ការដោះស្រាយរបស់រដ្ឋាភិបាលចំពោះបាតុកម្មជាច្រើននៅក្នុងរាជធានីភ្នំពេញចាប់តាំងពីការបោះឆ្នោតជាតិដ៏ចម្រូងចម្រាសកាលពីឆ្នាំមុនមកនោះ បានផ្ដោតលើការពង្រាយកងសន្តិសុខខណ្ឌប្រដាប់ដោយដំបង និងនគរបាលបង្ក្រាបបាតុកម្ម ដើម្បីបង្ក្រាបការតវ៉ា។
ប៉ុន្តែពេលខ្លះយុទ្ធសាស្ត្រនេះបានបរាជ័យនៅពេលប៉ះចំសត្រូវខ្លាំង ដូចដែលលោក កែវ រ៉េមី អ្នកនាំពាក្យរដ្ឋាភិបាលបានគូសបញ្ជាក់កាលពីដើមខែនេះ ដោយស្ត្រីអ្នកតវ៉ាសំខាន់ៗមួយក្រុមប្រើប្រាស់ភាពជាស្ត្រីភេទរបស់ខ្លួន និងពេលខ្លះស្រាតខោអាវ ដើម្បីចៀសវាងការប្រើអំពើហិង្សាពីសំណាក់មន្ត្រីមានសមត្ថកិច្ចជាបុរស។
លោក កែវ រ៉េមី បានផ្ដល់អនុសាសន៍ឲ្យបង្កើតកម្លាំងនគរបាលបង្ក្រាបបាតុកម្មជាស្ត្រីភេទ។ ដោយពិចារណាអនុសាសន៍នេះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានជួបជាមួយឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ពីតូណូ ពួណូម៉ូ (Pitono Purnomo) កាលពីម្សិលមិញ ដើម្បីពិភាក្សាអំពីបទពិសោធន៍របស់ឥណ្ឌូណេស៊ី នៅក្នុងការបង្ក្រាបស្ថានភាពតាមរយៈការដាក់ពង្រាយនគរបាលជាស្ត្រី។
លោក អាបេលៀន យូ៉ដហា (Abelian Yodha) លេខាទី១ទទួលបន្ទុកកិច្ចការកុងស៊ុលនៃស្ថានទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា បានមានប្រសាសន៍ថា ” ឯកអគ្គរដ្ឋទូតរបស់ខ្ញុំបានចែករំលែកបទពិសោធន៍របស់ឥណ្ឌូណេស៊ីពាក់ព័ន្ធនឹងការបង្ក្រាបបាតុកម្ម ដែលបាននិងកំពុងកើតមាននៅក្នុងទីក្រុងហ្សាការតា”។
លោកបានមានប្រសាសន៍អំពីកិច្ចខិតខំប្រឹងប្រែងថ្មីៗនេះនៅក្នុងប្រទេសឥណ្ឌូណេស៊ីថា “នគរបាលជាតិរបស់យើងបានប្រើប្រាស់ និងផ្ដល់អំណាចដល់សហការីជាស្ត្រីនៅក្នុងប្រទេសឥណ្ឌូណេស៊ី។ នគរបាលជាស្ត្រីត្រូវបានប្រើប្រាស់សម្រាប់ដោះស្រាយបញ្ហាចរាចរណ៍ ប៉ុន្តែនៅក្នុងពេលថ្មីៗនេះ យើងបានបណ្ដុះបណ្ដាលនគរបាលជាស្ត្រីទាំងនេះឲ្យចេះដោះស្រាយជាមួយបាតុករផងដែរ”។
លោកបានមានប្រសាសន៍បន្តទៀតថា ” អ្នកដែលត្រូវបានជ្រើសរើស គឺមានរូបសម្បត្តិសមរម្យ និងមានសុជីវធម៌ ព្រមទាំងឆ្លាតវ័យផងដែរ ដើម្បីប្រឈមមុខដោះស្រាយជាមួយអ្នកតវ៉ា ឬបាតុករ ប្រសិនបើពួកគេចេញធ្វើសកម្មភាព។ តាមរយៈការប្រើប្រាស់នគរបាលជាស្ត្រីទាំងនេះ និងភាពជាស្ត្រីភេទរបស់ពួកគេ ពេលខ្លះវាអាចធ្វើឲ្យស្ថានភាពស្ងប់ស្ងាត់ ព្រមទាំងអាចឈានទៅដល់ដំណើរការចរចាជាមួយបាតុករទៀតផង”។
លោក អាបេលៀន យូ៉ដហា បានពន្យល់ថា សម្រស់របស់នគរបាលជាស្ត្រីដែលត្រូវបានដាក់ពង្រាយដើម្បីបង្ក្រាបស្ថានភាពចលាចលនៅក្នុងទីក្រុងហ្សាការតា បានបង្ហាញថា វាមានប្រយោជន៍យ៉ាងខ្លាំងសម្រាប់ការគ្រប់គ្រងក្រុង។
លោកបានលើកឡើងបន្តទៀតថា ” ពេលនេះពួកគេមាននគរបាលជាស្ត្រី ដែលមានរូបសម្បត្តិសមរម្យ ហើយពួកគេប្រើកម្លាំងនគរបាលជាស្ត្រីនេះដើម្បីប្រឹងប្រែងដោះស្រាយស្ថានភាពបាតុកម្ម។ ពួកគេត្រូវបានបណ្ដុះបណ្ដាលឲ្យចេះបញ្ចុះបញ្ចូល និងមានចិត្តអាណិតអាសូរ”។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា លោក បា៉ សុជាតិវង្ស បានជួបជាមួយលោក ពីតូណូ ពួណូម៉ូ កាលពីម្សិលមិញ។ ប៉ុន្តែលោកបានមានប្រសាសន៍ថា នៅកម្ពុជាមិនទាន់មានផែនការណែនាំឲ្យមានកម្លាំងនគរបាលជាស្ត្រីនៅឡើយទេ។ លោកបានមានប្រសាសន៍ថា ” វាមិនមែនជាករណីនៅក្នុងប្រទេសរបស់យើងទេ។ ករណីរបស់យើងគឺផ្សេងគ្នា។ លោកអភិបាលគ្រាន់តែស្ដាប់គាត់ប៉ុណ្ណោះ” មុនពេលលោកបដិសេធមិនបញ្ជាក់លម្អិត។
អ្នកស្រី ទេព វន្នី អ្នកតវ៉ាដ៏លេចធ្លោម្នាក់ ដែលបានពាក់ព័ន្ធនៅក្នុងការប្រវាយប្រតប់គ្នាមួយចំនួនជាមួយនគរបាល និងកងសន្តិសុខចាប់តាំងពីរដ្ឋាភិបាលចាប់ផ្ដើមបណ្ដេញប្រជាពលរដ្ឋចេញពីតំបន់បឹងកក់មកនោះ និយាយថា អ្នកស្រីមានការព្រួយបារម្ភថា ការប្រើប្រាស់សន្តិសុខជាស្ត្រីអាចជួយឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហាបាតុកម្មបាន។ អ្នកស្រីនិយាយថា “ប្រសិនបើពួកគេប្រើប្រាស់នគរបាលជាស្ត្រីដើម្បីបង្ក្រាបអ្នកតវ៉ា វានឹងកាត់បន្ថយមុខមាត់អាក្រក់របស់រដ្ឋាភិបាល និងលាក់បាំងអំពើហិង្សារបស់ពួកគេ”៕ សុខុម