នគរបាលនិងមន្ត្រីគណបក្សប្រឆាំងបានឲ្យដឹងកាលពីម្សិលមិញថា កាលពីថ្ងៃអាទិត្យនគរបាលបានឃាត់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិម្នាក់និងបានរឹបអូសយកវីស៊ីឌីនយោបាយចំនួន៣៤៧បន្ទះដែលគាត់កំពុងដឹកទៅកាន់ទីស្នាក់ការគណបក្សនេះនៅក្នុងរាជធានីភ្នំពេញ។
លោក យឹម សិរីវណ្ណ នាយប៉ុស្ដិ៍សង្កាត់ច្រាំងចំរេះ១ បាននិយាយថា អឹុម ណាំគា អាយុ២៩ឆ្នាំកំពុងជិះម៉ូតូតាមខណ្ឌប្ញស្សីកែវទៅកាន់ទីស្នាក់ការគណបក្សសង្គ្រោះជាតិនៅខណ្ឌមានជ័យ នៅពេលនោះនគរបាលបានឃាត់ខ្លួនគាត់។ លោក សិរីវណ្ណ បាននិយាយថា លោក ណាំគា ដែលអាជ្ញាធរស្គាល់ថា ជាសកម្មជនគណបក្សសង្គ្រោះជាតិ បានប៉ុនប៉ងគេចខ្លួន ប៉ុន្តែត្រូវបានឃាត់ខ្លួនយកមកសាកសួរ។
លោក សិរីវណ្ណ បាននិយាយថា “យើងមិនបានឃាត់ខ្លួនលោក ណាំគា ទេ យើងគ្រាន់តែហៅគាត់មកសាកសួរ បន្ទាប់ពីគាត់បានព្យាយាមរត់គេចពីមន្ត្រីនគរបាល”។ នៅពេលសួរពីមូលហេតុដែលនគរបាលឃាត់ខ្លួនលោក ណាំគា លោក សិរីវណ្ណ បានបដិសេធមិនធ្វើអត្ថាធិប្បាយ និងបានបង្វែរសំណួរទៅលោក ហ៊ុយ ម៉ូរ៉ា ជាចៅសង្កាត់។
លោក ម៉ូរ៉ា បានបដិសេធមិនធ្វើអត្ថាធិប្បាយ ដោយនិយាយថា លោក ណាំគា ត្រូវបានឃាត់ខ្លួននៅការិយាល័យរបស់លោករយៈពេលខ្លី ហើយបន្ទាប់មកបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ។
លោក ឯក សិរីវុធ នាយការិយាល័យនគរបាលព្រហ្មទណ្ឌខណ្ឌប្ញស្សីកែវបានបដិសេធថា លោកមិនបានដឹងអំពីការចាប់ខ្លួន ឬការឃាត់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិវ័យក្មេងរូបនេះទេ។ លោកបាននិយាយថា “មិនមានរឿងបែបនេះទេ នគរបាលខណ្ឌមិនបានដឹងទេ”។
យោងតាមលោក ឃុន សំណាង លេខាគណបក្សសង្គ្រោះជាតិប្រចាំខណ្ឌប្ញស្សីកែវបានឲ្យដឹងថា វីស៊ីឌីទាំងនោះ បង្ហាញពីអំពើហិង្សារបស់នគរបាល និងការបង្ក្រាបរបស់យោធាលើសកម្មជនដីធ្លី និងសកម្មជនការងារ និងអំពីការវិលត្រឡប់របស់លោក សម រង្ស៊ី ចូលប្រទេសកម្ពុជាវិញកាលពីឆ្នាំមុន ព្រមទាំងវីដេអូឃោសនាអំពីគណបក្សប្រឆាំងជាច្រើនទៀត។
លោក សំណាង បាននិយាយថា “នគរបាលបានចោទគាត់ថា បានធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ។ ខ្ញុំគិតថា គណបក្សប្រជាជនកម្ពុជាកំពុងប្រើប្រាស់ការបំភិតបំភ័យដើម្បីទប់ស្កាត់សេរីភាពនៃការបញ្ចេញមតិ។ លោក ណាំគា មិនបានធ្វើអ្វីខុសច្បាប់ទេ”។
កាលពីថ្ងៃទី១៧ ខែមេសា នៅឯពិធីរំឭកខួបទី៣៩របស់គណបក្សសង្គ្រោះជាតិពីការដែលខ្មែរក្រហមផ្ដួលរំលំរដ្ឋាភិបាលក្រុងភ្នំពេញ លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌដង្កោ ជាគោលដៅវាយប្រហាររបស់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិមួយក្រុម បន្ទាប់ពីគាត់បានរារាំងស្ត្រីម្នាក់មិនឲ្យលក់វីស៊ីឌីគាំទ្រគណបក្សសង្គ្រោះជាតិ៕ គឹមហឿន