ព្រះមញ្ជូសាតម្កល់ព្រះបរមសព ព្រះបរមរតនកោដ្ឋសម្តេចឪ នរោត្តម សីហនុ ត្រូវបានដង្ហែជាលើកចុងក្រោយកាត់តាមដងវិថីនានាក្នុងរាជធានី ភ្នំពេញកាលពីថ្ងៃសុក្រ មុនពេលដាក់តម្កល់លើព្រះមេរុ ដើម្បីប្រារព្ធព្រះរាជពិធីបុណ្យថ្វាយព្រះភ្លើងនាថ្ងៃច័ន្ទ។
មន្ត្រីរដ្ឋាភិបាល និងប្រជាពលរដ្ឋ ដែលចូលរួមកាន់ព្រះរាជមរណទុក្ខបានប្រមូលផ្តុំគ្នាយ៉ាងស្ងៀមស្ងាត់នៅមុខព្រះបរមរាជវាំងនៅពេលព្រះអាទិត្យបានចាប់ផ្តើមរះឡើង។
កម្រាលព្រំពណ៌មាសបានក្រាលតាមផ្លូវសម្រាប់ដង្ហែមញ្ជូសា ដែលតាក់តែងលម្អដោយផ្កាម្លិះ ក្រអូបដាក់នៅលើព្រះទីនាំងតុបតែងលម្អដោយមានក្បាលនាគជាច្រើន។ ព្រះបរមសពព្រះបរមរតនកោដ្ឋត្រូវបានដងែ្ហចេញពីព្រះបរមរាជវាំងជាលើកចុងក្រោយនៅម៉ោង៨និង១០នាទីព្រឹក។
នៅពេលក្បួនដង្ហែព្រះបរមសពព្រះបរមរតនកោដ្ឋកំពុងរំកិលទៅមុខយ៉ាងស្រងូតស្រងាត់នោះ សមាជិកនៃកងយោធពលខេមរភូមិន្ទមកពីកងពលតូចពិសេសឆត្រយោងលេខ៩១១បានបាញ់កាំភ្លើងធំ១០១ណាត់ចំនួន១២កាណុង ដែលបានដាក់បែរមុខទៅរកទន្លេសាប។
ការបាញ់កាំភ្លើងធំនេះបានធ្វើឲ្យញ័ររញ្ជួយប្រថពីដោយមានផ្សែងហុយឡើងទៅលើមេឃ ហើយបានធ្វើឲ្យសត្វព្រាបហើរព្រោងព្រាតនៅពេលឮស្នូរបាញ់ម្តងៗ ហើយប្រជាពលរដ្ឋភាគច្រើនបានយកដៃខ្ទប់ត្រចៀករបស់ខ្លួន។
ព្រះរាជបូជនីយកិច្ចដ៏ធំធេងរបស់អតីតព្រះមហាវីរក្សត្រ នរោត្តម សីហនុ គឺស្នាព្រះហស្តរបស់ព្រះអង្គក្នុងការទាមទារឯករាជ្យដោយជោគជ័យ និងដោយសន្តិវិធីពីអាណានិគមនិយមបារាំងឆ្នាំ១៩៥៣ ហើយព្រះអង្គបានបន្តព្រះរាជបូជនីយកិច្ចសម្របសម្រួលដើម្បីបញ្ចប់សង្រ្គាមក្នុងប្រទេស និងព្រះអង្គបានយាងត្រឡប់មកកាន់ប្រទេសកម្ពុជាវិញនៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០។
ទោះបីជាព្រះអង្គបានចំណាយពេលជាច្រើនឆ្នាំចុងក្រោយរបស់ព្រះអង្គដោយគង់នៅទីក្រុងប៉េកាំង ប្រទេសចិន ដែលនៅទីនោះព្រះអង្គបានយាងចូលទិវង្គតដោយសារព្រះរោគគាំងបេះដូងនៅក្នុងជន្មាយុ៨៩ព្រះវស្សា កាលពីថ្ងៃទី១៥ខែតុលា ឆ្នាំ២០១២ ក៏ដោយ ក៏ព្រះអង្គនៅតែជាព្រះមហាវីរក្សត្រ ដែលប្រជាពលរដ្ឋគោរពបំផុតនៅក្នុងប្រទេស។ នៅពេលព្រះអង្គបានយាងចូលទិវង្គត ប្រជាពលរដ្ឋទាំងក្មេង ទាំងចាស់បានរួបរួមគ្នា ដោយឈរជាជួរនៅតាមដងវិថីនានាដើម្បីដង្ហែព្រះបរមសពព្រះបរមរតនកោដ្ឋជាលើកចុងក្រោយ កាលពីថ្ងៃសុក្រ។
ប្រជាពលរដ្ឋប្រហែល២០.០០០នាក់បានចូលរួមដង្ហែព្រះបរមសពព្រះបរមរតនកោដ្ឋ ដោយស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ និងពណ៌ស និងទឹកមុខស្រងូតស្រងាត់ និងអារម្មណ៍ក្តុកក្តួល រីឯព្រះបរមសពព្រះបរមរតនកោដ្ឋវិញត្រូវបានតាក់តែងលម្អចម្រុះពណ៌ ដើម្បីជាការគោរពដល់ព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ។
ព្រះទីនាំងពីរ ដែលតាក់តែងលម្អ និងមានរូបសត្វផងដែរនោះបានធ្វើដំណើរសន្សឹមៗមានទាំងសត្វខ្លាឃ្មុំ និងត្រីឆ្លាម ហើយមានរូបខ្លាឈរនៅលើថ្ម មានទេសភាព និងមានទឹកជ្រោះធ្លាក់។ ពិធីដង្ហែនេះរួមមាន មន្ត្រីកងយោធពលខេមរភូមិន្ទ យុវជនកាកបាទក្រហមកម្ពុជា ប្រជាពលរដ្ឋជនជាតិដើមភាគតិច និងក្រុមរបាំអប្សរា។
នៅពេលក្បួននេះឈានចូលដល់តីរវិថីព្រះស៊ីសុវត្ថិឆ្ពោះទៅកាន់វត្តភ្នំ រួចកាត់តាមផ្លូវនរោត្តម និងវិលជុំវិញវិមានឯករាជ្យ និងបន្តទៅតាមមហាវិថីសុធារសឆ្ពោះទៅកាន់វាលព្រះមេរុ ដែលជាសួនមួយនៅមុខសារៈមន្ទីរជាតិ ដែលនៅទីនោះមានមន្ត្រី រដ្ឋាភិបាល ព្រះសង្ឃ មន្ត្រីការទូតព្រមទាំងកាយរិទ្ធកំពុងរងចាំប្រជាពលរដ្ឋមួយចំនួនបានលុតជង្គង់ដោយកាន់ផ្កាឈូក និងព្រះឆាយាល័ក្ខណ៍នៃអតីតព្រះមហាវិរក្សត្រ។
ផ្លូវនរោត្តម និងវិលជុំវិញវិមានឯករាជ្យ និងបន្តទៅតាមមហាវិថីសុធារសឆ្ពោះទៅកាន់វាលព្រះមេរុ ជាសួនមួយនៅមុខសារមន្ទីរជាតិ ដែលនៅទីនោះមានមន្ត្រី រដ្ឋាភិបាល ព្រះសង្ឃ មន្ត្រីការទូតព្រមទាំងក្រុមកាយរិទ្ធ
កំពុងរង់ចាំ ហើយប្រជាពលរដ្ឋមួយចំនួនបានលុតជង្គង់ដោយកាន់ផ្កាឈូក និងព្រះឆាយាល័ក្ខណ៍នៃអតីតព្រះមហាវីរក្សត្រ។
អ្នកស្រី គុណ ពៅ អាយុ៨០ឆ្នាំ បានធ្វើដំណើរពីខេត្តពោធិ៍សាត់ មកកាន់រាជធានីភ្នំពេញ ប្រាំលើករួចមកហើយ ចាប់តាំងពីសម្តេចឪបានយាងចូលទិវង្គតមក។
អ្នកស្រីបាននិយាយថា “ ខ្ញុំនៅតែសោកសង្រេង និងអាឡោះអាល័យព្រះអង្គ។ ខ្ញុំធ្លាប់ធ្វើការឲ្យសម្តេចម៉ែ [នរោត្តម មុនីនាថ សីហនុ] មុនពេលសម្តេចម៉ែ បានរៀបអភិសេកជាមួយព្រះអង្គ។ ព្រះអង្គមានព្រះទ័យ
ទូលាយ និងសន្តោសប្រណីខ្លាំងណាស់”។
លោក ស៊្រុន ផល្លីន ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី បានប្រសាសន៍ថា សម្តេចឪ នរោត្តម សីហនុ មិនគ្រាន់តែយកព្រះទ័យទុកដាក់ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់នោះទេ តែថែមទាំងយកព្រះទ័យទុកដាក់ដល់
ជនជាតិភាគតិចផងដែរ”។ លោកបន្ថែមថា លោក និងអ្នកសហគមន៍ជាជាតិភាគតិចចំនួន៩០នាក់ផ្សេងទៀត ដែលមកពីខេត្តរតនគិរី និងមណ្ឌលគិរី នឹងចាកចេញពីរាជធានីភ្នំពេញវិញ នៅថ្ងៃសៅរ៍។
លោក វ៉ាន ង៉ែត អាយុ៦៦ឆ្នាំ ដែលជាជនជាតិភាគតិចព្នងមកពីខេត្តមណ្ឌលគិរី បាននិយាយថា លោកចង់ធ្វើជាតំណាងឲ្យជនជាតិភាគតិចអំឡុងពិធីដង្ហែព្រះបរមសពព្រះបរមរតនកោដ្ឋ សម្តេចឪ។ លោកនិយាយបន្តថា “ ខ្ញុំពិតជាក្តុកក្តួលចិត្តខ្លាំងណាស់។ ព្រះអង្គគឺជាព្រះមហាក្សត្រមួយអង្គដ៏ល្អបំផុត ហើយព្រះអង្គគឺជាម្លប់ដ៏ត្រជាក់ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់”។
នៅឯវត្តភ្នំ មនុស្សយ៉ាងច្រើនបាននាំគ្នាប្រញាប់ប្រញាល់យកទូរស័ព្ទដៃរបស់ខ្លួនថតយករូបភាពក្បួនដង្ហែព្រះបរមរតនកោដ្ឋ ដែលបានឆ្លងកាត់។ មានអ្នកខ្លះបានស្រែកហៅឈ្មោះអ្នកចូលរួម។ រីឯអ្នកខ្លះទៀតលុតជង្គង់លើកដៃសំពះយ៉ាងស្ងៀមស្ងាត់ព្រមទាំងយំសោកទៀតផង។
ដូចអ្វីដែលបានគ្រោងទុកទាំងអស់ ក្បួនដង្ហែនេះបានបន្តដោយគ្មានបញ្ហាអ្វីនោះទេតែទោះជាយ៉ាងណា លោក សុខ អាន ឧបនាយករដ្ឋមន្ត្រីបានដួលសន្លប់មុនពេលពិធីដង្ហែបានចាប់ផ្តើម ហើយបន្ទាប់មកគេបានបញ្ជូនលោកចូលទៅក្នុងរថយន្តសង្គ្រោះបន្ទាន់។
លោក សុខ សុគន្ធ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញថ្លែងថា លោក សុខ អាន អាយុ៦៣ឆ្នាំ ត្រូវបានវេជ្ជបណ្ឌិតប្រចាំព្រះបរមរាជវាំងជួយសង្គ្រោះភ្លាមៗ។ លោកវេជ្ជបណ្ឌិត សុខ សុគន្ធ បានមានប្រសាសន៍បន្តថា “ លោកមានបញ្ហាសុខភាព ប៉ុន្តែ ឥឡូវនេះលោកមិនអីនោះទេ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានលើកឡើងថា ការដួលសន្លប់របស់លោក សុខ អាន មិនមែនជារឿងធ្ងន់ធ្ងរនោះទេ។ លោកបានមានប្រសាសន៍ថា “ឥឡូវនេះលោកមិនអីនោះទេ ហើយកំពុងតែសម្រាកនៅគេហដ្ឋានរបស់លោក។ ហេតុផលដែលដួលសន្លប់នោះមកពីលោកអស់កម្លាំងបន្ទាប់ពីធ្វើដំណើរយ៉ាងយូរមកពីទីក្រុងបា៉រីស។ លោកបានទៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីពិនិត្យសុខភាព ហើយលោកបានចាកចេញមកវិញនៅមុខម៉ោង១០ព្រឹក”។
នៅខាងក្រៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍មានមនុស្សពីរនាក់បានដួលសន្លប់ដោយសារតែកម្តៅថ្ងៃក្តៅ និងត្រូវរថយន្តសង្គ្រោះបន្ទាប់ ដែលប្រចាំការនៅទីនោះបានដឹកទៅមន្ទ្ីរពេទ្យ”។ នៅពេលព្រះបរមរតនកោដ្ឋ សម្តេចឪ បានយាងមកដល់ព្រះមេរុ កាំភ្លើងធំ១០១ណាត់ជាច្រើនគ្រឿងត្រូវបានបាញ់បន្តបន្ទាប់គ្នាជាលើកទី២។
អ្នកដែលបានទៅចូលរួមជាច្រើន បាននាំគ្នាសម្លឹងមើលតាមប្រឡោះនីមួយៗ ដែលស្ថិតនៅជុំវិញជញ្ជាំងវាលព្រះមេរុ នៅពេលព្រះបរមរតនកោដ្ឋ សម្តេចឪ ត្រូវបានដង្ហែយ៉ាងសន្សឹមៗចំនួនបីជុំ ជុំវិញព្រះមេរុ មុុនពេលព្រះបរមរតនកោដ្ឋ សម្តេចឪ ត្រូវបានតម្កល់ក្នុងព្រះមេរុ។ នៅពេលព្រះបរមរតនកោដ្ឋបានតម្កល់រួចរាល់ ផ្លូវនីមួយៗ ដែលស្ថិតនៅជុំវិញវាលព្រះមេរុបានវិលមកដូចពេលធម្មតាវិញបន្តិចម្តងៗ ហើយគេបានទន្ទឹងសម្រាប់ថ្ងៃច័ន្ទ នៅពេលព្រះបរមសព សម្តេចឪ នឹងត្រូវថ្វាយព្រះភ្លើង៕
រាយការណ៍ដោយ Lauren Crothers កាំង ម៉េងហ៊ុន ឃី សុវុឌ្ឍី Denise Hruby និង Colin Meyn
ប្រែសម្រួលដោយ ឃិន ណៃ
និង ស៊ា ស៊ុយឈាង