ក្រុមហ៊ុនអេហ្សៀតាគ្រុប (Axiata Group)ដែលជាក្រុមហ៊ុនទូរគមនាគមន៍មាន មូលដ្ឋាននៅប្រទេសម៉ាឡេស៊ី បានឲ្យដឹងកាលពីថ្ងៃពុធថា ប្រាក់ចំណូលនៅក្រុមហ៊ុន ហេឡូ(Hello) ដែលបានផ្តល់សេវាទូរស័ព្ទចល័តរបស់ខ្លួននៅលើទីផ្សារប្រទេសកម្ពុជា បានកើនឡើង២៧,៣ភាគរយ ពោលគឺកើនឡើងដល់២,២១លានដុល្លារ បើគិតត្រឹមដំណាច់ត្រីមាសទី១នៃឆ្នាំនេះ បើធៀបនឹងអត្រាប្រាក់ចំណូលរបស់ខ្លួនក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១១។
របាយការណ៍ហិរញ្ញវត្ថុ ដែលក្រុមហ៊ុនអេហ្សៀតា គ្រុប បានរៀបចំផ្ញើទៅផ្សារមូលបត្រម៉ាឡេស៊ីបានបង្ហាញថា ចំនួនអតិថិជន ដែលប្រើប្រាស់សេវារបស់ខ្លួនក្នុងត្រីមាសដំបូង កើនឡើងជិតទ្វេដង ពោលគឺកើនឡើងពី១,១ លាននាក់ កាលពីឆ្នាំមុន មកពីរលាននាក់ នៅត្រឹដំណាច់ខែមីនានៃឆ្នាំនេះ។
ប្រាក់ចំណូលមុនបង់ពន្ធកើនឡើង បាន៩៤៨.០១៧ដុល្លារ។លោកសាយម៉ុនភឺគីន (Simon Perkins) ប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុន ហេឡូអេហ្សៀតា (Hello Axiata) បានមានប្រសាសន៍ថា ក្រុមហ៊ុននៅតែមានសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារកម្ពុជាដដែល ទោះបីជាទីផ្សារនេះមានសភាពតឹងតែងយ៉ាងណាក៏ដោយ ពីព្រោះក្រុមហ៊ុននេះបានផ្តល់ឲ្យអតិថិជនរបស់ខ្លួននូវតម្លៃសេវាថោក ហើយទូរស័ព្ទអាចប្រើបានស៊ីមកាតរហូតដល់ទៅបី។
លោកបានមានប្រសាសន៍ថា “ផលិតផលទូរស័ព្ទរបស់យើងទទួលជោគជ័យខ្លាំងនៅលើទីផ្សារ។ យើងក៏មានផលិតផលទូរស័ព្ទម៉ាក Blackberry សម្រាប់វាយលុកទីផ្សារយ៉ាងខ្លាំងក្លា ហើយផលិតផលទូរស័ព្ទ Blackberry ចេញថ្មី នៅតែបន្តដឹកនាំទីផ្សារផងដែរ”៕
ប្រែសម្រួលដោយកង សុធា