អតីតម្ចាស់រោងចក្រកាត់ដេរ ដែលត្រូវបានភ្លើងឆាបឆេះកាលពីថ្ងៃច័ន្ទ បានយល់ព្រមឲ្យកម្មករប្រហែល៩០០នាក់ខ្ចីលុយរហូតដល់ម្ចាស់រោងចក្របច្ចុប្បន្នសម្រេចថា តើត្រូវបើកប្រាក់ខែ និងប្រាក់បំណាច់ការងារឲ្យពួកគេដោយរបៀបណានោះសិន។
ទន្ទឹមនឹងនេះដែរ អាជ្ញាធរបាននិយាយថា ពួកគេមិនទាន់បានដឹងពីមូលហេតុដែលបង្កឲ្យមានអគ្គិភ័យនៅរោងចក្រ ចាងសេង របស់ចិន ដែលបានបណ្ដាលឲ្យអ្នកគ្រប់គ្រងរោងចក្រជនជាតិចិនម្នាក់ស្លាប់នេះទេ។
អ្នកស្រី ហេល ផល្លា ប្រធានរដ្ឋបាលនៅរោងចក្រក្នុងខណ្ឌពោធិ៍សែនជ័យនេះ បាននិយាយថា ម្ចាស់រោងចក្របច្ចុប្បន្នបានសុំឲ្យម្ចាស់រោងចក្រមុន ដែលជាមិត្តភក្តិជិតស្និទ្ធជួយកម្មករសម្រាប់ការចំណាយបន្ទាន់ៗ ខណៈដែលរោងចក្រដោះស្រាយជាមួយក្រុមហ៊ុនធានារ៉ាប់រងរបស់ខ្លួន និងសម្រេចថា តើត្រូវធ្វើអ្វីទៀត។
អ្នកស្រីបាននិយាយថា “គាត់គឺជាអតីតម្ចាស់រោងចក្រនេះ និងជាមិត្តភក្តិយូរអង្វែងរបស់ម្ចាស់រោងចក្របច្ចុប្បន្ន ហើយគាត់បានយល់ព្រមឲ្យកម្មករខ្ចីលុយ ដើម្បីឲ្យពួកគេមានលុយបង់ថ្លៃឈ្នួលផ្ទះ និងថ្លៃចំណាយក្នុងការរស់នៅផ្សេងៗទៀត”។
អ្នកស្រី ផល្លា បាននិយាយថា ការឲ្យខ្ចីលុយនេះនឹងចាប់ផ្ដើមធ្វើនៅថ្ងៃច័ន្ទ ហើយកម្មករម្នាក់អាចទទួលបានរហូតដល់១០០ដុល្លារ អាស្រ័យលើរយៈពេលដែលពួកគេបានធ្វើការ។ ថ្ងៃបើកប្រាក់លើកក្រោយគ្រោងធ្វើនៅថ្ងៃទី១០ ខែសីហា។
ហុង ចិន្តា ជាកម្មករនៅរោងចក្រនេះ និងជាតំណាងសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាបានស្វាគមន៍ផែនការនេះ។
ចិន្តា បាននិយាយថា “យើងរីករាយដែលអតីតម្ចាស់រោងចក្រនឹងឲ្យលុយយើងខ្ចី។ គាត់ចិត្តល្អណាស់ ពីព្រោះយើងបារម្ភខ្លាចអត់មានលុយបង់ថ្លៃឈ្នួលផ្ទះ និងការចំណាយផ្សេងៗ”។
សហជីពនេះនិយាយថា រោងចក្រក៏ត្រូវបើកប្រាក់បំណាច់ការងារឲ្យកម្មករផងដែរ ប្រសិនបើរោងចក្រនេះមិនបើកដំណើរការឡើងវិញទេនោះ។ អ្នកស្រី ផល្លា មិនបាននិយាយថា តើរោងចក្រនឹងបើកដំណើរការឡើងវិញ ឬបើកប្រាក់បំណាច់ការងារឲ្យកម្មករឬអត់នោះទេ។
ចំណែកឯមូលហេតុនៃអគ្គិភ័យនេះ លោក នេត វ៉ាន់ថា ប្រធានអង្គភាពពន្លត់អគ្គិភ័យក្រុងបាននិយាយថា អាជ្ញាធរនៅមិនទាន់បានធ្វើការសន្និដ្ឋានណាមួយទេ ហើយបានឲ្យដឹងថា នគរបាលជាតិកំពុងដឹកនាំក្រុមការងារអន្តរក្រសួងមួយ ដើម្បីត្រួតពិនិត្យលើការសើុបអង្កេតនេះ។
លោកបាននិយាយថា “យើងនៅមិនទាន់ដឹងពីមូលហេតុដែលបង្កឲ្យមានអគ្គិភ័យនេះទេ ហើយយើងកំពុងរង់ចាំម្ចាស់រោងចក្រត្រឡប់មកពីប្រទេសចិន និងរង់ចាំក្រុមធ្វើកោសល្យវិច័យ ដើម្បីសហការជាមួយយើង”។
លោកបាននិយាយថា ស្ថានទូតចិនបានធ្វើពាក្យបណ្ដឹងជាផ្លូវការអំពីអគ្គិភ័យនេះ ហើយថា ខ្លួនប្រហែលជាបញ្ជូនអ្នកជំនាញរបស់ខ្លួនឲ្យទៅចូលរួមការសើុបអង្កេតនេះដែរ។
លោក វ៉ាន់ថា បានបន្ថែមថា សាក្សីដែលអ្នកសើុបអង្កេតបានសាកសួរបានអះអាងថា អគ្គិភ័យនេះបានចាប់ផ្ដើមនៅម៉ោង២រំលងអធ្រាត្រ គឺជាង២ម៉ោងកន្លះមុនពេលសន្តិសុខបានប្រាប់អ្នកយកព័ត៌មានថា ដំបូងពួកគេបានឃើញផ្សែងហុយចេញពីរោងចក្រនេះ។ គាត់បានបន្ទោសមនុស្សនៅកន្លែងកើតហេតុ ចំពោះការព្យាយាមពន្លត់អគ្គិភ័យដោយខ្លួនឯង និងអះអាងថា អាជ្ញាធរគ្រាន់តែទទួលបានការហៅទូរស័ព្ទប៉ុណ្ណោះ បន្ទាប់ពីអណ្ដាតភ្លើងបានឆាបឆេះមួយផ្នែកធំនៃអគារនោះរួចទៅហើយ។
លោកឧត្ដមសេនីយ៍ឯក ម៉ក់ ជីតូ ដែលជាប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បាននិយាយថា មន្ត្រីកោសល្យវិច័យបានទៅដល់កន្លែងនោះហើយ។
លោកបាននិយាយថា “សម្រាប់ករណីធំបែបនេះ យើងត្រូវសើុបអង្កេតរកឲ្យឃើញថា តើវាជាឧប្បត្តិហេតុ ឬមានជនណាលួចបង្កឬអត់ ដូច្នេះអ្នកជំនាញរបស់យើងបានទៅសើុបអង្កេតហើយ ប៉ុន្តែ ពួកគេមិនទាន់មានចម្លើយណាមួយទេ”៕គឹមហឿន