហើយយើងទាំងអស់គ្នារួមជាមួយអាជ្ញាធរ ខេត្ត មន្ទីរបរិស្ថាន និងរដ្ឋាបាលព្រៃឈើនឹងព្យាយាមស្វែងរកដំណោះស្រាយជូនអ្នកភូមិទោះបីជានៅតែមានការតវ៉ាក៏ដោយ”។
លោក វង្ស កុសល មន្ត្រីផ្នែកច្បាប់នៅវេទិកាមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum on Cambodia) ដែលរៀបចំដំណើរចុះទៅតំបន់ដីមានវិវាទនេះ បានលើកឡើងថា លោកសង្ឃឹមថា ញត្តិនេះនឹងទទួលបានលទ្ធផល។ លោកបានថ្លែងថា “យើងគំាទ្រសកម្មភាពរបស់អ្នកភូមិជនជាតិភាគតិចដែលទៅសាលាខេត្តនិយាយជាមួយអាជ្ញាធរ”៕ស៊ុយឈាង