អង្គការសិទ្ធិមនុស្សមួយបានលើកឡើងក្នុងរបាយការណ៍ ចេញផ្សាយកាលពីម្សិលមិញថា ច្បាប់ស្តីពីការគ្រប់គ្រងដីកសិកម្ម ដែលបច្ចុប្បន្នក្រសួងកសិកម្មកំពុងព្រាងនោះ គឺជាការគំរាមកំហែងមួយចំពោះម្ចាស់ដីឯកជន ពីព្រោះវាដាក់ទោសព្រហ្មទណ្ឌដល់កសិករណា ដែលមិនគោរពតាមអំណាចថ្មីរបស់រដ្ឋាភិបាលក្នុងការបង្កើតតំបន់កសិកម្ម។
យោងតាមសេចក្តីព្រាងច្បាប់ថ្មីនេះ រដ្ឋាភិបាលនឹងអាចបង្កើតតំបន់កសិកម្មបាន មិនថា វាជាដីរដ្ឋ ឬឯកជនឡើយ សម្រាប់អ្វីដែលគេហៅថា “តំបន់អភិវឌ្ឍន៍កសិកម្ម” ដរាបណា “ម្ចាស់កម្មសិទ្ធិដីធ្លីតូចៗ” យល់ព្រម។ ប៉ុន្តែអង្គការលីកាដូបានលើកឡើងថា ច្បាប់នេះអាចនឹងត្រូវគេប្រើប្រាស់ដើម្បីធ្វើឲ្យការចាប់យកដីធ្លីក្លាយជាស្របច្បាប់ ហើយអ្នកដែលមិនយល់ស្របនឹងសេចក្តីសម្រេចបង្កើតតំបន់កសិកម្ម នឹងត្រូវជាប់ពន្ធនាគារ។
អង្គការលីកាដូបានលើកឡើងក្នុងរបាយការណ៍ដដែលនេះថា “សេចក្តីព្រាងច្បាប់ដែលបច្ចុប្បន្នក្រសួងកំពុងតាក់តែងនេះ អាចនឹងត្រូវគេប្រើប្រាស់ជារបាំងច្បាប់សម្រាប់ការពារសកម្មភាពចាប់យកដីធ្លី និងសម្រាប់ការពារអ្នក ដែលប្រាថ្នាចង់កេងចំណេញ និងទទួលផលប្រយោជន៍ផ្ទាល់ខ្លួនពីដីធ្លី និងធនធាននានានៅក្នុងប្រទេសកម្ពុជា។អ្វីដែលគួរឲ្យព្រួយបារម្ភបំផុតនោះ គឺច្បាប់នេះបង្កើតឲ្យមានការទទួលខុសត្រូវក្នុងបទឧក្រិដ្ឋចំពោះសកម្មភាពណាមួយ ដែលល្មើសនឹងបទបញ្ញត្តិក្នុងច្បាប់នេះ”។
តាមជំពូក១០នៃសេចក្តីព្រាងច្បាប់នេះ អ្នកដែលមិនគោរពតាមបទបញ្ញត្តិក្នុងច្បាប់នេះ អាចនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់មួយឆ្នាំ និងពិន័យជាប្រាក់រហូតដល់ទៅ១0.០០០.០០០រៀល ឬប្រហែល២.៥០០ដុល្លារ។ ច្បាប់នេះបានចែងថា នៅពេលសេចក្ដីសម្រេចបង្កើត “តំបន់អភិវឌ្ឍន៍កសិកម្ម” ត្រូវបានធ្វើឡើង កសិករ និងអាជ្ញាធរមូលដ្ឋាននឹងជួបប្រជុំគ្នា ដើម្បីសម្រេចរកវិធីណាល្អបំផុតក្នុងការប្រើប្រាស់ដី និងដំណាំដែលត្រូវដាំដុះ។ មាត្រា១២នៃសេចក្ដីព្រាងច្បាប់នេះក៏អនុញ្ញាតឲ្យរដ្ឋាភិបាលបង្កើតតំបន់កសិកម្មតាមដែលខ្លួនចង់បានផងដែរ ដើម្បីបង្កើត“តំបន់អភិរក្សជីវចម្រុះ”។នៅត្រង់មាត្រានេះគ្មាននិយមន័យច្បាស់លាស់ទេ។
ច្បាប់នេះចែងថា “ច្បាប់នេះអនុវត្តទៅលើដីកសិកម្មគ្រប់ប្រភេទ មិនថា ជាដីឯកជនដីរបស់រដ្ឋ ដីឯកជនរបស់រដ្ឋ ឬជាសហគមន៍ឡើយ គឺនៅគ្រប់តំបន់កសិកម្មធម្មជាតិទាំងអស់ក្នុងប្រទេសកម្ពុជា”។ ទោះបីជាច្បាប់នេះចែងយ៉ាងច្បាស់ថា អ្នកដែលមិនព្រមចូលរួមក្នុងតំបន់អភិវឌ្ឍន៍នឹងត្រូវទទួលបានសំណងក្ដី ក៏ច្បាប់នេះមិនចែងថា សំណងនោះមានចំនួនប៉ុន្មានឡើយ។
របាយការណ៍របស់អង្គការលីកាដូនេះបានលើកឡើងថា “សេចក្ដីព្រាងច្បាប់នេះចែងថា នឹងមានការផ្តល់ “សំណងសមរម្យ” ដែលមិនទាក់ទិននឹងតម្លៃនៅលើទីផ្សារ ឬវិធានការណាផ្សេងទៀតឡើយ ហើយដែលត្រូវទុកឲ្យរដ្ឋាភិបាលសម្រេចចិត្តទាំងស្រុង។ការធ្វើបែបនេះមិនខុសពីការធ្វើឲ្យការចាប់យកដីធ្លីដោយខុសច្បាប់ ក្លាយជាស្របច្បាប់នោះឡើយ”។
លោក ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានមានប្រសាសន៍ថា ច្បាប់នេះកំពុងតែស្ថិតក្នុងដំណាក់កាលព្រាងប៉ុណ្ណោះ ហើយថា អង្គការក្រៅរដ្ឋាភិបាលនានានឹងត្រូវអញ្ជើញក្នុងពេលឆាប់ៗនេះ ឲ្យចូលរួមពិភាក្សាអំពីសេចក្តីព្រាងច្បាប់នេះ។ ទោះជាយ៉ាងណា លោកបានបន្ថែមថា ច្បាប់នេះគឺស័ក្តិសមនឹងស្ថានភាពបច្ចុប្បន្ន។
លោកបានមានប្រសាសន៍បន្ថែមទៀតថា“សេចក្ដីព្រាងច្បាប់នេះមិនតឹងតែងទេ ហើយយើងនឹងជំរុញឲ្យអនុម័តសេចក្ដីព្រាងនេះឲ្យបានឆាប់ ដើម្បីទប់ស្កាត់ការបាត់បង់ដីកសិកម្ម ពីព្រោះ [កសិករខ្លះ] បានយកដីស្រែមកធ្វើជាដីសម្រាប់សង់ផ្ទះ”។
លោក ប្រាជ្ញ ប៊ុនធឿន វ័យ៣៧ឆ្នាំ ជាកសិករម្នាក់ និងជាអនុប្រធានសមាគមកសិករសម្រាប់អភិវឌ្ឍន៍សន្ដិភាព លើកឡើងថា បទបញ្ញត្តិនៃច្បាប់នេះរឹតបន្ដឹងខ្លាំងពេកលើជីវភាពរស់នៅរបស់ប្រជាកសិករ រីឯការដាក់ទោសព្រហ្មទណ្ឌទៀតសោត គ្រាន់តែបន្ថែមសម្ពាធទៅលើគ្រួសារនៅតាមទីជនបទមិនឲ្យលក់ដីឲ្យទៅក្រុមហ៊ុនតាមរយៈដីសម្បទានសេដ្ឋកិច្ចប៉ុណ្ណោះ។
លោកបានលើកឡើងបន្ថែមទៀតថា “ជាឧទាហរណ៍ ឆ្នាំនេះ ប្រសិនបើកសិករមិនចង់បង្កបង្កើនផលស្រូវ ហើយពួកគាត់ចង់ផ្លាស់ប្ដូរប្រភេទដំណាំរបស់ខ្លួននោះ យើងចាំបាច់ត្រូវដាក់សំណើសុំការអនុញ្ញាតទៅក្រសួង និងត្រូវធ្វើតាមអ្វី តាមតែគេប្រាប់។ យើងនឹងស្នើសុំឲ្យក្រសួងធ្វើវិសោធនកម្ម និងធ្វើឲ្យសេចក្ដីព្រាងច្បាប់នេះមានតុល្យភាពជាងនេះ ដើម្បីដកការផ្ដន្ទាទោសចេញ”៕
ប្រែសម្រួលដោយ តែម សុខុម