កាលពីម្សិលមិញ ក្រុមហ៊ុនរបស់ភរិយាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបន្តការសាងសង់របងថ្មជុំវិញចំណែកដី ដែលមានជម្លោះនៅខេត្តកំពង់ឆ្នាំង បើទោះជាមានការអំពាវនាវពីប្រេសិតសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ ឲ្យពន្យារពេលការសាងសង់រហូតដល់មានដំណោះស្រាយជាមួយក្រុមកសិករដែលត្រូវគេបណ្តេញចេញក៏ដោយ។
ក្រុមហ៊ុន KDCInternational ដែលជារបស់លោកស្រី ជា ខេង ត្រូវក្រុមអ្នកភូមិចោទថា បានដណ្តើមយក និងរានដីទំហំ១៤៥ហិកតាដោយខុសច្បាប់នៅខេត្តកំពង់ឆ្នាំងកាលពីឆ្នាំ២០០២។ ចំនួនគ្រួសារប្រជាជនដែលចុះថយបន្តិចម្តងៗ ឥឡូវនេះនៅត្រឹម១៦គ្រួសារ បានបដិសេធមិនទទួលយកការផ្តល់សំណង ដែលពួកគេនិយាយថា តិចតួចពេក។
កាលពីសប្តាហ៍មុន កម្មករក្រុមហ៊ុន ខេឌីស៊ី បានមកដល់ភូមិឡពាងដើម្បីសង់របងថ្មជុំវិញដីនោះ ដែលក្រុមអ្នកភូមិនិយាយថា ពួកគេបាននិងកំពុងធ្វើស្រែចម្ការតាំងពីទសវត្សរ៍ឆ្នាំ១៩៨០មក។ នគរបាលរាប់សិបនាក់ត្រូវបានគេបញ្ជូនមកភូមិនេះក្នុងស្រុកកំពង់ត្រឡាចដើម្បីទប់ស្កាត់អំពើហិង្សា។ ប៉ុន្តែ កាលពីសប្តាហ៍មុន អ្នកភូមិបានប៉ះទង្គិចយ៉ាងហិង្សាជាមួយកម្មករពីរលើកមកហើយ។
បើទោះជាការព្រួយបារម្ភនេះត្រូវបានលើកឡើងដោយលោក សុរិយា ស៊ូបេឌី អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជាក៏ដោយ ក៏ក្រុមមន្ត្រីមូលដ្ឋាននិយាយថា ពួកគេមិនអាចធ្វើអ្វីដើម្បីបញ្ឈប់វាបានឡើយ។
លោក នួន សាន មេឃុំតាជេស បានមានប្រសាសន៍ថា ” អាជ្ញាធរគ្រប់ជាន់ថ្នាក់បានផ្តល់ការយល់ព្រមឲ្យក្រុមហ៊ុននេះសង់របងលើដីនោះ”។ “តើខ្ញុំអាចនិយាយអីបាន ចំពោះក្រុមហ៊ុនដែលធ្វើរបងលើដីរបស់ពួកគេ ខណៈដែលអ្នកភូមិដែលអះអាងសិទ្ធិកាន់កាប់ដីនោះ គ្មានឯកសារណាមួយបញ្ជាក់ពីភាពជាម្ចាស់ដីនោះ”។
អ្នកស្រី អ៊ុំ សុភី ជាតំណាងអ្នកភូមិ បានមានប្រសាសន៍ថា ការសង់របងធ្វើលឿនជាងមុនទៅទៀត។ អ្នកស្រីបានមានប្រសាសន៍ថា “កម្មកររបស់ក្រុមហ៊ុន ដែលមានការគាំទ្រដោយនគរបាល និងកម្លាំងកងរាជអាវុធហត្ថដ៏ច្រើន បានចាប់ផ្តើមការសង់របងរឹតតែលឿនជាងមុន បើទោះជាដីនេះកំពុងមានទំនាស់ក៏ដោយ”។
កាលពីថ្ងៃទី២២ ខែមិថុនា ក្រសួងយុត្តិធម៌បានឆ្លើយតបទៅនឹងសំណើមួយពីក្រុមអ្នកភូមិសុំអន្តរាគមន៍ក្នុងរឿងក្តីនេះ ដោយបានបង្វែរករណីវិវាទនេះទៅតុលាការខេត្តវិញ។
អ្នកស្រី សុភី បានមានប្រសាសន៍ថា អ្នកស្រីគ្មានសង្ឃឹមថា តុលាការនឹងដោះស្រាយឲ្យទេ “ពីព្រោះគ្មានមន្ត្រីណានៅក្នុងខេត្តនេះដែលធ្លាប់បានព្យាយាមជួយដោះស្រាយរឿងករណីដល់អ្នកក្រីក្រឡើយ”៕មានិត