ព្រះអង្គម្ចាស់ នរោត្ដមរណឫទ្ធិនិងសមាជិកសំខាន់ៗមួយចំនួនទៀតនៅក្នុងគណបក្សរបស់ព្រះអង្គ បានលាលែងពីតំណែងកាលពីថ្ងៃសុក្រនិងថ្ងៃសៅរ៍ បន្ទាប់ពីលោក សៅរ៉ានី អគ្គលេខាធិការបក្សរបស់គណបក្ស នរោត្ដមរណឫទ្ធិបានដាក់ពាក្យបណ្ដឹងមួយស្ដីអំពីការក្លែងបន្លំឯកសារ។
ប្រភពស្និទ្ធនឹងព្រះអង្គបានលើកឡើងថាការលាលែងនេះត្រូវបានធ្វើឡើង ជាថ្នូរនឹងការសន្យាដកពាក្យបណ្ដឹងរបស់លោកសៅ រ៉ានីដែលបានប្តឹងលោក ណូរ៉ាណឫទ្ធិអាណាន់ដាយ៉ាត ប្រធានខុទ្ទការល័យរបស់គណបក្ស នរោត្ដមរណឫទ្ធិ។
កាលពីថ្ងៃសុក្រ ព្រះអង្គម្ចាស់ នរោត្ដមរណឫទ្ធិ បានលាលែងពីតំណែងជាប្រធានគណបក្ស នរោត្ដម រណឫទ្ធិ ដោយព្រះអង្គម្ចាស់លើកឡើងថា ព្រះអង្គម្ចាស់លែងពាក់ព័ន្ធជាមួយរឿងនយោបាយទៀតហើយ។ ព្រះអង្គម្ចាស់បានឡាយលិខិតបើកចំហមួយថា“ ចាប់ពីពេលនេះតទៅ ខ្ញុំលាលែងពីនយោបាយហើយ ហើយខ្ញុំលែងទទួលខុសត្រូវរាល់ការងារ និងការសម្រេចចិត្តណាមួយរបស់គណបក្ស នរោត្ដម រណឫទ្ធិ ទៀតហើយ។ ខ្ញុំចាប់ផ្ដើមធ្វើការងារមនុស្សធម៌ និងការងារសង្គម ព្រមទាំងចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិក្រោមការដឹកនាំរបស់ព្រះមហាក្សត្រ សីហមុនី”។
លោក ឈឹម សៀកឡេង ប្រធានស្ដីទីគណបក្ស នរោត្ដម រណឫទ្ធិ និងលោក ប៉ែនសង្ហារ អ្នកនាំពាក្យគណបក្ស នរោត្ដមរណឫទ្ធិបានចេញសេចក្ដីថ្លែងការណ៍ស្ដីពីការលាលែងស្រដៀងគ្នានេះមួយថ្ងៃក្រោយមក។
សមាជិកគណបក្សមួយចំនួនដែលលាលែងពីតំណែង បានលើកឡើងកាលពីម្សិលមិញ អំពីស្ថានភាពមិនសូវល្អ កាលពីប៉ុន្មានខែថ្មីៗនេះថា មានមន្ត្រីមួយចំនួនបានព្យាយាមបណ្ដេញព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិចេញពីគណបក្ស បន្ទាប់ពីមានសេចក្ដីប្រកាសកាលពីខែឧសភា អំពីការរួមបញ្ចូលគ្នារវាងគណបក្ស នរោត្ដម រណឫទ្ធិ និងគណបក្ស ហ៊្វុនស៊ិនប៉ិច។
បញ្ហានេះមានស្ថានភាពធ្ងន់ឡើងៗ កាលពីចុងខែកក្កដា ដែលនៅពេលនោះ គណបក្សនេះព្យាយាមបណ្ដេញលោក សៅ រ៉ានី និងសមាជិកប្រាំនាក់ផ្សេងទៀត ដោយលើកឡើងថាពួកគេបានរំលោភលក្ខន្ដិកៈ របស់គណបក្ស នរោត្ដម រណឫទ្ធិ។ ជាការឆ្លើយតប លោកសៅរ៉ានីបានចោទប្រកាន់គណបក្ស នរោត្ដម
រណឫទ្ធិ ថា បានក្លែងបន្លំឯកសារមួយចំនួន ហើយលោកបានទទួលដីកាបង្គាប់បណ្ដោះអាសន្នមួយពីសាលាដំបូងរាជធានីភ្នំពេញ អនុញ្ញាតឲ្យបុគ្គលទាំងប្រាំមួយរូបនេះរក្សាតំណែងនៅក្នុងគណបក្សដដែល។
លោក ប៉ែន សង្ហារ បានមានប្រសាសន៍កាលពីម្សិលមិញថា “ ខ្ញុំគឺជាសមាជិកដ៏ស្មោះត្រង់មួយរូបចំពោះព្រះអង្គ។ ខ្ញុំគិតថាសមាជិកមួយក្រុមដែលចង់រួមបញ្ចូលគ្នានៃក្រុមរាជានិយមពិតប្រាកដមួយក្រុមមកពីគណបក្សហ៊្វុនស៊ិនប៉ិចនិងគណបក្ស នរោត្ដមរណឫទ្ធិ នោះ គឺគ្មានន័យអ្វីទេ ប្រសិនបើគ្មានព្រះអង្គម្ចាស់ នរោត្ដមរណឫទ្ធិ នោះ។ហេតុដូច្នេះហើយ ខ្ញុំមិនចង់ចូលរួមនៅក្នុងក្រុមនេះទេ អ៊ីចឹងហើយខ្ញុំត្រូវតែចាកចេញពីគណបក្ស នរោត្ដម រណឫទ្ធិ។ ខ្ញុំមិនគាំទ្រគណបក្សដែលគ្មានព្រះអង្គម្ចាស់ នរោត្ដមរណឫទ្ធិ ឡើយ”។ លោកបានបន្ថែមថា ទំនងជាមានការលាលែងជាច្រើនទៀតនៅសប្ដាហ៍នេះ បន្ទាប់ពីសមាជិកនៅថ្នាក់មូលដ្ឋានបានដឹងអំពីការចាកចេញរបស់ព្រះអង្គម្ចាស់ នរោត្ដមរណឫទ្ធិ។
យោងតាមទីប្រឹក្សាមួយរូបរបស់ព្រះអង្គ ដែលនិយាយក្នុងលក្ខខណ្ឌអនាមិក ដោយសារតែករណីនេះជាករណីរសើបនោះមានភស្ដុតាងជាច្រើនទំព័រ ត្រូវបានផ្ដល់ ដើម្បីឆ្លើយតបទៅនឹងការអះអាងអំពីការក្លែងបន្លំនេះ ប៉ុន្ដែ តុលាការបានបដិសេធមិនដកដីកាបង្គាប់ប្រឆាំងនឹងការដកមន្ត្រីទាំងនោះទេ។
ទីប្រឹក្សារូបនេះលើកឡើងថា“ បន្ទាប់ពីតុលាការបន្ដរក្សាដីកាបង្គាប់របស់ខ្លួនព្រះអង្គដឹងថា រឿងក្តីបន្ទាប់គឺជារឿងក្តីព្រហ្មទណ្ឌ ហើយប្រសិនបើព្រះអង្គម្ចាស់នៅតែតទល់ ទោះបីជាមានភស្ដុតាងរឹងមាំយ៉ាងណាក៏ដោយក៏ព្រះអង្គដឹងថាព្រះអង្គមិនឈ្នះដែរ”។ ទីប្រឹក្សារូបនេះបានបន្ដថា “ ហេតុដូច្នេះហើយទើបព្រះអង្គព្យាយាមបញ្ចប់បញ្ហានេះ ដោយសន្ដិវិធី ដោយគ្មាននរណាឈឺចាប់ ហើយក៏គ្មាននរណាចូលពន្ធនាគារដែរ ព្រះអង្គសុខចិត្តបោះបង់ចោលអាជីពនយោបាយរបស់ព្រះអង្គ ជាថ្នូរនឹងការដកពាក្យបណ្ដឹង”។
លោក សៅ រ៉ានី បានអះអាងថា លោកនឹងដកពាក្យបណ្ដឹង បន្ទាប់ពីព្រះអង្គលាលែងពីតំណែង។ លោក សៅ រ៉ានី បានថ្លែងថា “ ខ្ញុំនឹងដកពាក្យបណ្ដឹងពីតុលាការនៅរសៀលថ្ងៃស្អែក ពីព្រោះព្រះអង្គម្ចាស់បានលាលែងតំណែងជាប្រធានគណបក្ស ហេតុដូច្នេះហើយ ខ្ញុំគ្មានអ្វីត្រូវប្ដឹងទៀតទេ”។ ដោយបដិសេធទៅនឹងការអះអាងផ្ទុយពីនេះ លោកសៅ រ៉ានីបានបញ្ជាក់ថាលោកមិនមានបំណងធ្វើឲ្យព្រះអង្គចាកចេញពីនយោបាយនោះទេ ដោយលើកឡើងថា គោលបំណងតែមួយគត់របស់លោកនោះ គឺ ចង់ជួយឲ្យមានការរួមបញ្ចូលគ្នាដោយរលូនរវាងគណបក្ស នរោត្ដម រណឫទ្ធិ និងគណបក្សហ៊្វុនស៊ិនប៉ិច។
លោកបន្ដថា “ ខ្ញុំមិនបានឃុបឃិតជាមួយគណបក្ស ហ៊្វុនស៊ិនប៉ិច ក្នុងការបណ្ដេញព្រះអង្គចេញពីគណបក្សនោះទេ អ្វីដែលខ្ញុំបានធ្វើគឺគ្រាន់តែធ្វើតាមព្រះអង្គប៉ុណ្ណោះ ប៉ុន្ដែ យើងត្រូវតែស្វែងរកមធ្យោបាយមួយ ដើម្បីពន្លឿនការរួមបញ្ចូលគ្នា ជាមួយនឹងគណបក្ស ហ៊្វុនស៊ិនប៉ិច បើពុំដូច្នេះទេយើងនឹងស្លាប់”៕
(រាយការណ៍បន្ថែមដោយឡោច័ន្ទតារានិង គឹមចាន់)
ប្រែសម្រួលដោយស៊ាស៊ុយឈាង