ក្រុមហ៊ុន Grand Twins International (Cambodia) Co.Ltd. ជាក្រុមហ៊ុនផលិតសម្លៀកបំពាក់កីឡាអត្តពលកម្មអាមេរិកបានពន្យារពេលការចុះបញ្ជីរបស់ខ្លួនជាថ្មីម្តងទៀតនៅលើផ្សារហ៊ុនកម្ពុជា(CSX) នេះបើយោងតាមអ្នកធានារបស់ក្រុមហ៊ុននេះ បានឲ្យដឹងកាលពីម្សិលមិញ។
យោងតាមលោក គុយ វ៉ាត់ ប្រធានផ្សារហ៊ុនភ្នំពេញ (PPS) ជាអ្នកធានារបស់ក្រុមហ៊ុន Grand Twins បានឲ្យដឹងថា ក្រុមហ៊ុននេះរំពឹងនឹងចុះបញ្ជីនៅថ្ងៃនេះ ប៉ុន្តែដោយសារតែបញ្ហាបច្ចេកទេសធ្វើឲ្យក្រុមហ៊ុននេះត្រូវពន្យារពេល។ លោកមានប្រសាសន៍ថា ”ផ្អែកលើព័ត៌មានដែលខ្ញុំទទួលបាន វានឹងត្រូវពន្យារពេល។ មានបញ្ហាបច្ចេកទេសខ្លះដែលនាំឲ្យមានការពន្យារពេល”។
លោក វ៉ាត់ បានបដិសេធមិនបរិយាយលម្អិតទេ ហើយបានមានប្រសាសន៍ថា លោកមិនដឹងថា ពេលណាក្រុមហ៊ុននេះនឹងចុះបញ្ជីឡើយ។ លោកបានឲ្យដឹងថា” អ្នកអាចសួរនាយកប្រធានប្រតិបត្តិបាន ពីព្រោះគាត់ជាមនុស្សតែម្នាក់គត់ ដែលអាចកំណត់កាលបរិច្ឆេទជាក់លាក់”។
អេដឌី លីអៅ (Eddie Liao) ប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុន Grand Twins មិនអាចទាក់ទងសំុការអត្ថាធិប្បាយបានទេ។
លោក ឡាមុន សូឡេល (Lamun Soleil) អនុប្រធានផ្នែកប្រតិបត្តិការទីផ្សាររបស់ CSX បានមានប្រសាសន៍ថា CSX គ្មានព័ត៌មានថ្មីអំពីការចុះបញ្ជីរបស់ក្រុមហ៊ុន Grand Twins ទេ។
លោកបានឲ្យដឹងថា “ដូចដែលបណ្តាញព័ត៌មានលើកឡើងថា ថ្ងៃទី២៩ ខែឧសភាត្រូវបានកំណត់ដោយ PPS ខ្លួនឯង។ យើងមិនអាចនិយាយអ្វីថា ក្រុមហ៊ុននេះនឹងចុះបញ្ជីនៅពេលណាទេ ពីព្រោះយើងមិនបានទទួលឯកសារណាមួយពីក្រុមហ៊ុនឡើយ”។ លោកបានបន្តថា “ក្រុមហ៊ុន CSX មិនបានយល់ស្របជាមួយក្រុមហ៊ុនេនះ ពាក់ព័ន្ធនឹងការចុះបញ្ជីនៅឡើយទេ ពីព្រោះថា តើក្រុមហ៊ុននេះអាចចុះបញ្ជីយ៉ាងម៉េចកើត ខណៈដែលក្រុមហ៊ុននេះគ្មានឯកសារគ្រប់គ្រាន់សម្រាប់ការចុះបញ្ជីនោះ?”។
ដើមឡើយក្រុមហ៊ុន Grand Twins គ្រោងនឹងចុះបញ្ជីឈ្មោះនៅថ្ងៃទី៨ ខែឧសភា ប៉ុន្តែនៅពាក់កណ្តាលខែមេសា ផ្សារហ៊ុន PPS បានចេញសេចក្តីប្រកាសមួយដែលថា កាលបរិច្ឆេទត្រូវបានពន្យារដល់ថ្ងៃទី២៩ ខែឧសភា។ ក្រុមហ៊ុននេះមិនបានផ្តល់ការពន្យល់ទេ។
គ្មានការចេញសេចក្តីប្រកាសនៅគេហទំព័រផ្សារហ៊ុនភ្នំពេញកាលពីម្សិលមិញទេ ប៉ុន្តែផ្ទាំងបដាធំមួយបានបង្ហាញលទ្ធផលដំណើរការចុះបញ្ជីរបស់ក្រុមហ៊ុន GrandTwins ដែលកត់ត្រាតម្រូវការរបស់វិនិយោគិន ក្នុងការកំណត់តម្លៃសម្រាប់ IPO។
ការចុះបញ្ជីតម្លៃផ្សារហ៊ុនចុងក្រោយសម្រាប់ក្រុមហ៊ុន Grand Twins គឺ ៩.៦៤០រៀល ឬប្រហែល២.៤១ដុល្លារ។ ក្រុមហ៊ុន Grand Twins នឹងជាក្រុមហ៊ុនទី២នៅលើផ្សារហ៊ុន និងជាក្រុមហ៊ុនឯកជនដំបូងដែលធ្វើពាណិជ្ជកម្មភាគហ៊ុន នៅពេលចុះបញ្ជីរួច។ រដ្ឋាករទឹកស្វយ័តភ្នំពេញគ្រប់គ្រងដោយរដ្ឋបានចុះបញ្ជីដំបូងគេក្នុងខែមេសាឆ្នាំ២០១២៕ ប៊ុននី