ជាផ្នែកមួយនៃច្បាប់ចំនួនបីទាក់ទងប្រព័ន្ធតុលាការដែលគេបានរង់ចាំជាយូរមកហើយហើយរដ្ឋសភាបានអនុម័តកាលពីខែមុននោះ ប្រព័ន្ធតុលាការនៅក្នុងប្រទេសនេះ គ្រោងបង្កើតឲ្យមានសាលាឧទ្ធរណ៍ថ្មីនៅតាមបណ្តាខេត្តដើម្បីសម្រួលដល់ដំណើរការប្តឹងឧទ្ធរណ៍ដល់អ្នកដែលបានជាប់ពន្ធនាគារនៅក្រៅរាជធានីភ្នំពេញ។
យោងតាមរបាយការណ៍ដែលបានចេញផ្សាយកាលពីម្សិលមិញដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានឲ្យដឹងថា ប៉ុន្តែ សាលាឧទ្ធរណ៍ដែលមានស្រាប់តែមួយគត់នៅរាជធានីភ្នំពេញនៅតែមិនបានការពារសិទ្ធិជាមូលដ្ឋានរបស់អ្នកដែលប្រឈមនឹងការកាត់ក្តីដដែល។
ផ្អែកលើរឿងក្តីចំនួន២០៤ករណីចន្លោះពីខែមីនា ឆ្នាំ២០១៣ ដល់ខែមករា ឆ្នាំនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានរកឃើញថា ជារឿយៗតែងមានភ័ស្តុតាងមិនគ្រប់គ្រាន់ដាក់បន្ទុកលើចុងចោទ ដោយធ្វើឲ្យការវិនិច្ឆ័យជាច្រើនមិនមានភ័ស្តុតាងគ្រប់គ្រាន់ ឬស្របតាមផ្លូវច្បាប់ឡើយ។
របាយការណ៍ឃ្លាំមើលរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាឲ្យដឹងថា ក្រៅពីកង្វល់ទាក់ទងកង្វះឯករាជភាពក្នុងប្រព័ន្ធតុលាការកម្ពុជា ការខិតខំធ្វើកែទម្រង់គួរយកជាអាទិភាពនូវការខកខានរបស់ចៅក្រមក្នុងការជូនដំណឹងនិងពន្យល់ប្រាប់ចុងចោទអំពីសិទ្ធិរបស់ពួកគេហើយសវនាការជាច្រើនមិនមានវត្តមានរបស់ចុងចោទ”។
របាយការណ៍នេះក៏បានរកឃើញដែរថា ត្រូវមានការប្រឹងប្រែងបន្ថែមទៀតដើម្បីដោះស្រាយរឿងក្តីជាច្រើន និងធ្វើឲ្យប្រាកដថា រឿងក្តីដំណើរត្រឹមត្រូវតាមនីតិវិធី។
ការបង្កើតសាលាឧទ្ធរណ៍នៅតាមបណ្តាខេត្តគឺជាជំហានមួយឆ្ពោះទៅរកដំណើរការនេះ។ ការបង្កើតនេះត្រូវបានប្រកាសដោយរដ្ឋាភិបាលកម្ពុជាកាលពីឆ្នាំ២០១២ និងមានចែងក្នុងច្បាប់នៅឆ្នាំនេះ។
នៅពេលត្រូវបានបង្កើតឡើងនិងដំណើរការនោះ គេរំពឹងថា សាលាឧទ្ធរណ៍រណបទាំងនេះនឹងជួយដោះស្រាយបញ្ហាដែលបន្តកើតមានដល់អ្នកទោស ដែលមិនអាចធ្វើដំណើរមករាជធានីភ្នំពេញដើម្បីចូលរួមសវនាការរបស់ខ្លួនបាន។ ប៉ុន្តែ អ្នកជំនាញផ្នែកច្បាប់បានលើកឡើងថា ដោយសារខ្វះចៅក្រមដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងបុគ្គលិកផ្នែកច្បាប់នោះ សាលាឧទ្ធរណ៍ថ្មីនេះប្រហែលជាធ្វើឲ្យដំណើរការបណ្តឹងឧទ្ធរណ៍បានប្រសើរឡើងតិចតួចប៉ុណ្ណោះ។
លោក យូ ប៊ុនឡេង ប្រធានសាលាឧទ្ធរណ៍បានមានប្រសាសន៍ថា លោកបានពិភាក្សាជាមួយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជារួចហើយអំពីតម្រូវការក្នុងការទម្រង់មួយចំនួន។ លោកបានមានប្រសាសន៍ថា ” ខ្ញុំនឹងរង់ចាំមើលរបាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងចំណុចដែលពួកគេបានសរសេរ”៕សារុន