ក្រុមហ៊ុនណាហ្គាខប (NagaCorp)ម្ចាស់កាសីុណូដែលមានអាជ្ញាប័ណ្ណតែមួយគត់ក្នុងរាជធានីភំ្នពេញ បានចាប់ផ្តើមលក់សន្លឹកឆ្នោតជាតិថ្មីនៅថ្ងៃសុក្រ ដោយការចាប់ឆ្នោតផ្សងសំណាងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ខែកក្កដា ហើយរង្វាន់ធំបំផុតមានទឹកប្រាក់ ២១៨.០០០ដុល្លារ។
ក្រុមហ៊ុនណាហ្គាខបបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៣០ភាគរយនៃប្រាក់ចំណេញសុទ្ធដែលបានមកពីការលក់សន្លឹកឆ្នោតនេះទុកសម្រាប់បរិច្ចាគដល់កាកបាទក្រហមកម្ពុជានគរបាលជាតិនិងទីបញ្ជាការកងទ័ពឈរជើង នៅតំបន់ប្រាសាទព្រះវិហារ។
លោកស្រី ម៉េឡានីលូង (Melanie Loong) នាយិកាផ្នែកទំនាក់ទំនងទីផ្សារនៅក្រុមហ៊ុនឆ្នោតណាហ្គា (NagaLottery) បានលើកឡើងនៅក្នុងអីុមេ៉លថា “ដូចអ្នកអាចឃើញស្រាប់ហើយមូលហេតុដែលយើងជ្រើសរើសអង្គភាពទាំងនេះដោយសារតែអ្វីៗដែលពួកគេធ្វើគឺដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់”។ លោកស្រី លូងបានសរសេរនៅក្នុងអីុមេ៉លថា “ប្រាក់បរិច្ចាគទាំងនេះនឹងជួយដល់កាកបាទក្រហមកម្ពុជាក្នុងបុព្វហេតុមនុស្សធម៌ក្នុងប្រទេសកម្ពុជា។
ការឧបត្ថម្ភដល់ទីបញ្ជាការកងទ័ពប្រចាំតំបន់ប្រាសាទព្រះវិហារ នឹងត្រូវចែកជូនគ្រួសារកងទ័ពទាំងអស់ដែលជួយការពារជាតិមាតុភូមិ។ហើយការឧបត្ថម្ភដល់នគរបាលជាតិ នឹងជួយដល់ការអនុវត្តច្បាប់”។
លោកស្រីលូង បានមានប្រសាសន៍ថា ក្រុមហ៊ុនឆ្នោតណាហ្គាក៏មានគម្រោងសប្បុរសធម៌រួមគ្នាផ្សេងៗទៀតដែរ ដែលមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋ ប៉ុន្តែកំពុងស្ថិតក្នុងដំណាក់កាលរៀបចំផែនការ។ លោកស្រីលូងបានមានប្រសាសន៍ថា “គម្រោងទាំងនេះនឹងពាក់ព័ន្ធជាមួយគម្រោងសហគមន៍ ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ទាំងមូល”។
នៅក្នុងប្រទេសជាច្រើន ប្រាក់ចំណេញដែលបានមកពីឆ្នោតគ្រប់គ្រងដោយរដ្ឋ ទុកសម្រាប់ឧបត្ថម្ភសម្រាប់បុព្វហេតុផ្សេងៗ ដូចជាក្រុមកីឡានិងគម្រោងនានា ដែលគ្រប់គ្រងដោយសិល្បៈករឬក៏អង្គការមិនស្វែងរកប្រាក់ចំណេញជាដើម។
ឆ្នោតជាតិក្នុងប្រទេសអង់គ្លេសរកប្រាក់ចំណេញបានជាង៤១,៧ពាន់លានដុល្លារចាប់តាំងពីបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៤មក ដោយពាក់កណ្តាលនៃប្រាក់ចំណេញនេះ បានឧបត្ថម្ភក្នុងបុព្វហេតុមនុស្សធម៌វិស័យសុខាភិបាលនិងវិស័យអប់រំ។ពាក់កណ្តាលទៀតបានចំណាយទៅលើកីឡា សិល្បៈ និងបេតិកភណ្ឌ។
លោកស្រីលូងបានមានប្រសាសន៍ថាឆ្នោតនេះនឹងត្រូវចាប់យករង្វាន់នៅរៀងរាល់ថ្ងៃព្រហស្បតិ៍ក្នុងសប្តាហ៍ទី២និងសបា្តហ៍ទី៤ប្រចាំខែ។ដើម្បីឈ្នះរង្វាន់ធំ អ្នកទិញឆ្នោតត្រូវតែផ្ទៀងផ្ទាត់លេខទាំងប្រាំពីរខ្ទង់នៅលើសន្លឹកឆ្នោតជាមួយនឹងលេខប្រាំពីរខ្ទង់។
លោកឧត្តមសេនីយ៍គន់គីម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទបានមានប្រសាសន៍ថា កងទ័ពនឹងស្វាគមន៍ការឧបត្ថម្ភណាមួយដែលខ្លួនអាចទទួលបានពីក្រុមហ៊ុនឆ្នោតនេះ។ លោកឧត្តមសេនីយ៍បានមានប្រសាសន៍បន្ថែមយ៉ាងដូច្នេះថា “ប្រសិនបើគេឧបត្ថម្ភប្រាក់ដល់យើង យើងនឹងទទួលយកពីព្រោះពេលនេះគ្រួសារកងទ័ពរបស់យើងនៅក្រីក្រនៅឡើយ។ខ្ញុំនឹងយកប្រាក់នេះទៅទិញស្បៀងអាហារសម្រាប់កងទ័ព”។
ការចំណាយផ្នែកសន្តិសុខរបស់ក្រសួងមហាផ្ទៃ និងការការពារជាតិរបស់ក្រសួងការពារជាតិ បានកើនឡើង៤៤លានដុល្លារទៅដល់៣៤១លានដុល្លារនៅក្នុងគម្រោងថវិកាឆ្នាំ២០១២បើធៀបទៅនឹងឆ្នាំមុន ដោយធ្វើឲ្យវាក្លាយទៅជាវិស័យដែលត្រូវចំណាយច្រើនជាងគេបំផុតរបស់រដ្ឋាភិបាល៕
ប្រែសម្រួលដោយ ហម សុផាណ្ណា