យោងតាមច្បាប់ចម្លងនៃឯកសាររបស់តុលាការទទួលបានកាលពីម្សិលមិញឲ្យដឹងថា អ្នកជំនួញជនជាតិរុស្ស៊ី នីកូឡៃដូរ៉ូសេនកូ (Nikolai Doroshenko ) និង សេរហ្គេ ប៉ូឡុនស្គី (Sergei Polonsky) ជាប់ពាក់ព័ន្ធក្នុងវិវាទផ្លូវច្បាប់មួយជុំវិញបញ្ហាផ្ទេរសិទ្ធិជួលឆ្នេរជ័យជម្នះ នៅខេត្តព្រះសីហនុបន្ទាប់ពីមានការដោះលែងលោក ប៉ូឡុនស្គីពីពន្ធនាគារកាលពីខែមុន។
សាលាដំបូងខេត្តព្រះសីហនុ បានរារាំងលោក ដូរ៉ូសេនកូជាបណ្តោះអាសន្នមិនឲ្យផ្ទេរសិទ្ធិជួល៩៩ឆ្នាំដែលក្រុមហ៊ុនរបស់លោកកាន់កាប់ឆ្នេរមានផ្ទៃដី៣.៥៣៦ម៉ែត្រក្រឡាទៅឲ្យក្រុមហ៊ុនតៃវ៉ាន់មួយពីព្រោះគាត់បានរំលោភលក្ខខណ្ឌនៃកិច្ចសន្យាពីមុនមួយសម្រាប់ដីធ្លីជាមួយលោក ប៉ូឡុនស្គី ជាអតីតមហាសេដ្ឋីអចលនទ្រព្យជនជាតិរុស្ស៊ី។
នៅក្នុងច្បាប់ចម្លងនៃសេចក្តីសម្រេចរបស់តុលាការ “តុលាការមិនអនុញ្ញាតជាបណ្តោះអាសន្នឲ្យលោក នីកូឡៃ ដូរ៉ូសេនកូ លក់ ដោះដូរ ជួល បញ្ចាំ ផ្ទេរសិទ្ធិ ផ្តល់ជាអំណោយ ចែកកេរ្តិ៍ឬផ្តល់អំណោយនូវឆ្នេរជ័យជម្នះឡើយ…រាប់ទាំងអគារ កំពង់ផែនិងនាវាផងលុះត្រាតុលាការសម្រេចលើសំណុំរឿងក្តីនេះរួចរាល់សិន”។
សេចក្តីសម្រេចរបស់តុលាការចុះថ្ងៃទី៣០ ខែមេសានិងចុះហត្ថលេខាដោយលោក គឹម អេង ជាអនុប្រធានសាលាដំបូងខេត្តនៅថ្ងៃទី១៨ខែមករា ធ្វើឡើងបន្ទាប់ពីពាក្យបណ្តឹងមួយត្រូវបានដាក់ក្នុងនាមលោក ប៉ូឡុនស្គី។
ឆ្នេរជ័យជម្នះ ស្ថិតនៅជិតកំពង់ផែស្វយ័តព្រះសីហនុក្នុងសង្កាត់លេខ៣ត្រូវបានយល់ព្រមផ្តល់កិច្ចសន្យាជួលរយៈពេល៩៩ឆ្នាំទៅឲ្យក្រុមហ៊ុនវិនិយោគកោះពស់ ដែលជារបស់លោក ដូរ៉ូសេនកូ។
សេចក្តីសម្រេចរបស់តុលាការនេះមានខ្លឹមសារថា នៅថ្ងៃទី៨ខែមេសាឆ្នាំ២០១៣ លោក ដូរ៉ូសេនកូបានផ្ទេរកិច្ចសន្យាជួលឆ្នេរជ័យជម្នះនេះទៅឲ្យជនជាតិអ៊ុយក្រែនវ័យ៣៨ឆ្នាំម្នាក់ដែលឈ្មោះរបស់គាត់ត្រូវបានលុបចេញពីឯកសារ ហើយដែលក្រោយមកបានប្រគល់សិទ្ធិរបស់លោកឲ្យទៅលោក ប៉ូឡុនស្គី។
សេចក្តីសម្រេចរបស់តុលាការលើកឡើងថា ជនជាតិអ៊ុយក្រែនរូបនេះបានកក់ប្រាក់និងបានយល់ព្រមបង់ចំនួនប្រាក់នៅសល់នៃការវិនិយោគបន្ទាប់ពីទទួលបានលិខិតផ្លូវច្បាប់ពីការផ្ទេរនេះ។អ្នកតំណាងមកពីភាគីលោក ដីរ៉ូសេនកូ និងលោក ប៉ូឡុនស្គីបាននិយាយថាប្រាក់កក់នេះមានចំនួន២០០.០០០ដុល្លារបើទោះជាតួលេខនេះត្រូវបានលុបចេញពីឯកសាររបស់តុលាការក៏ដោយ។
ឯកសារតុលាការមានខ្លឹមសារថានៅខែបន្ទាប់មកទៀត បុរសជនជាតិអ៊ុយក្រែនរូបនេះមិនដែលបានទទួលលិខិតផ្ទេរសិទ្ធិនេះទេ។ ផ្ទុយទៅវិញ លោកដូរ៉ូសេនកូបានលក់កិច្ចសន្យាជួលនេះទៅឲ្យជនជាតិតៃវ៉ាន់ម្នាក់ដោយរំលោភកិច្ចសន្យា។ ទោះជាយ៉ាងណា មេធាវីរបស់លោកដូរ៉ូសេនកូ បានអះអាងកាលពីម្សិលមិញថា លោក ប៉ូឡុនស្គីនិយាយកុហកតុលាការឲ្យពួកគេសម្រេចជួសមុខគាត់និងបាននិយាយថា លោក ដូរ៉ូសេនកូបានធ្វើពាក្យបណ្តឹងតបវិញហើយ។
លោក ស៊ុន សំអុលមេធាវីរបស់លោក ដូរ៉ូសេនកូ បានលើកឡើងក្នុងអ៊ីម៉េលថា “ប៉ូឡុនស្គី និយាយកុហកថាគាត់បានបង់ប្រាក់ចំនួន២០០.០០០ដុល្លារឲ្យលោក ដូរ៉ូសេនកូដើម្បីទិញឆ្នេរជ័យជម្នះទំហំប្រមាណ៣.០០០ម៉ែត្រក្រឡា។ប៉ុន្តែតាមពិត ចាប់ពីមុនមកដល់ពេលនេះ ប៉ូឡុនស្គីមិនដែលបានបង់ប្រាក់ឲ្យលោក ដូរ៉ូសេនកូ ដើម្បីទិញ ឬ ផ្ទេរសិទ្ធិជួលឆ្នេរជ័យជម្នះទេ”។
លោក សំអុលក៏បានមានប្រសាសន៍ដែរថា ដូរ៉ូសេនកូបានលក់ភាគហ៊ុនភាគច្រើននៅក្នុងក្រុមហ៊ុនវិនិយោគកោះពស់ទៅឲ្យក្រុមហ៊ុនចិនមួយកាលពីចុងឆ្នាំមុន។លោកបានមានប្រសាសន៍ថា “នៅដំណាច់ឆ្នាំ២០១៣ភាគហ៊ុនរបស់ក្រុមហ៊ុននេះបានផ្ទេរសិទ្ធិទៅឲ្យជនជាតិចិនរួចហើយ។ មានន័យថាឆ្នេរជ័យជម្នះមិនស្ថិតក្រោមការត្រួតត្រារបស់ ដូរ៉ូសេនកូទៀតទេ”។
កាលពីឆ្នាំមុន លោក ប៉ូឡុនស្គីបានប្រឈមនឹងវិវាទផ្លូវច្បាប់មួយចំនួនទាំងនៅក្នុងប្រទេសកម្ពុជានិងប្រទេសរុស្ស៊ី។លោកត្រូវបានគេតាមចាប់ខ្លួននៅក្នុងប្រទេសរុស្ស៊ីជុំវិញការចោទប្រកាន់ពីបទកិបកេងប្រាក់ជាង១៨០លានដុល្លារពីក្រុមវិនិយោគិននៅក្នុងគម្រោងអចលនទ្រព្យនៅក្នុងទីក្រុងមូស្គូ។ កាលពីខែមុន តុលាការកម្ពុជាមួយបានបដិសេធជាលើកទី២ចំពោះសំណើសុំធ្វើបត្យាប័នពីប្រទេសរុស្ស៊ី។
នៅក្នុងប្រទេសកម្ពុជាគាត់ប្រឈមនឹងការចោទប្រកាន់ជុំវិញការវាយបុរសជនជាតិខ្មែរចំនួនប្រាំមួយនាក់ដែលធ្វើការនៅលើទូកនៅក្នុងសមុទ្រខេត្តព្រះសីហនុកាលពីក្នុងខែធ្នូ ឆ្នាំ២០១២។មន្ត្រីសាលាដំបូងខេត្តព្រះសីហនុកន្លងមកបាននិយាយថាការកាត់ទោស លោកប៉ូឡុនស្គីត្រូវបានពន្យារពេលដោយគ្មានពេលកំណត់ហើយកាលពីម្សិលមិញបានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ៕ប៊ុននី