កាលពីថ្ងៃព្រហស្បតិ៍ មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីបង្គាប់ដោយប្រមូលយកបញ្ជីសារពើភណ្ឌទាំងអស់របស់ក្រុមហ៊ុន អឹមហ្វូន (Mfone) ហើយព្រមានក្រុមហ៊ុននេះមិនឲ្យលក់ទ្រព្យសម្បត្តិ នៅមុនពេលសងបំណុលរបស់ខ្លួនអស់។
ក្រុមហ៊ុនអ៊ែលថេក វ៉ាល័រ (Eltek Valere) ដែលជាក្រុមហ៊ុនមកពីប្រទេសន័រវែស បានឈ្នះក្តី កាលពីខែមុន ដោយសាលាដំបូងបានចេញសេចក្តីបង្គាប់ចំពោះក្រុមហ៊ុន អឹមហ្វូន បន្ទាប់ពីក្រុមហ៊ុន Eltek Valere បានដាក់ពាក្យប្តឹងក្រុមហ៊ុនអឹមហ្វូនពីបទមិនសងបំណុលចំនួន៣,៧៣លានដុល្លារថ្លៃដំឡើងបច្ចេកវិទ្យាផ្កាយរណប សម្រាប់បណ្តាញទូរស័ព្ទឌីជីថល។
ឯកសារតុលាការ ដែលបានចុះហត្ថលេខា កាលពីថ្ងព្រហស្បតិ៍ ដោយព្រះរាជអាជ្ញា លោក គឺ ប៊ុណ្ណារ៉ា ហើយដោយបានយល់ព្រមដោយតំណាងក្រុមហ៊ុន Eltek Valere និងក្រុមហ៊ុន អឹមហ្វូនមានខ្លឹមសារដូច្នេះថា “ គណៈកម្មការចម្រុះ បានសម្រេចបន្តអនុវត្តសេចក្តីបង្គាប់មួយ ដែលតម្រូវឲ្យភាគីជំពាក់បំណុលដាក់ជូននូវបញ្ជីសារពើភណ្ឌទាំងអស់របស់ខ្លួន ទាំងសម្ភារជារូបវ័ន និងសម្ភារផ្សេងៗទៀត ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន អឹមហ្វូន”។
ឯកសារតុលាការនេះបានបន្តទៀត ដោយមានខ្លឹមសារថា “ គណៈកម្មការចម្រុះ បានបញ្ជាឲ្យហាមឃាត់ក្រុមហ៊ុនអឹមហ្វូនមិនឲ្យលក់ ឬឲ្យខ្ចីជាបណ្តោះអាសន្ននូវកម្មសិទិ្ធរបស់ខ្លួនណាមួយ រហូតដល់ករណីនេះត្រូវបានដោះស្រាយរួចរាល់” ហើយឯកសារនេះឲ្យដឹងទៀតថា មន្ត្រីសាលាដំបូងរាជធានីភ្នំពេញបានដើរចេញពីទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន អឹមហ្វូននៅក្នុងខណ្ឌចំការមន ដោយនាំយកទៅជាមួយនូវបញ្ជីសារពើភណ្ឌកម្រាស់ជាង៥០ទំព័រ ដើម្បីទុកជាភ័ស្តុតាង។
លោក គុយ ធណ្ណា អេធាវីការពារក្តីឲ្យក្រុមហ៊ុន Eltek Valere បានមានប្រសាសន៍ថា កូនក្តីរបស់លោក នឹងបន្តដាក់ពាក្យប្តឹងរបស់ខ្លួននៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខទៀតនេះ ដោយសារតែការចរចាគ្នានាពេលថ្មីៗនេះជាមួយក្រុមហ៊ុនអឹមហ្វូនមិនអាចទៅរួច។
លោកបានបន្តទៀតថា “ ខ្ញុំមិនអាចផ្តល់ជូននូវកាលបរិច្ឆេទពិតប្រាកដអំពីការដាក់ពាក្យប្តឹងនេះបានទេ ក៏ប៉ុន្តែឯកសារត្រូវបានរៀបចំរួចរាល់អស់ហើយ ហើយយើងនឹងយកវាដាក់ទៅតុលាការក្នុងពេលឆាប់ៗខាងមុខនេះ”។
លោក អាទីប រីតតាផន (Atip Rittaporn) នាយកគ្រប់គ្រងក្រុមហ៊ុន សេនីងតុន អុីនវេសមិន (Shenington Investment) ដែលជាក្រុមហ៊ុនអាណាព្យាបាលរបស់ក្រុមហ៊ុន អឹមហ្វូន បានមានប្រសាសន៍ កាលពីដើមសប្តាហ៍នេះថា បើទោះបីជា ក្រុមហ៊ុន អឹមហ្វូនជំពាក់បំណុល
ក៏ដោយ ក៏មេធាវីរបស់ខ្លួនកំពុងធ្វើការជាមួយក្រុមហ៊ុន Eltek Valere ដើម្បីស្វែងរកដំណោះស្រាយមួយឲ្យបាន នៅមុនពេល ស្ថានការណ៍ក្លាយជាការប្តឹងផ្តល់គ្នា។
នៅក្នុងលិខិតមួយច្បាប់ ដែលចុះហត្ថលេខា ដោយនាយកប្រតិបត្តិក្រុមហ៊ុន លោក យ៉ាប វ៉ៃឃី (Yap Wai Khee) ចុះកាលបរិច្ឆេទថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១១ ដែលត្រូវបានផ្ញើទៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Eltek Valere នៅប្រទេសសិង្ហបុរី បានលើកឡើងថា ក្រុមហ៊ុនអឹមហ្វូនមិនមានលទ្ធភាពសងបំណុលនេះទេ ដោយសារតែមានរៀបចំឡើងវិញនូវបំណុលរបស់ក្រុមហ៊ុនអឹមហ្វូននៅក្នុងប្រទេសកម្ពុជា ហើយសុំសងបំណុលរំលោះក្នុងមួយខែ១០.០០០ដុល្លារ៕
ប្រែសម្រួលដោយ ហួង កុកទៀន