លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍កាលពីម្សិលមិញថា ប័ណ្ណកម្មសិទ្ធិដីធ្លីថ្មីជាង១២៥.០០០ប័ណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋ ចាប់តាំងពីលោកបានចាប់ផ្ដើមជំរុញជាសាធារណៈ ឲ្យផ្ដល់ឯកសារកាន់កាប់ដីរបស់ឯកជន កាលពីខែឧសភា ដោយមានជំនួយពីក្រុមនិស្សិតស្ម័គ្រចិត្តរាប់ពាន់នាក់។
ថ្លែងនៅក្នុងពិធីប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីថ្មីចំនួន៥០០ប័ណ្ណជូនប្រជាពលរដ្ឋនៅក្នុងស្រុកថ្មបាំងខេត្តកោះកុង លោក ហ៊ុនសែន បានមានប្រសាសន៍ថា ប័ណ្ណកម្មសិទ្ធិដីធ្លី ជាង១២៥.០០០ច្បាប់ ដែលចេញឲ្យចាប់តាំងពីខែឧសភាមកនោះ ត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋចំនួន៧៤.០៦៦គ្រួសារហើយគ្របដណ្ដប់ លើផ្ទៃដីសរុបទំហំ២១៤.០០០ហិកតា។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា “ខ្ញុំបានប្រគល់ដោយផ្ទាល់ដៃនូវប័ណ្ណ កម្មសិទ្ធិដីធ្លីចំនួន២២.៤៦៦ ប័ណ្ណជូនប្រជាពលរដ្ឋចំនួន១៣.៦១០ គ្រួសារនៅក្នុងខេត្តចំនួន២០”។ លោកបានមានប្រសាសន៍បន្ថែមថា ចាប់ពីពេលនេះទៅ លោកនឹងឈប់បង្ហាញខ្លួននៅក្នុងពិធីបែបនេះទៀតហើយ ហើយទុកការងារនេះឲ្យទៅមន្ត្រីផ្សេងទៀតធ្វើជំនួសលោកវិញ។
លោក ហ៊ុន សែន បានមានប្រសាសន៍បន្ថែមទៀតថា រាជធានីភ្នំពេញ និងខេត្តកណ្ដាលខេត្តប៉ៃលិន និងខេត្ត ព្រៃវែងត្រូវទុកឲ្យស្ថិតនៅក្រៅគម្រោងនេះ។
បន្ទាប់មក លោក បេង ហុងសុជាតិខេមរ៉ូអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា រាជធានីភ្នំពេញ និងខេត្តចំនួនបីទៀត មិនស្ថិតនៅក្នុងគម្រោងនេះទេ ពីព្រោះរាជធានី ភ្នំពេញ និងខេត្តចំនួនបីនេះមិនមានលក្ខណៈវិនិច្ឆ័យបីយ៉ាង ដូចជាដីពីមុនជាដីព្រៃអតីតជាដីធ្លាប់ផ្ដល់ជាសម្បទានដីសេដ្ឋកិច្ច ឬក៏ជាដីសម្បទាន ដែលកំពុងមានវិវាទជាមួយនឹងក្រុមអ្នកភូមិ។
អង្គការសិទ្ធមនុស្សនានា និងក្រុមអ្នកភុូមិដែលជាប់ពាក់ព័ន្ធនៅក្នុងជម្លោះដីធ្លី បានរិះគន់គម្រោងប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីនេះ ដោយសារមិនបានធ្វើនៅតាមបណ្តាតំបន់ណាដែលមានជម្លោះដីធ្លី៕
ប្រែសម្រួលដោយ ស៊ុំ សុខភុំ