ចំពោះលោក សៀង រិទ្ធី វ័យ ២៧ ឆ្នាំជាប្រធានសហព័ន្ធសហជីពសាមគ្គីភាពការងារកម្ពុជា ការរត់គេចពីការចាប់ខ្លួនគឺជារឿងធម្មតាមួយ។
លោក សៀង រិទ្ធី បានលើកឡើងបន្តទៀតនៅក្នុងបទសម្ភាសមួយក្នុងបរិវេណវត្តឧណ្ណាលោម រាជធានីភ្នំពេញ កាលពីម្សិលមិញថា “យើងគ្រាន់តែបើកបរជុំវិញក្រុងដើម្បីកុំឲ្យអាជ្ញាធរចាប់អារម្មណ៍ ហើយពួកយើងបន្តផ្លាស់ប្ដូរផ្ទះសំណាក់ក្នុងក្រុង និងនៅជាយក្រុង។ ពេលខ្លះ ខ្ញុំក៏បិទទូរស័ព្ទរបស់ខ្ញុំដែរ ពីព្រោះខ្ញុំខ្លាចពួកគេតាមដានពួកយើងតាមបណ្ដាញស្រុីជី“។
បច្ចុប្បន្ន មេដឹកនាំសហជីពរូបនេះ និងប្រពន្ធរបស់លោកកំពុងបើករថយន្តតូយ៉ូតាកូរ៉ូឡា ពណ៌បៃតងរបស់ខ្លួនដើម្បីគេចខ្លួន បន្ទាប់ពីលោក និងមន្ត្រីសហជីពប្រាំមួយនាក់ទៀតត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់កម្មករកាត់ដេរបិទផ្លូវខាងមុខរោងចក្រស្បែកជើងវីងស្តា ក្នុងខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃអង្គារ។
លោកមានប្រសាសន៍ថា មនុស្សប្រាំមួយនាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន ខណៈពេលពួកគេកំពុងធ្វើដំណើរតាមរថយន្តពីរគ្រឿងបំពាក់ដោយឧគ្ឃោសនសព្ទឆ្ពោះទៅរោងចក្រវីងស្តា កន្លែងដែលមានហេតុការណ៍បាក់រលំអគារបណ្ដាលឲ្យមានមនុស្សស្លាប់កាលពីឆ្នាំមុន។
សាលាដំបូងខេត្តកំពង់ស្ពឺ បានចោទប្រកាន់មនុស្សទាំងប្រាំមួយនាក់នេះកាលពីថ្ងៃអង្គារ ប៉ុន្តែនគរបាលមិនបានចាប់ខ្លួនលោក សៀង រិទ្ធី ដែលលើកឡើងថា លោកមានគម្រោងបិទផ្លូវជាតិ អំឡុងកូដកម្មនេះដោយការដុតកង់រថយន្តនោះទេ ដោយសារតែគាត់ចាកចេញពីផ្ទះយឺតយ៉ាវ។
អ្នកស្រី សែម ឡា អាយុ២៦ឆ្នាំ ជាភរិយារបស់លោក សៀង រិទ្ធី និយាយថា “នៅថ្ងៃណាមួយប្ដីរបស់ខ្ញុំមុខជាត្រូវអាជ្ញាធរចាប់ខ្លួនបានមិនខាន” ខណៈពេលដែលលោក សៀង រិទ្ធី សម្លឹងមើលទូរស័ព្ទ iPhone 5s ពណ៌ទឹកប្រាក់របស់លោក។
អ្នកស្រីនិយាយថា អ្នកស្រីបានតាមដានជាប់នូវសវនាការពន្យារពេលពីរលើកក្នុងការជំនុំជម្រះអ្នកតវ៉ា និងមេដឹកនាំសហជីព ដែលត្រូវបានចាប់ខ្លួនក្នុងពេលបង្ក្រាបកូដកម្មកាលពីខែមករា។
អ្នកស្រីបាននិយាយទៀតថា “ខ្ញុំបារម្ភថា គាត់នឹងមានវាសនាដូចមនុស្សទាំង២៣នាក់ ដែលសំណុំរឿងរបស់ពួកគេគ្មានដំណោះស្រាយ និងចេះតែពន្យារពេល ហើយពេលនោះយើងមិនដឹងថា គាត់នឹងត្រូវជាប់ពន្ធនាគារយូរប៉ុណ្ណាទេ “។ ការនិយាយបែបនេះបានធ្វើឲ្យលោក សៀង រិទ្ធី ផ្ទុះសំណើច។
លោក គឹម សុផាន់ណារ៉ា អធិការស្រុកគងពិសី បានបញ្ជាក់កាលពីម្សិលមិញថា ពេលនេះ នគរបាលកំពុងតាមចាប់ខ្លួនមេដឹកនាំសហជីពរូបនេះ ដើម្បីឃុំខ្លួនបណ្ដោះអាសន្ន។ លោកមានប្រសាសន៍ថា យើងកំពុងតាមស្វែងរក សៀង រិទ្ធី“។
លោក សៀង រិទ្ធី មានប្រសាសន៍ថា លោកបានចូលប្រឡូកក្នុងការងារជាសកម្មជនក្នុងឆ្នាំ២០១០ កាលលោកជានិស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដោយលោកបានស្ម័គ្រចិត្តធ្វើការនៅសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។
លោកបានមានប្រសាសន៍ថា “យើងបានដឹងពីការលំបាករបស់កម្មករ និងលក្ខខណ្ឌការងាររបស់ពួកគេ និងចំណុចខ្សោយរបស់សហជីពមួយចំនួនទៀត“។
កាលពីខែមេសា ឆ្នាំ២០១១ លោក សៀង រិទ្ធី និងមនុស្សមួយចំនួនទៀតនៅក្នុងសមាគមនេះ បានបង្កើតសហជីពថ្មីមួយឈ្មោះថា សហព័ន្ធសហជីពសាមគ្គីភាពការងារកម្ពុជា។
លោក សៀង រិទ្ធី បានពន្យល់ថា “ពេលនោះ យើងរវល់ខ្លាំងណាស់ជាមួយនឹងការធ្វើកូដកម្ម និងបាតុកម្ម ពោលគឺរៀងរាល់ខែ និងរាល់សប្ដាហ៍ចាប់តាំងពីពួកយើងបានព្យាយាមជួយកម្មករមក“។ លោកបានអះអាងថា ពេលនេះ សហជីពរបស់លោកមានសមាជិកចំនួន៥០.០០០នាក់នៅតាមរោងចក្រចំនួន២០។
យោងតាមលោក សៀង រិទ្ធី បានឲ្យដឹងថា សមាជិកម្នាក់ៗត្រូវបង់៥០សេនដុល្លារ ឲ្យសហជីពនេះក្នុងមួយខែៗ ដើម្បីជួយដល់សកម្មភាពរបស់ខ្លួន និងដើម្បីឲ្យសហជីពនេះមានលទ្ធភាពអាចកោះហៅមេដឹកនាំសហជីពផ្សេងទៀតឲ្យចូលរួមគាំទ្រក្នុងកូដកម្ម។
លោក សៀង រិទ្ធី បានលើកឡើងដោយមានមោទនភាពថា “ពេលនេះសហជីពទាំងអស់នៅតាមរោងចក្រនីមួយៗ សុទ្ធតែមានបទពិសោធន៍ធ្វើកូដកម្ម ដូចជាដុតកង់ឡាន និងបិទផ្លូវជាដើម“។
លោកបានអះអាងថា កាលពីព្រឹកថ្ងៃអង្គារ កម្មកររោងចក្រវីងស្តា បានសុំឲ្យសហជីពរបស់លោកជួយ បន្ទាប់ពីសហជីពសេរីកម្មករ ដែលធ្លាប់បានដឹកនាំកូដកម្មមុនៗ កាលពីចុងខែមេសា បានលុបចោលកូដកម្ម ដោយសារប្រឈមនឹងដីការបស់តុលាការ និងការគំរាមធ្វើមហាកូដកម្មបានបញ្ឈប់។
លោក សៀង រិទ្ធី បានមានប្រសាសន៍ថា សហជីពរបស់លោកដែលល្បីខាងតស៊ូមតិដ៏ខ្លាំងក្លាសម្រាប់កម្មករកាត់ដេរ ប៉ុន្តែដែលគ្មានសមាជិកណាម្នាក់របស់ខ្លួននៅរោងចក្រវីងស្តានោះ គឺជាជម្រើសដ៏ល្អសម្រាប់កម្មករដែលសហជីពរបស់ពួកគេមិនសូវហ៊ានធ្វើសកម្មភាពតវ៉ា។
លោកបានបន្តទៀតថា ” នៅពេលយើងធ្វើការនៅក្នុងវិស័យនេះ យើងដឹងពីជោគវាសនារបស់ខ្លួនទៅហើយ។ នៅថ្ងៃណាមួយ យើងនឹងត្រូវជាប់ពន្ធនាគារ ឬត្រូវចាប់ខ្លួន ហើយពេលនោះយើងនឹងត្រូវតស៊ូតាមផ្លូវច្បាប់“៕ សុខុម