មនុស្សជាង៦០០នាក់ រួមទាំងព្រះសង្ឃចំនួន៥០អង្គ ដែលបានរងផលបះពាល់ដោយសារការកាប់បំផ្លាញព្រៃឈើដោយខុសច្បាប់ទូទាំងប្រទេស បានមកដល់ខេត្តកោះកុងកាលពីម្សិលមិញមុនពេលធ្វើពិធីគោរពវិញ្ញណក្ខន្ធនៅថ្ងៃនេះនៅកន្លែងបាញ់សម្លាប់សកម្មជនព្រៃឈើដ៏ល្បីគឺ លោក ឈុត វុទ្ធី កាលពីថ្ងៃទី២៦ ខែមេសា។
សកម្មជនការពារសិទ្ធិមនុស្ស និងអ្នកភូមិបានឲ្យដឹងថាអ្នកភូមិបានធ្វើដំណើរទៅក្រុងខេមរភូមិន្ទតាមរថយន្ត២៦គ្រឿងមកពីខេត្តចំនួនប្រាំបី ដែលមានការកាប់ឈើខុសច្បាប់ និងមានការផ្តល់ដីសម្បទានសេដ្ឋកិច្ចពីសំណាក់រដ្ឋាភិបាលសម្រាប់គម្រោងកសិកម្មនោះ បានធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនរាប់សែននាក់។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលរៀបចំពិធីនេះ បានថ្លែងថា “រថយន្តមួយចំនួនដែលដឹកមនុស្សមកពីខេត្តកំពង់ធំបានឆ្លងកាត់របាំងបិទផ្លូវនៅក្នុងខេត្តនោះដោយជោគជ័យ”។លោកបានបន្ថែមថា កិច្ចប្រជំុមួយជាមួយអភិបាលរងខេត្តកោះកុង គឺលោក អ៊ុន ឆាលី កាលពីម្សិលមិញ មិនទាន់មានការសម្រេចថា តើនឹងអនុញ្ញាតឲ្យក្រុមអ្នកភូមិប្រារព្ធពិធីនេះនៅក្នុងស្រុកមណ្ឌលសីមាខេត្តកោះកុង ដែលស្ថិតនៅក្នុងព្រៃជួរភ្នំក្រវាញដ៏ជ្រៅនោះ ឬអត់ទេ។នៅមុនពេលជួបជុំគ្នានេះ សកម្មជនព្រៃឈើបាននិយាយថា ពួកគេក៏នឹងប្រើឱកាសនេះដើម្បីដើរល្បាតនៅតាមព្រៃរកមើលសកម្មភាពកាប់ឈើខុសច្បាប់នៅតំបន់នោះ។
យោងតាមគណៈកម្មាធិការពិសេសមួយដែលរដ្ឋាភិបាលបានបង្កើតឡើងបានឲ្យដឹងថា លោក អិុន រតនា មន្ត្រីកងរាជអាវុធហត្ថបានបាញ់សម្លាប់លោក ឈុត វុទ្ធីក្រោយពីមានជម្លោះពាក្យសម្តីជាមួយគ្នា។ នៅពេលនោះ លោក ឈុតវុទ្ធី បានធ្វើដំណើរទៅតំបន់នោះជាមួយអ្នកយកព័ត៌មានកាសែត ខេមបូឌាដេលី ពីរនាក់ដែលបានចុះទៅយកព័ត៌មានអំពីការខិតខំរបស់ប្រជាជនមូលដ្ឋានក្នុងការការពារព្រៃឈើ។
យោងតាមគណៈកម្មាធិការនេះបានឲ្យដឹងថា បន្ទាប់ពីការបាញ់ប្រហារនោះមកឈ្មោះ រ៉ាន់ បូរ័ត្ន ជាសន្តិសុខម្នាក់របស់ក្រុមហ៊ុន Timber Green ជាក្រុមហ៊ុនទទួលបានសិទ្ធិកាប់ឈើនៅតំបន់ស្តុកទឹកសម្រាប់ទំនប់វារីអគ្គិសនីដ៏ធំរបស់ចិននោះបានទៅដណ្តើមកាំភ្លើងពី អិុន រតនា ហើយកាំភ្លើងនោះបានរាលកៃត្រូវលោកឈុតវុទ្ធីស្លាប់តែម្តង។ រ៉ាន់ បូរ័ត្ន ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតដោយអចេតនា ហើយឥឡូវនេះកំពុងត្រូវបានឃំុខ្លួនបណ្តោះអាសន្ន។
គេនៅមិនទាន់ដឹងថា នឹងមានអ្វីកើតឡើងនោះទេ ប្រសិនបើអ្នកភូមិត្រូវបានអនុញ្ញាតឲ្យចូលទៅកន្លែងបាញ់សម្លាប់នោះ។ លោកហឿន សុភាព តំណាងសហគមន៍ម្នាក់មកពីខេត្តកំពង់ធំ បានមានប្រសាសន៍ថា ក្រុមមន្ត្រីរដ្ឋបាលព្រៃឈើស្រុកសណ្តាន់បានកត់ឈ្មោះក្រុមអ្នកភូមិទាំងអស់ដែលបានចាកចេញពីខេត្ត នេះទៅកាន់ខេត្តកោះកុង។
លោកបានថ្លែងថា “ទង្វើបែបនេះបង្ហាញពីការបភិតបំភ័យមកលើពួកយើង ប៉ុន្តែយើងមិនភ័យខ្លាចឡើយបើមិនដូច្នោះទេ យើងមិនអាចជួយសង្គ្រោះព្រៃឈើបានទេ”។ លោក ឆាលី អភិបាលរងខេត្តបានថ្លែងកាលពីល្ងាចម្សិលមិញថា អាជ្ញាធរមិនទាន់បានសម្រេចថា តើក្រុមអ្នកភូមិនឹងត្រូវអនុញ្ញាតឲ្យចូលទៅកន្លែងនោះ ឬឲ្យដើរល្បាតក្នុងព្រៃឬអត់នោះទេ។លោកបានបន្តថា “ឥឡូវនេះយើងកំពុងពិភាក្សាគ្នាអំពីគម្រោងជួបជំុគ្នានេះ”៕
ប្រែសម្រួលដោយ សុខសីុដន