កាលពីម្សិលមិញ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រគល់វិវាទការងារនៅរោងចក្រ Ocean ដែលកំពុងកើតឡើង ទៅក្រុមប្រឹក្សាអាជ្ញាកណ្តាល បន្ទាប់ពីការចរចាបន្ទាប់រវាងកម្មករនិងអ្នកគ្រប់គ្រងរោងចក្រទទួលបរាជ័យ។
កម្មករបាននិងកំពុងតែធ្វើការតវ៉ារយៈពេលបីសប្តាហ៍មកហើយ បន្ទាប់ពីអ្នកគ្រប់គ្រងរោងចក្របានប្រកាសថា ខ្លួននឹងបើកប្រាក់ឲ្យតែ១៥ដុល្លារនៅខែនេះ បន្ទាប់ពីរោងចក្របានផ្អាកដំណើរការផលិតកាលពីថ្ងៃទី២៦ ខែឧសភា ដោយសារខ្វះការបញ្ជាទិញ។
លោក វង់ សុវណ្ណ អគ្គនាយករងរបស់អគ្គនាយកដ្ឋានដោះស្រាយជម្លោះការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ក្រសួងនេះបានជួបជាមួយកម្មករ អ្នកគ្រប់គ្រងនិងសហជីពរយៈពេលពីរម៉ោងកាលពីម្សិលមិញ និងទីបញ្ចប់បានសម្រេចបញ្ជូនករណីនេះទៅក្រុមប្រឹក្សានេះ។លោកបានមានប្រសាសន៍ថា “នេះជាកិច្ចព្រមព្រៀងចុងក្រោយរវាងរោងចក្រ និងសហជីពថា ត្រូវបញ្ជូនករណីនេះទៅក្រុមប្រឹក្សាអាជ្ញាកណ្តាល”។
លោក ចេង ឆន អ្នកតំណាងកម្មករមកពីសហព័ន្ធសហជីពចលនាកម្្មករ បានឲ្យដឹងថា ពួកគេមានសុទិដ្ឋិនិយមអំពីលទ្ធផលនេះ។លោកបានមានប្រសាសន៍ថា “ប្រសិនបើករណីនេះត្រូវបានបញ្ជូនទៅក្រុមប្រឹក្សាអាជ្ញាកណ្តាល យើងនឹងទទួលបានយុត្តិធម៌ ពីព្រោះពួកគេអាចមើលឃើញអ្វីដែលជាបញ្ហារបស់កម្មករ”។
លោក ឈឹម សុផាត មន្ត្រីរដ្ឋបាលនៅរោងចក្រនេះបានឲ្យដឹងថា ពួកគេត្រូវគោរពសេចក្តីសម្រេចរបស់ក្រុមប្រឹក្សានេះ។មន្ត្រីម្នាក់ធ្វើការនៅក្រុមប្រឹក្សាអាជ្ញាកណ្តាលដែលសុំបដិសេធមិនប្រាប់ឈ្មោះ បានឲ្យដឹងថា ស្ថាប័ននេះបានធ្វើសេចក្តីសម្រេចរបស់ខ្លួនលើករណីនេះ ប៉ុន្តែមិនដឹងថាខ្លួននឹងប្រកាសនៅពេលណាទេ៕ ប៊ុននី