ជារឿយៗចៅក្រមមិនបានពិចារណាការផ្ដល់សិទ្ធិឲ្យជនសង្ស័យបាននៅក្រៅឃុំបណ្តោះអាសន្នទេ ដែលជាទូទៅបន្ដឃុំពួកគេក្នុងពន្ធនាគារ ជនជាប់ឃុំភាគច្រើនមិនមានឱកាសទទួលបានមេធាវីឡើយ ដោយសារចំនួនមេធាវីមិនយកកម្រៃក្នុងប្រទេសគឺមិនសមស្របទៅតាមតម្រូវការជាក់ស្ដែង ជាពិសេសសម្រាប់អ្នកក្រីក្រ។
ក្រសួងយុត្តិធម៌ និងការិយាល័យនៃឧត្ដមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានថ្លែងប្រាប់មន្ត្រីតុលាកានិងមន្ត្រីក្រសួងយុត្តិធម៌ក្នុងអំឡុងវេទិការរយៈពេលពីរថ្ងៃ ដែលរៀបចំដោយក្រសួងយុត្តិធម៌ និងឧត្ដមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សដើម្បីពិភាក្សាអំពីកំណែទម្រង់ច្បាប់ ដែលបានបញ្ចប់កាលពីថ្ងៃសុក្រថា បញ្ហាទាំងនេះ គឺជាបញ្ហាសំខាន់មួយចំនួនក្នុងចំណោមបញ្ហាជាច្រើន ដែលធ្វើឲ្យការអនុវត្តនៃនីតិវិធីច្បាប់ព្រហ្មទណ្ឌមិនបានត្រឹមត្រូវ។
វេទិកានោះមានការចូលរួមដោយមន្ត្រីថ្នាក់ខេត្ត មន្ត្រីយោធា ចៅក្រម និងព្រះរាជអាជ្ញាតុលាការកំពូលជាច្រើនរូបផងដែរនោះ វេទិការនេះបានរកឃើញថា មន្ត្រីតុលាការកំពុងខិតខំប្រឹងប្រែងអនុវត្តច្បាប់នេះអស់រយៈពេលប្រាំឆ្នាំមកហើយ បន្ទាប់ពីច្បាប់នោះត្រូវបានអនុម័ត។
លោក អុិត រ៉ាឌី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌បានថ្លែងក្នុងពិធីបិទវេទិកា នោះថា “តាមមាត្រា២០៣(នៃក្រមនីតិវិធីព្រហ្មទណ្ឌ) ចែងថា ចៅក្រមគួរតែពិចារណារវាងការដាក់ឲ្យស្ថិតក្រោមការឃ្លាំមើលរបស់តុលាការ និងការឃុំខ្លួនបណ្តោះអាសន្ន ដើម្បីវិនិច្ឆ័យឲ្យបានសមស្របតាមសំណុំរឿង។ការឃុំខ្លួនបណ្តោះអាសន្នត្រូវធ្វើឡើងបានតែក្នុងករណីចាំបាច់ ហើយបន្ទាន់ប៉ុណ្ណោះ បើមិនដូច្នោះទេ ជនជាប់ចោទត្រូវដោះលែង”។
លោក រ៉ាឌី បានថ្លែងបន្តថា “ តាមមាត្រា២០៥ គួរតែធ្វើការកែប្រែ ដើម្បីតម្រូវទៅតាមភស្តុតាងសម្រាប់ឃុំខ្លួនបណ្តោះអាសន្នហើយទម្រង់បែបបទរបស់ក្រសួងយុត្តិធម៌សម្រាប់ចៅក្រមបំពេញនោះ គួរតែធ្វើការកែប្រែផងដែរ”។
ជាច្រើនឆ្នាំមកហើយ ក្រុមអ្នកឃ្លាំមើលប្រព័ន្ធតុលាការកម្ពុជាបានលើកឡើងថា ការធានាឲ្យនៅក្រៅឃុំបណ្តោអាសន្ន គួរតែអនុវត្តឲ្យបានច្រើនថែមទៀត ដើម្បីជួយកាត់បន្ថយបញ្ហាដ៏រ៉ាំរ៉ៃជាយូរមកហើយ គឺបញ្ហាគុកនៅក្នុងប្រទេសកម្ពុជាចង្អៀតពេក។ យោងតាមតួលេខរបស់អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃឲ្យដឹងថា នៅចុងឆ្នាំ២០១១ មានអ្នកជាប់ពន្ធនាគារទូទាំងប្រទេសចំនួន១៥.៤០៤នាក់ និងមានអ្នកទោសជិត៦.៥០០នាក់ថែមទៀត ដែលលើសពីចំនួនកម្រិតពន្ធនាគារអាចទទួលយក គឺមានការកើនឡើង១១ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន។
អ្នកជាប់ក្នុងពន្ធនាគារជាច្រើនក្នុងចំណោមអ្នកទាំងនោះ គឺជាអ្នកជាប់ឃុំខ្លួនបណ្តោះអាសន្ន ដើម្បីរង់ចាំពេលជំនុំជម្រះទោស ដែលពេលខ្លះអាចអូសបន្លាយរហូតដល់ច្រើនឆ្នាំទៀតផង។ អង្គការសិទ្ធិមនុស្សបានលើកឡើងផងដែរថា មានមនុស្សជាច្រើនត្រូវឃុំខ្លួនបណ្តោះអាសន្នដោយមិនមានមេធាវីការពារ សម្រាប់បទឧក្រិដ្ឋ ដែលត្រូវគួរចាត់ទុកជាបទល្មើសមជ្ឈិម។
មាត្រាទី២០៣នៃច្បាប់ស្ដីពីនីតិវិធីព្រហ្មទណ្ឌ បានចែងថា “ជាគោលការណ៍ បុគ្គលត្រូវចោទ ត្រូវតែមានសេរីភាព” ឬក្នុងករណីពិសេស ជនត្រូវចោទអាចត្រូវតែឃុំខ្លួនបណ្តោះអាសន្ន។ លោក យ៉េង វីរៈ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានមានប្រសាសន៍ថា តាមពិត ការឃុំខ្លួនបណ្តោះ
អាសន្នក្ដី ត្រូវបានគេប្រើប្រាស់លើសលប់ពេក ហើយការសន្និដ្ឋានទុកជាមុនថា ជាអ្នកមានទោស ក៏ត្រូវបានគេប្រើយ៉ាងពេញទំហឹងដែរនៅក្នុងប្រព័ន្ធតុលាការ។ លោក វីរៈ បានមានប្រសាសន៍ថា “យើងយល់អំពីបញ្ហានេះ ហើយយើងចង់ឲ្យអង្គចៅក្រមធ្វើការពិចារណាអំពីបញ្ហានេះ។ វាជាឆន្ទានុសិទ្ធិរបស់ចៅក្រម។ យើងបានសង្កេតឃើញថា ចំពោះករណីមួយចំនួន ប្រជាពលរដ្ឋមិនគួរត្រូវគេឃុំខ្លួនសោះ ប៉ុន្តែ ទីបំផុតពួកគាត់បែរជាត្រូវឃុំខ្លួនទៅវិញ។បញ្ហានេះ គឺជាផលវិបាក ដោយសារតែការសន្និដ្ឋានទុកថា ជាអ្នកមានទោស។វាគឺជាបញ្ហាគួរឲ្យភ័យខ្លាច និងអាចជាមូលហេតុដែលនាំឲ្យប្រជាពលរដ្ឋស្លូតត្រង់ត្រូវជាប់ពន្ធនាគារ។
របាយការណ៍មួយចុះផ្សាយដោយអង្គការសិទ្ធិមនុស្សលីកាដូ កាលពីឆ្នាំមុនបានលើកឡើងថា “គេមិនដែលបានឮអំពីការកាត់ទោសមិនឲ្យជាប់ឃុំនោះទេ ហើយការឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ក៏ពុំសូវឃើញមានគេប្រើដែរ” ផ្ទុយទៅវិញ អ្នកដែលត្រូវគេឃុំខ្លួនបណ្តោះអាសន្នមានរហូតមួយភាគបីនៃចំនួនអ្នកជាប់ក្នុងពន្ធនាគារទាំងអស់។
បញ្ហាមួយផ្សេងទៀតពាក់ព័ន្ធនឹងការអនុវត្តឲ្យបានសមរម្យ នូវច្បាប់ស្ដីពីនីតិវិធីព្រហ្មទណ្ឌ ដែលត្រូវបានពិភាក្សាកាលពីថ្ងៃសុក្រនោះ គឺការអនុវត្តច្បាប់ដោយខ្វះចន្លោះ ក្នុងចំណោមមន្ត្រីតុលាការ ដែលមិនបានពន្យល់ជនសង្ស័យអំពីសិទ្ធិទទួលបានមេធាវីការពារខ្លួនពួកគាត់ទាន់ពេល។ លោក រ៉ាឌី បានមានប្រសាសន៍ថា ទោះបីជាច្បាប់ចែងថា ជនសង្ស័យអាចតម្រូវឲ្យជួបមេធាវីបានត្រឹមតែ៣០នាទី បន្ទាប់ពីត្រូវឃុំខ្លួនអស់រយៈពេល២៤ម៉ោងក៏ដោយ ក៏ច្បាប់នោះគួរតែ “ ប្រែប្រួល ជាពិសេសចំពោះករណីណាដែលស្មុគស្មាញ”។ លោកបានមានប្រសាសន៍បន្ដថា “ពាក់ព័ន្ធនឹងលទ្ធភាពក្នុងការស្វែងរកមេធាវីការពារ ខ្លួន ប្រជាពលរដ្ឋគួរតែត្រូវបានគេពន្យល់អំពីសិទ្ធិនោះភ្លាមៗដែរ។ លទ្ធភាពក្នុងការស្វែងរកមេធាវីការពារខ្លួន បន្ទាប់ពីនគរបាលឃុំខ្លួនអស់២៤ម៉ោងនោះ មិនគួរត្រូវគេបដិសេធនោះទេ។ ការអនុវត្តច្បាប់នេះគួរតែត្រូវបានគេត្រួតពិនិត្យឲ្យបានល្អិតល្អន់”។
លោក យ៉េង វីរៈ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានមានប្រសាសន៍ថា ច្បាប់់នេះគួរតែប្រសើរជាងនេះ និងអនុញ្ញាតឲ្យជនសង្ស័យគួរមានលទ្ធភាពស្វែងរកមេធាវីការពារខ្លួនភ្លាមនៅពេលពួកគាត់ត្រូវគេឃុំខ្លួន។ លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថាការអនុវត្តច្បាប់ គឺជាបញ្ហា។ ជារឿយៗ គ្មាននរណាម្នាក់ត្រូវបានគេអនុញ្ញាតឲ្យជួបអ្នកជាប់ឃុំនោះទេ ក្នុងរយៈពេល២៤ម៉ោងដំបូងប៉ុន្តែ លទ្ធភាពស្វែងរកមេធាវីការពារខ្លួនគួរតែអនុញ្ញាតតាំងពីនាទីទី១មកម៉្លេះ”។
លោក រ៉ាឌី បានមានប្រសាសន៍បន្ថែមទៀតថា គណៈមេធាវីកម្ពុជាចាំបាច់ត្រូវធ្វើឲ្យប្រាកដថា មានមេធាវីមិនយកកម្រៃ នៅក្នុងប្រទេសឲ្យបានគ្រប់គ្រាន់ ដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេស សម្រាប់ប្រជាពលរដ្ឋក្រីក្រ។ លោកបានមានប្រសាសន៍ថា “ មិនទាន់មានមេធាវីការពារប្រជាពលរដ្ឋក្រីក្រឲ្យបានគ្រប់គ្រាន់នោះទេ”។
លោកបន្ដថា “ គណៈមេធាវីកម្ពុជាគួរតែបង្កើនចំនួនមេធាវី ផ្ដល់ការបណ្ដុះបណ្ដាលបន្ថែម និងស្នើសុំថវិកា សម្រាប់រកមេធាវីការពារប្រជាពលរដ្ឋក្រីក្រដោយមិនយកកម្រៃ។នៅមានការខ្វះខាតមេធាវីសម្រាប់ការពារប្រជាពលរដ្ឋតាមបណ្ដាខេត្តនានា”៕
ប្រែសម្រួលដោយ ឃិន ណៃ
និង ហម សុផាណ្ណា