យោងតាមអង្គការបរិស្ថាន WWF បានឲ្យដឹងថា រដ្ឋាភិបាលឡាវបានយល់ព្រមចំពោះដំណើរការពិគ្រោះយោបល់សាធារណៈដ៏យូរជាមួយប្រទេសជិតខាងខ្លួនមុនពេលសាងសង់ទំនប់វារីអគ្គិសនីដ៏ចម្រូងចម្រាសកាត់ទន្លេមេគង្គ នៅក្នុងព្រំដែនកម្ពុជាចម្ងាយពីរគីឡូម៉ែត្រ។
ប្រទេសឡាវបានប្រកាសអំពីគម្រោងសាងសង់ទំនប់វារីអគ្គិសនីដន សាហុង កម្លាំង២៥៦មេហ្គាវ៉ាត់នេះកាលពីឆ្នាំមុន បន្ទាប់ពីជូនដំណឹងទៅគណៈកម្មការទន្លេមេគង្គ ជាអង្គការអន្តររដ្ឋាភិបាលដែលមានមន្ត្រីមកពីប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម អំពីបំណងរបស់ខ្លួនក្នុងចាប់ផ្តើមការសាងសង់នៅចុងឆ្នាំនេះ។
ជាមួយនឹងសេចក្តីប្រកាសនោះ ប្រទេសឡាវ បានរំលងដំណើរការ “ពិគ្រោះយោបល់ជាមុន” ក្នុងរយៈពេលប្រាំមួយខែជាមួយប្រទេសជិតខាងដែលតម្រូវដោយគណៈកម្មការទន្លេមេគង្គក្រោមកិច្ចព្រមព្រៀងទន្លេមេគង្គឆ្នាំ១៩៩៥សម្រាប់ការសាងសង់ទំនប់វារីអគ្គិសនីដែលអាចប៉ះពាល់ដល់ផ្លូវទឹកប្រទេសជិតខាង។
បន្ទាប់ពីមានការរិះគន់ពីអ្នកបរិស្ថានរយៈពេលជាច្រើនខែ ដែលបានព្រមានថា ទំនប់វារីអគ្គិសនីនេះនឹងធ្វើឲ្យហិនហោចដល់ធនធានជលផលក្នុងប្រទេសកម្ពុជា និងសំណើពីរដ្ឋាភិបាលកម្ពុជានិងវៀតណាមឲ្យបញ្ឈប់គម្រោងនេះមក ប្រទេសឡាវបានយល់ព្រមនៅកិច្ចប្រជុំជាមួយគណៈកម្មការទន្លេមេគង្គកាលពីសប្តាហ៍មុនផ្អាកការសាងសង់ទំនប់នេះ។
លោក Marc Goichot អ្នកគ្រប់គ្រងទំនប់វារីអគ្គិសនីនិរន្តរភាពនិងអាងទន្លេមេគង្គនៅអង្គការ WWF បានលើកឡើងនៅក្នុងអុីម៉េលថា “ឥឡូវនេះ ឡាវសន្យាធ្វើអ្វីដែលខ្លួនបានចុះហត្ថលេខាតាមកិច្ចព្រមព្រៀងទន្លេមេគង្គ ហើយគួរតែធ្វើក្នុងរយៈពេលប៉ុន្មានខែមុននេះ”។
លោកលើកឡើងថា “សេចក្ដីសម្រេចក្នុងការពិគ្រោះយោបល់ស្ដីពីគម្រោងទំនប់វារីអគ្គិសនីដន សាហុង និងការផ្តល់ព័ត៌មានលម្អិតសំខាន់ៗអំពីផលប៉ះពាល់គម្រោង ធ្វើឡើងបន្ទាប់ពីមានសម្ពាធយ៉ាងខ្លាំងពីប្រទេសជិតខាង។ វាជាការសំខាន់ណាស់ដែលត្រូវដាក់សម្ពាធដើម្បីធ្វើឲ្យប្រាកដថា ឡាវបានធ្វើតាមការសន្យារបស់ខ្លួន”។
លោក កុល វឌ្ឍនា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជាបានមានប្រសាសន៍ថា លោកមិនដឹងពីសេចក្ដីសម្រេចរបស់រដ្ឋាភិបាលឡាវទេ ពីព្រោះលោកមិនបានទៅប្រជុំកាលពីសប្ដាហ៍មុន។ ទាំងលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងលោក ចាន់ យុត្ថា ប្រធានខុទ្ទកាល័យរបស់លោកមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ។
ឡាវបានសាងសង់ទំនប់វារីអគ្គិសនីកាត់ទន្លេមេគង្គមួយរួចហើយ គឺទំនប់់វារីអគ្គិសនីសាយ៉ាប៊ូរី ដែលបានដំណើរការសាងសង់ បើទោះជាមានការជំទាស់ពីប្រទេសកម្ពុជា និងវៀតណាមក៏ដោយ។ កិច្ចព្រមព្រៀងទន្លេមេគង្គនេះក៏តម្រូវឲ្យមានការព្រមព្រៀងគ្នាក្នុងចំណោមប្រទេសជាសមាជិកគណៈកម្មការទន្លេងមេគង្គផងដែរ មុនពេលការសាងសង់ទំនប់វារីអគ្គិសនី។
លោក Goichot បានមានប្រសាសន៍ថា “បច្ចុប្បន្ននេះ មានជំនឿតិចតួចទៅលើដំណើរការរបស់គណៈកម្មការទន្លេមេគង្គដើម្បីធ្វើឲ្យប្រាកដថា ត្រូវមានសេចក្ដីសម្រេចរួមដើម្បីផលប្រយោជន៍ដល់ប្រទេសទាំងអស់នៅតាមដងទន្លេមេគង្គ។ ប្រសិនបើឡាវមិនទទួលខុសត្រូវទេ នៅពេលឆាប់ៗនេះគណៈកម្មការទន្លេមេគង្គនឹងបាត់បង់ភាពត្រឹមត្រូវរបស់ខ្លួន ហើយប្រជាជន៦០លាននាក់ដែលរស់នៅតាមអាងទន្លេមេគង្គនឹងរងផលប៉ះពាល់”៕សារុន