កាលពីម្សិលមិញ ក្រសួងពាណិជ្ជកម្មបានជួបប្រជុំជាមួយបេក្ខជនដែលឈរឈ្មោះប្រជែងយកតំណែងជាប្រធានសហព័ន្ធអ្នកនាំចេញអង្ករកម្ពុជា(CRF) ដែលទើបនឹងបង្កើតថ្មីដើម្បីវាយតម្លៃពីការដាក់ពាក្យរបស់បេក្ខជននីមួយៗនៅមុនការបោះឆ្នោតនៅចុងខែនេះ។
លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានជួបប្រជុំជាមួយពាណិជ្ជករ និងអ្នកជំនាញខាងឧស្សាហកម្ម រួមមានលោកឧកញ៉ា លីម ប៊ុនហេង អគ្គនាយកក្រុមហ៊ុនអង្ករ ឡូរ៉ង់ គ្រុប លោកឧកញ៉ា តែ តាំងប៉ោ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៃកម្ពុជា តំណាងលោកឧកញ៉ា ភូ ពុយ ប្រធានសមាគមម៉ាសីុនកិនស្រូវកម្ពុជា និងអ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប ជាដើម។
ប្រធានដែលជាប់ឆ្នោតនឹងដឹកនាំសហព័ន្ធនេះ ដែលមានបំណងប្រមូលក្រុមហ៊ុនម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញឲ្យរួបរួមគ្នា ដើម្បីពង្រឹងវិស័យឧស្សាហកម្មនេះ និងដើម្បីផ្សព្វផ្សាយអំពីអង្ករកម្ពុជានៅលើឆាកអន្តរជាតិ។
លោក លីម ប៊ុនហេង បានមានប្រសាសន៍សំដៅដល់ការធ្វើសមាហរណកម្មរបស់កម្ពុជាចូលក្នុងសហគមន៍អាស៊ានក្នុងឆ្នាំ២០១៥ថា “យើងចង់ជួយកម្ពុជាពង្រីកទីផ្សារអង្កររបស់ខ្លួន និងបង្កើនផលិតកម្ម និងការលក់ពីមួយឆ្នាំទៅមួយឆ្នាំ។ យើងនឹងលក់អង្កររបស់យើងទៅទីផ្សារក្នុងតំបន់ គឺមិនចាំបណ្តោយឲ្យអង្ករនៅក្នុងតំបន់ហូរចូលមកក្នុងទីផ្សាររបស់យើងនោះទេ”។
សមាគមនេះសង្ឃឹមថា នឹងសម្រេចបានតាមចំណុចដៅប្រកបដោយមហច្ឆិតារបស់រដ្ឋាភិបាលក្នុងការនាំចេញអង្ករឲ្យបាន១លានតោនក្នុងឆ្នាំ២០១៥។កាលពីឆ្នាំមុន ការនាំអង្ករសរុបបានកើនឡើងដល់ត្រឹមតែ៣៧៨.៨៥៦តោនប៉ុណ្ណោះ។ នៅដើមឆ្នាំ២០១៤មានលទ្ធផលគួរឲ្យខកចិត្ត ដោយសារការនាំចេញពីខែមករា ដល់ខែមីនាបានធ្លាក់ចុះ១១ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានេះកាលពីឆ្នាំមុន។
ទោះបីជាបេក្ខជនពីររូប គឺអ្នកឧកញ៉ា គិត ម៉េង និងលោកឧកញ៉ា តែ តាំងប៉ោ មិនបានបោះទុនច្រើនលើឧស្សាហកម្មស្រូវអង្ករក៏ដោយ ក៏លោកឧកញ៉ា តែ តាំងប៉ោ បានមានប្រសាសន៍ថា លោកគិតថា លោកមានទំនាក់ទំនង និងចំណេះធ្វើក្នុងការដោះស្រាយបញ្ហាដែលធ្វើឲ្យរាំងស្ទះដល់វិស័យនេះ ដូចជា កង្វះគ្រឿងចក្រទំនើបៗ និងពូជស្រូវដែលមានគុណភាពខ្ពស់ជាដើម។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “ខ្ញុំកំពុងឈរឈ្មោះជាប្រធាន CRF ពីព្រោះខ្ញុំចង់ជួយសម្រេចចំណុចដៅនៃការនាំចេញអង្ករឲ្យបាន១លានតោននៅឆ្នាំ២០១៥។ ខ្ញុំអាចទៅស្វែងរក ទីផ្សារសម្រាប់អង្ករកម្ពុជាបាន ហើយបានលើកឡើងពីបញ្ហាទាំងនេះដល់រដ្ឋាភិបាលដើម្បីស្វែងរកដំណោះស្រាយ”៕ សុខុម