ក្រុមអ្នកភូមិបាននិយាយកាលពីម្សិលមិញថា អ្នកភូមិប្រហែល៤០០នាក់មកពីខេត្តក្រចេះ ស្ទឹងត្រែង កំពង់ធំ និងខេត្តព្រះវិហារកាលពីចុងសប្តាហ៍ បានដើរល្បាតចូលទៅក្នុងព្រៃឡង់រយៈពេលជាច្រើនថ្ងៃជាថ្មីម្តងទៀត ដើម្បីរកមើលសកម្មភាពកាប់ឈើ និងការរានដីខុសច្បាប់ ដែលពួកគាត់និយាយថា ធ្វើឲ្យប៉ះពាល់ដល់ការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ពួកគាត់។
វាជាការល្បាតដ៏ធំលើកទីពីរ របស់បណ្តាញប្រជាពលរដ្ឋនៅក្នុងឆ្នាំនេះ។ កាលពីខែវិច្ឆិកាអ្នកភូមិប្រហែល៣០០នាក់ ដែលពួកគាត់ភាគច្រើនជាជនជាតិភាគតិចកួយ បានដើរល្បាត និងដើរក្បួនសំដៅទៅចម្ការកៅស៊ូរបស់ក្រុមហ៊ុន សុី.អ.សុី. ខេ (CRCK) ដើម្បីស្វែងរកឈើកាប់រួចដោយខុសច្បាប់។
លោកស៊ឹមសៀនអ្នកល្បាតម្នាក់មកពីខេត្តកំពង់ធំ បាននិយាយថា អំឡុងប្រតិបត្តិការនេះ បណ្តាញប្រជាពលរដ្ឋព្រៃឡង់នឹងល្បាតបួនផ្នែកដាច់ដោយឡែកពីគ្នា នៅក្នុងតំបន់ស្នូលដ៏សំខាន់នៃព្រៃទំហំ១៣៥.០០០ហិកតាមុនពេលជួបជុំគ្នានៅស្រុកសណ្តាន់ ខេត្តកំពង់ធំដើម្បីតវ៉ានឹងក្រុមហ៊ុន សេង សារ៉ាវុធ។
ក្រុមហ៊ុន សេង សារ៉ាវុធ បានបន្តកាប់ដើមឈើមានជ័រ ដែលអ្នកភូមិធ្លាប់អាស្រ័យផលរាប់សតវត្សរ៍មកហើយ សម្រាប់ចិញ្ចឹមជីវិតរបស់ពួកគាត់។
លោកសៀនបាននិយាយថា “ អ្នកភូមិជាង៤០០នាក់នឹងមកជួបជុំគ្នានៅក្នុងឃុំមានឫទ្ធិដើម្បីបិទផ្លូវ និងរឹបអូសយកឈើខុសច្បាប់ ពីព្រោះអ្នកកាប់ឈើទាំងនោះ ប្រើប្រាស់ផ្លូវនេះ ដើម្បីដឹកឈើទៅឲ្យក្រុមហ៊ុនេះ”។
លោកបានបន្ថែមថា ក្រុមអ្នកភូមិបានរកឃើញកាប់រួចដោយខុសច្បាប់ចំនួន៥០ម៉ែត្រគូបនៅក្នុងស្រុកសណ្តាន់កាលពីម្សិលមិញ។លោក សៀន បាននិយាយថា ប្រធានភូមិស្រែចង់ បានព្យាយាមរារាំងអ្នកភូមិមិនឲ្យបន្តដំណើរទៅកាន់ព្រៃឡង់។
លោក ជុត វុទ្ធី នាយកអង្គការការពារធនធានធម្មជាតិ ដែលបានជួយរៀបចំការល្បាតទាំងពីរលើកនេះ បានមានប្រសាសន៍ថា “ទីណាមានសកម្មភាពខុសច្បាប់ ពួកគាត់នឹងរឹបអូសឈើទាំងនោះហើយប្រសិនបើពួកគាត់មិនអាចធ្វើការទាក់ទងរដ្ឋបាលព្រៃឈើបានទេនោះ ពួកគាត់នឹងដុតឈើនោះចោលតែម្តង”។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “ ប្រជាពលរដ្ឋក្នុងមូលដ្ឋានអស់ជំនឿ លើមន្ត្រីរដ្ឋាភិបាល ហើយពួកគាត់មិនអាចរង់ចាំបានទៀតទេ ដូច្នេះពួកគាត់ត្រូវចេញទៅការពារព្រៃតែម្តង”។
លោក ជុត វុទ្ធី បានមានប្រសាសន៍ថាក្រុមអ្នកភូមិក៏នឹងទាមទារសំណងពីក្រុមហ៊ុន សេងសារ៉ាវុធផងដែរ ពីបទកាប់ឈើខុសច្បាប់រាប់ម៉ឺនដើមចាប់តាំងពីឆ្នាំ២០១០មក។លោកបានមានប្រសាសន៍ថា“ ឈើមួយដើមមានតម្លៃ៦០០ដុល្លារហើយពួកគេកាប់ឈើអស់៣០.០០០ដើមដូច្នេះពួកគេគួរផ្តល់សំណងដល់ម្ចាស់ឈើវិញ”។
លោកទួតម៉ូរីអភិបាលរងស្រុកសណ្តាន់ បានមានប្រសាសន៍ថា បើទោះជាក្រុមហ៊ុនសេង សារ៉ាវុធទទួលបានអាជ្ញាប័ណ្ណឲ្យកាប់ឈើ និងសាងសង់រោងម៉ាស៊ីនអារឈើក្នុងស្រុកនេះក្តី តែវាអស់សុពលភាពទៅហើយ។
លោកបានមានប្រសាសន៍ថា “ វាគ្រាន់តែជាពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ”ដែលថាក្រុមហ៊ុននេះបានបន្តរានដីនៅទីនោះ។លោក ទួត ម៉ូរី បានមានប្រសាសន៍ថា“ នៅរោងម៉ាស៊ីនអារឈើនេះលែងមានសកម្មភាពទៀតហើយ” ប៉ុន្តែលោកមិនដឹងថា តើក្រុមហ៊ុនទទួលបានដីទំហំប៉ុន្មានឬកិច្ចសន្យានោះអស់សុពលភាពពេលណានោះទេ។
លោកក៏បានបដិសេធរាល់ការចោទប្រកាន់ថា អាជ្ញាធរមូលដ្ឋានបានព្យាយាមរារាំងក្រុមអ្នកភូមិមិនឲ្យចូលរួមការដើរល្បាតនោះ។លោកបានមានប្រសាន៍ថា “ យើងមិនបានហាមឃាត់ពួកគាត់មិនឲ្យចូលទៅក្នុងព្រៃឡង់ទេ។ ផ្ទុយទៅវិញ យើងអបអរសាទរចំពោះពួកគាត់ ដែលបានប្រឹងប្រែងការពារការកាប់បំផ្លាញឈើដោយខុសច្បាប់នោះ៕
ប្រែសម្រួលដោយ សោមសារុន