ទិន្នន័យមួយ ដែលត្រូវបានចេញផ្សាយដោយការតាំងពិព័រណ៍របស់ក្រសួងពាណិជ្ជកម្ម កាលពីម្សិលមិញបានបង្ហាញឲ្យដឹងថា នៅក្នុងរយៈពេលប្រាំបួនខែដំបូង ឆ្នាំ២០១២នេះ មានក្រុមហ៊ុនអាជីវកម្មចំនួន២.៦០៦ក្រុមហ៊ុនហើយ ដែលបានទៅចុះបញ្ជីបើកធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ពោលគឺបានកើនឡើង១១,៦ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១១កន្លងទៅនេះ។
យោងតាមតួលេខ ដែលក្រសួងពាណិជ្ជកម្មបានចេញផ្សាយបង្ហាញឲ្យដឹងថា គ្រាន់តែក្នុងខែកញ្ញា តែមួយខែប៉ុណ្ណោះ ក្រសួងពាណិជ្ជកម្មបានចុះបញ្ជីឲ្យបើកក្រុមហ៊ុនអាជីវកម្មថ្មីៗចំនួន៣០៦ក្រុមហ៊ុន ដោយបានកើនឡើងពីចំនួន២១៧ក្រុមហ៊ុន ដែលក្រសួងបានចុះបញ្ជី យល់ព្រមឲ្យបើកកាលពីខែកញ្ញា ឆ្នាំ២០១១។
លោក គង់ ពុទ្ធារ៉ា ប្រធាននាយកដ្ឋានស្ថិតិ នៅឯក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ក្រុមហ៊ុនថ្មីៗ ដែលបានទៅសុំចុះបញ្ជីបើកនៅឯក្រសួងពាណិជ្ជកម្ម ភាគច្រើនគឺជាក្រុមហ៊ុន ដែលប្រកបអាជីវកម្មខាងវិស័យកាត់ដេរ សំណង់ ព្រមទាំងខាងវិស័យមុខជំនួញ។
លោកមានប្រសាសន៍បន្តទៀតថា “ យើងកំពុងតែឃើញមានទាំងក្រុមហ៊ុនបរទេស ទាំងក្រុមហ៊ុនក្នុងស្រុក ដែលកំពុងចូលមកក្នុងទីផ្សារ ខណៈពេលពួកគេបង្កើនទំហំអាជីវកម្មរបស់ខ្លួននៅទីនេះ” ហើយលោកបន្ថែមទៀតថា ក្រុមហ៊ុនអាជីវកម្មមួយចំនួន បានមកពីក្រុមហ៊ុនមានស្រាប់ ដែលស្វែងរកបើកសាខាថ្មីរបស់ខ្លួននៅក្នុងក្រុងមួយចំនួន ដូចជានៅសៀមរាប និងបាត់ដំបង ជាដើម៕
ប្រែសម្រួលដោយ ហួង កុកទៀន