កាលពីម្សិលមិញ សាលាឧទ្ធរណ៍បានពន្យារពេលបើកសវនាការមួយ ក្នុងរឿងក្ដីរបស់លោក ហេង ពៅ អតីតស្នងការនគរបាលរាជធានីភ្នំពេញ និងអ្នកសមគំនិតពីរនាក់ដែលត្រូវបានកាត់ឲ្យជាប់ទោសពីបទប៉ុនប៉ងធ្វើឃាតចាងហ្វាងកាសែតម្នាក់។
លោកហេងពៅដែលជាអតីតទីប្រឹក្សារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុនសែនកំពុងតែជាប់ពន្ធនាគាររយៈពេលជាង៩៨ឆ្នាំបន្ទាប់ពីត្រូវផ្ដន្ទាទោសពីបទឧក្រិដ្ឋ រួមទាំងការធ្វើឃាតលោក សុខ សេដ្ឋាមុនី ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ក្នុងឆ្នាំ២០០៣។
រយៈពេលជាប់ពន្ធនាគាររបស់លោកត្រូវបានបន្ថែម១៨ឆ្នាំទៀត កាលពីឆ្នាំ២០០៩នៅពេលលោកត្រូវបានផ្ដន្ទាទោស ជាមួយនឹងលោកលីរ៉ាស៊ីអតីតនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានី និងលោក ផេងផៃអតីតនាយការិយាល័យនគរបាលគ្រប់គ្រងជនបរទេសរាជធានី ពីបទបាញ់ប្រហារលោកថុងអ៊ុយបា៉ងចាងហ្វាងកាសែតកោះសន្ដិភាព និងអង្គរក្សរបស់លោកម្នាក់ទៀតកាលពីឆ្នាំ១៩៩៨។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោកជួនស៊ុនឡេងបានមានប្រសាសន៍ថា “ យើងបានពន្យារពេលសវនាការថ្ងៃនេះពីព្រោះលោកផេងផៃអតីតនាយការិយាល័យនគរបាលគ្រប់គ្រងជនបរទេសរាជធានី និងមេធាវីរបស់គាត់មិនបានចូលរួមការបើកសវនាការនេះឡើយ”។ លោកបានបន្ថែមថា លោកមិនដឹងអំពីមូលហេតុដែលលោក ផេង ផៃ បច្ចុប្បន្នកំពុងជាប់ពន្ធនាគារខេត្តកណ្ដាល អវត្តមាននៅពេលនេះទេ។ លោក ស៊ុនឡេង បញ្ជាក់ថា “ ខ្ញុំប្ដូរកាលបរិច្ឆេទបើកសវនាការ ហើយខ្ញុំនឹងកំណត់កាលបរិច្ឆេទជាថ្មីនៅពេលក្រោយ”។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកយកព័ត៌មាន ខណៈដែលលោកដើរចេញពីបន្ទប់សវនាការលោកហេងពៅ បានសំណូមពរឲ្យចៅក្រមកែប្រែការផ្តន្ទាទោសលោក។ លោកថ្លែងថា “តើលោកដែលបានឃើញភស្ដុតាងអ្វីខ្លះ ដើម្បីដាក់បន្ទុកខ្ញុំទេ?”។ លោក ហេងពៅ ដែលត្រូវបានចាប់ខ្លួននៅក្នុងប្រទេសម៉ាឡេស៊ីកាលពីឆ្នាំ២០០៦ និងត្រូវបានបញ្ជូនមកកាន់កម្ពុជាវិញ ហើយត្រូវបានផ្ដន្ទាទោសពីបទល្មើសជាច្រើនករណីនោះថ្លែងថា“ខ្ញុំចង់និយាយថាចាប់តាំងពីខ្ញុំត្រូវបានគេចាប់ដាក់ពន្ធនាគាររហូតមក
ដល់ពេលនេះ ក្នុងចំណោមប្រាំនាក់ ដែលធ្វើបាបខ្ញុំ ឥឡូវនេះបួននាក់ បានស្លាប់បាត់ទៅហើយ”។លោកថ្លែងថា “ពេលនេះ ខ្ញុំហ៊ាននិយាយថា បុគ្គលនៅសល់ម្នាក់ ដែលធ្វើបាបខ្ញុំ គឺលោក ម៉ក់ ជីតូ ដែលជាប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ នៅក្រសួងមហាផ្ទៃ ខ្ញុំគិតថាមានតែគាត់ទេ ទើបដឹងអ្វីខុសអ្វីត្រូវសម្រាប់ខ្ញុំ”។
លោកឧត្តមសេនីយ៍ ម៉ក់ ជីតូ បានមានវត្តមាននៅកន្លែងកើតហេតុ កាលពីក្នុងខែសីហាឆ្នាំ២០០៦ដែលពេលនោះនគរបាលបានឆ្មក់ចូលផ្ទះរបស់លោក ហេង ពៅ នៅខេត្តកណ្ដាល ដោយរកឃើញអាវុធ និងប្រាក់ក្លែងក្លាយចំនួន៣០.០០០ដុល្លារ។
លោក កៅ ស៊ូផា មេធាវីរបស់លោកហេង ពៅបានថ្លែងថា លោកផេងផៃ មិនបានចូលរួមក្នុងការបើកសវនាការទេ ពីព្រោះមេធាវីរបស់លោក “ជាប់រវល់កិច្ចការផ្ទាល់ខ្លួន”។ លោកបន្តថា “កូនក្ដីរបស់ខ្ញុំត្រូវបានគេចោទប្រកាន់ជាលើកដំបូងក្នុងឆ្នាំ១៩៩៨ពីបទជាប់ពាក់ព័ន្ធក្នុងការប៉ុនប៉ងធ្វើឃាតចាងហ្វាងកាសែត ប៉ុន្ដែ ក្នុងឆ្នាំ២០០៦ តុលាការបានសម្រេចចោទប្រកាន់លោក ក៏ប៉ុន្ដែ គ្មានភស្ដុតាងគ្រប់គ្រាន់ទេ។ ខ្ញុំសង្ឃឹមថា តុលាការនឹងពិចារណាឡើងវិញ”៕
ប្រែសម្រួលដោយចេវប៊ុននី