ក្រុមអ្នកភូមិបានអះអាងកាលពីម្សិលមិញថា ក្រុមហ៊ុនមួយដែលត្រូវបញ្ជាឲ្យបញ្ឈប់ការបូមខ្សាច់របស់ខ្លួននៅតាមទន្លេសេសានក្នុងខេត្តរតនគិរី បន្ទាប់ពីក្រុមហ៊ុននេះត្រូវបានចោទពីបទរុករកមាសដោយខុសច្បាប់ ពេលនេះកំពុងបំពានបទបញ្ជា។
ក្រុមហ៊ុន Discovery Power ដែលជាក្រុមហ៊ុនវិនិយោគរួមចិន-កម្ពុជា បានទទួលអាជ្ញាប័ណ្ណបូមខ្សាច់លក់ ក៏ប៉ុន្តែមិនបូមខ្សាច់បែរជាដាក់សារធាតុគីមីចូលទៅក្នុងទឹកជាការរុករករ៉ែមាសទៅវិញ។
កាលពីខែមេសា ក្រុមហ៊ុននេះត្រូវបានបញ្ជាឲ្យឈប់បូមខ្សាច់ បន្ទាប់ពីអ្នកភូមិជនជាតិដើមភាគតិចនៅក្នុងស្រុកតាវែង បានតវ៉ាថា ក្រុមហ៊ុននេះបានបន្សល់ទឹកមានសារធាតុគីមី ដែលបណ្តាលឲ្យស្បែករបស់ពួកគេរោលកន្ទួល។
ឈ្មោះ ត្រាំង ថេម តំណាងឲ្យក្រុមជនជាតិដើមភាគតិច ព្រៅ បានមានប្រសាសន៍ថា លោកប្រមូលបានស្នាមមេដៃចំនួន៦៩៥ពីអ្នកភូមិកាលពីម្សិលមិញ និងមានគម្រោងដាក់ញាត្តិទៅអាជ្ញាធរស្រុកនៅថ្ងៃនេះដើម្បីអនុវត្តបទបញ្ជា។ លោក ថេម បានមានប្រសាសន៍ថា លោកបានឃើញក្រុមហ៊ុននេះបូមខ្សាច់ចេញពីទន្លេហើយទម្លាក់ខ្សាច់ចូលក្នុងទន្លេវិញកាលពីថ្ងៃពុធមុន។
លោកបានមានប្រសាសន៍ថា “យើងមិនដែលឃើញក្រុមហ៊ុននេះដឹកខ្សាច់ទៅលក់ទេ។ យើងចង់បញ្ឈប់ការបូមនេះ ពីព្រោះប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយទន្លេនេះ មានកន្ទួលរោលនៅលើស្បែករបស់ពួកគេ ពីព្រោះក្រុមហ៊ុនបានប្រើសារធាតុគីមី ដើម្បីរុករករ៉ែមាស ហើយទឹកទៅជាកខ្វក់”។
ឈ្មោះ ហួន កាលេប អាយុ៥៦ឆ្នាំជាអ្នកភូមិជនជាតិដើមភាគតិចព្រៅនៅក្នុងឃុំតាវែងក្រោម បានមានប្រសាសន៍ថា សាឡង់របស់ក្រុមហ៊ុន DiscoveryPower បាននិងកំពុងតែបូមខ្សាច់ស្ងាត់ៗតែនៅពេលយប់អស់រយៈពេលពីរបីខែមកហើយ។
លោក ហ៊ុន ប៊ុនថង ប្រធានមន្ទីររ៉ែ និងថាមពលខេត្តរតនគិរីបានបញ្ជាក់ថា បទបញ្ជាឲ្យបញ្ចប់ការបូមខ្សាច់នេះ ត្រូវបានសម្រេចកាលពីខែមេសា ហើយលោកបានមានប្រសាសន៍ថា ក្រុមហ៊ុននេះកំពុងតែដំណើរការរៀបចំដកចេញ។ លោក ប៊ុនថន បានមានប្រសាសន៍ថា ” ក្រសួងរ៉ែ និងថាមពលបានដកហូតអាជ្ញាប័ណ្ណពីក្រុមហ៊ុននេះ ពីព្រោះយើងរកឃើញថា តាមលក្ខណៈបច្ចេកទេសក្រុមហ៊ុននេះកំពុងបូមខ្សាច់ដើម្បីរុករករ៉ែមាស។ យើងបានបញ្ជាឲ្យក្រុមហ៊ុននេះយកសាឡង់ដឹកខ្សាច់ចេញពីទន្លេនេះ ហើយពេលនេះពួកគេកំពុងតែយកឧបករណ៍បូមខ្សាច់ចេញ”។
លោក លី វិន្ទ អភិបាលរងខេត្តបានមានប្រសាសន៍ថា អាជ្ញាធរកំពុងតែពិនិត្យមើលថា តើក្រុមហ៊ុន Discovery Power អនុវត្តតាមបទបញ្ជាឬអត់។ លោកបានមានប្រសាសន៍ថា ” ខ្ញុំបានបញ្ជាឲ្យមន្ត្រីរបស់ខ្ញុំពិនិត្យមើលថា ពួកគេឈប់ហើយឬនៅ ក៏ប៉ុន្តែ ពួកគេមិនទាន់ជូនដំណឹងប្រាប់ខ្ញុំអំពីរឿងនោះនៅឡើយទេ”។ ក្រុមហ៊ុន Discovery Power មិនអាចទាក់ទងបានដើម្បីសុំអត្ថាធិប្បាយបានទេ៕ ប៊ុននី