ក្នុងសុន្ទរកថាជាសាធារណៈចុងក្រោយរបស់លោកទម្រាំតែដល់ការបោះឆ្នោតឃុំ-សង្កាត់នៅថ្ងៃទី៣ ខែមិថុនា ខាងមុខនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញ បានព្រមានគណបក្សរាជានិយមកុំឲ្យប្រើព្រះនាមរបស់ព្រះមហាក្សត្រចូលនិវត្ដ នរោត្តម សីហនុ នៅក្នុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៅកាន់ព្រះសង្ឃ និងអាចារ្យជាង៣.០០០នាក់ និងអង្គ នាពិធីមួយនៅឯកោះពេជ្រ ក្នុងរាជធានីភ្នំពេញថា ដោយប្រើព្រះនាមសម្ដេចឪ គណបក្សហ្វុ៊នស៊ិនប៉ិច កំពុងតែធ្វើឲ្យប៉ះពាល់ដល់ស្ថាបនិករបស់គណបក្សនេះ។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា “ កុំយកព្រះមហាក្សត្រ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនអី គឺអ្នកនយោបាយរាជវង្សានុវង្ស ពីព្រោះព្រះមហាក្សត្រ គឺសម្រាប់ទាំងអស់គ្នា សម្រាប់ជាតិ”។ លោក ហ៊ុន សែន មានប្រសាសន៍ដោយជន្លថា “ ពួកគេនិយាយថា ប្រសិនបើស្រឡាញ់សម្ដេចឪ សូមបោះឆ្នោតឲ្យគណបក្សហ្វុ៊នស៊ិនប៉ិចទៅ។ ដូច្នេះ នេះនឹងធ្វើឲ្យសម្ដេចឪ សីហនុ ចាញ់ដែរ។
យោងតាមក្រមសីលធម៌ នៃយុទ្ធនាការឃោសនាបោះឆ្នោតបានឲ្យដឹងថា “ត្រូវបានហាមប្រាមនូវសកម្មភាពឃោសនាណាមួយ ដែលប្រើឆាយាល័ក្ខណ៍ ព្រះរាជសុន្ទរកថា ព្រះរាជសារ ស្នាព្រះហស្ដ ឬព្រះនាមរបស់ព្រះមហាក្សត្រ ដើម្បីរកសំឡេងឆ្នោត។
លោកនាយករដ្ឋមន្ត្រីក៏បានចំអកគណបក្សហ្វុ៊នស៊ិនប៉ិច និងគណបក្ស នរោត្តម រណឫទ្ធិ ដែលមិនអាចរកសំឡេងឆ្នោតបានក្នុងការបោះឆ្នោតកន្លងទៅ។ លោក ហ៊ុន សែន បានសួរថា “ ឥឡូវនេះគណបក្សទាំងពីរអះអាងថា ខ្លួនជាគណបក្សរាជានិយម ដែលគណបក្សនេះទទួលបានតែបួនអាសនៈប៉ុណ្ណោះ។ពួកគេមិនអាចការពារខ្លួនបានផង។តើនរណាជាអ្នកការពាររាជានិយម? តើជាគណបក្សប្រជាជនមែនទេ?”។
គណបក្សហ្វុ៊នស៊ិនប៉ិច ដែលធ្លាប់ជាដៃគូចម្រុះជាមួយគណបក្សប្រជាជនកម្ពុជានោះ ទទួលបានអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រឹមតែ២៧៤ប៉ុណ្ណោះ ក្នុងចំណោមអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន១១.៣៥៣អាសនៈក្នុងការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០០៧។ គណបក្សនរោត្តម រណឫទ្ធិ ដែលទើបបង្កើតឡើងដោយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិក្នុងខែវិច្ឆិកា ឆ្នាំ២០០៦ បន្ទាប់ពីព្រះអង្គត្រូវបានបណ្ដេញចេញពីប្រធានគណបក្សហ្វុ៊នស៊ិនប៉ិច ទទួលបាន៤២៥អាសនៈ។
ច្បាប់យុទ្ធនាការអំពីព្រះមហាក្សត្រធ្វើឲ្យមានការស្មុគស្មាញខ្លាំង ចំពោះគណបក្សហ្វុ៊នស៊ិនប៉ិច និងគណបក្សនរោត្តម រណឫទ្ធិ ខណៈដែលគណបក្សទាំងពីរត្រៀមរៀបចំយុទ្ធនាការបោះឆ្នោត រយៈពេល១៦ថ្ងៃ ដែលនឹងចាប់ផ្ដើមនៅថ្ងៃសុក្រនេះ។
លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការសម្រាប់ការបោះឆ្នោត ដោយសេរីនិងយុត្តិធម៌ នៅក្នុងប្រទេសកម្ពុជា បានមានប្រសាសន៍ថា “ សាវតារដើមពីមុនរបស់ពួកគេគឺគាំទ្រព្រះមហាក្សត្រ ែដលនេះជាមូលហេតុដែលពួកគេជានិច្ចកាលតែងតែព្យាយាមភ្ជាប់
ខ្លួនឯងជាមួយនឹងនយោបាយរាជានិយម។ ពួកគេអាចបង្ហាញគោលនយោបាយ ដើម្បីពន្យល់អំពីហេតុផល ដែលពួកគេគាំទ្រព្រះមហាក្សត្រ…វាមិនមែនជាបញ្ហាធំដុំនោះទេ។ ប៉ុន្ដែ នៅពេលដែលពួកគេប្រើព្រះនាមព្រះមហាក្សត្រ និងសម្ដេចឪ នោះជាបញ្ហាមួយ”។
លោក បញ្ញា បានថ្លែងថា តាមទស្សនៈផ្នែកនយោបាយ គឺវាមានសារៈសំខាន់ ដែលព្រះមហាក្សត្រត្រូវតែជាតួអង្គអព្យាក្រឹត។ ទោះជាយ៉ាងណា តាមទស្សនៈយុទ្ធនាការបោះឆ្នោតមិនស្អាតស្អំឡើយ។ ជាឧទាហរណ៍គ្មានលក្ខខណ្ឌពិសេសបែបនេះ ចំពោះការ
ឆក់ឱកាសទាញផលប្រយោជន៍ពីប្រវត្តិសាស្ត្រសំខាន់ៗទេ។ គណបក្សប្រជាជនកម្ពុជា មានសិទ្ធិប្រើថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ គណបក្ស សម រង្ស៊ី មានសិទ្ធិធ្វើយុទ្ធនាការនិយាយអំពីកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងបា៉រីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ គណបក្សទាំងពីរមានសិទ្ធិដូច្នេះ។
លោក បញ្ញា បានមានប្រសាសន៍បន្ថែមថា “ ចំពោះខ្ញុំ យើងត្រូវការឲ្យព្រះមហាក្សត្រគង់នៅជាអព្យាក្រឹត នោះជាវិធីប្រសើរបំផុតសម្រាប់ប្រទេសកម្ពុជា។ យើងមិនអាចប្រើព្រះនាមរបស់ព្រះមហាក្សត្របានទេ ក៏ប៉ុន្ដែ យើងគួរតែពិភាក្សាគ្នាថា តើគណបក្សនយោបាយណាមួយមានសិទ្ធិបង្កើតគោលនយោបាយគាំទ្រព្រះមហាក្សត្រ ឬយ៉ាងណា”។
មន្ត្រីមកពីគណបក្សហ្វុ៊នស៊ិនប៉ិច និងគណបក្ស នរោត្តម រណឫទ្ធិ បានលើកឡើង កាលពីម្សិលមិញថា ខ្លួនដឹងអំពីច្បាប់ស្តីពីការធ្វើយុទ្ធនាការបោះឆ្នោត និងអនុវត្តតាមបានយ៉ាងហ្មត់ចត់។
លោក នរាណាឫទ្ធិ អានន្ទដាយ៉ាត នាយខុទ្ទកាល័យរបស់គណបក្សនរោត្តម រណឫទ្ធិ បានបញ្ជាក់ថា “ បើទោះជាព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ជាបុត្រារបស់សម្តេចឪក៏ដោយ ក៏យើងមិនដែលប្រើព្រះនាមរបស់ព្រះអង្គដែរ។ យើងមិនដែលប្រើព្រះនាមរបស់សម្ដេចឪ ក្នុងពេលធ្វើយុទ្ធនាការ ឬដើម្បីរកសំឡេងឆ្នោតនោះទេ។ យើងមិនដែលប្រើព្រះនាមព្រះមហាក្សត្រជាវិធីរកសំឡេងឆ្នោតនោះឡើយ”។
ការលើកឡើងទំាំងនោះ ត្រូវបានបន្ទរដោយលោក ទុំ សំបូរ អ្នកនាំពាក្យគណបក្សហ្វុ៊នស៊ិនប៉ិច ដែលចង្អុលបង្ហាញថា មិនចំាបាច់ប្រើល្បិចបែបនោះទេ។
លោកបានមានប្រសាសន៍ថា “ មនុស្សគ្រប់គ្នាស្គាល់គណបក្សអស់ហើយ ព្រមទាំងដឹងថា គណបក្សនេះចេញមកពីណាទៀតផង ដូច្នេះ យើងមិនចាំបាច់ប្រើព្រះនាមសម្ដេចឪ នៅពេលធ្វើការឃោសនានោះទេ”៕
ប្រែសម្រួលដោយ ចេវ ប៊ុននី