មន្ត្រីនៅស្រុកកំណើតរបស់លោក យឹម ពឹម ក្នុងស្រុកអន្លង់វែងបានឲ្យដឹងថា លោក យឹម ពឹម អតីតមេបញ្ជាការឧទ្ទាមខ្មែរក្រហមដែលបានមកដឹកនាំអង្គភាពរដ្ឋាភិបាលមានមូលដ្ឋាននៅប្រាសាទព្រះវិហារ បន្ទាប់ពីលោកបានផ្ដាច់ខ្លួនកាលពីឆ្នាំ១៩៩៨ បានស្លាប់ក្នុងមន្ទីរពេទ្យក្រុងបាងកកកាលពីថ្ងៃសៅរ៍។
លោកឧត្តមសេនីយ៍ទោ យឹម ពឹម អាយុ៦៤ឆ្នាំ ដែលបានដឹកនាំទ័ពឧទ្ទាមកងពលធំលេខ៩៨០ មុនពេលលោកផ្ដាច់ខ្លួនកាលពីខែមីនា ឆ្នាំ១៩៩៨ បានជួយរដ្ឋាភិបាលវាយយកស្រុកអន្លង់វែង ជាមូលដ្ឋានរឹងមាំចុងក្រោយរបស់ខ្មែរក្រហម ហើយទីបំផុតបានចាប់ខ្លួនតាម៉ុក មេដឹកនាំឧទ្ទាមក្បាលរឹងចុងក្រោយ។
លោកត្រូវបានតែងតាំងជាមេបញ្ជាការកងពលធំលេខ២៣នៃកងយោធពលខេមរភូមិន្ទមានមូលដ្ឋាននៅស្រុកអន្លង់វែង មុនពេលត្រូវបានតែងតាំងជាមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨នៅប្រាសាទព្រះវិហារ។
លោក តូច រ៉ា ប្រធានទំនាក់ទំនងព្រំដែននៅច្រកទ្វារអន្តរជាតិជាំសាង៉ាំ ក្បែរស្រុកអន្លង់វែង ដែលលោកធ្លាប់បម្រើការក្រោមការដឹកនាំរបស់លោក យឹម ពឹម ក្នុងចំណោមពួកទ័ពឧទ្ទាមបានមានប្រសាសន៍ថា សាកសពរបស់មេបញ្ជាការរូបនេះត្រូវបានបញ្ជូនមកដល់នៅម៉ោង១០និង៣០នាទីយប់ថ្ងៃសៅរ៍។
លោក តូច រ៉ា បានមានប្រសាសន៍ថា “សាកសពលោកឧត្តមសេនីយ៍ទោ យឹម ពឹម បានមកដល់ច្រកព្រំដែនជាំកាលពីយប់មិញ ហើយមានទាហានជាង១០០នាក់មកអមមឈូសរបស់លោក។ លោកបានបន្ថែមថា ” ព្រះសង្ឃ អតីតទាហានខ្មែរក្រហម និងសហសេវិកបានដឹកនាំការហែសពតាមប្រពៃណីព្រះពុទ្ធសាសនាដោយមានរថយន្តជាង៥០គ្រឿងពីច្រកព្រំដែន”។
លោក តូច រ៉ា បានពន្យល់ថា ពិធីបុណ្យសពមេបញ្ជាការយោធារូបនេះគ្រោងធ្វើនៅម៉ោង៩ព្រឹក ដើម្បីគោរពវិញ្ញាណក្ខន្ធរបស់លោក។
លោក សូ នៅ អធិការរងនគរបាលស្រុកអន្លង់វែង បានមានប្រសាសន៍ថា លោក យឹម ពឹម បានទៅព្យាបាលជំងឺនៅទីក្រុងបាងកករយៈពេល១០ថ្ងៃមកហើយ ប៉ុន្តែលោកមិនដឹងថា គាត់មានជំងឺអ្វីនោះទេ។ លោក តូច រ៉ា ក៏បានមានប្រសាសន៍ផងដែរថា លោកក៏មិនច្បាស់ថា លោក យឹម ពឹម មានជំងឺអ្វីដែរ។
លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានមានប្រសាសន៍ថា លោកមិនដឹងថា លោក យឹម ពឹម បានស្លាប់ទេ ប៉ុន្តែលោកក្រៀមក្រំណាស់ពេលទទួលបានព័ត៌មាននេះ។
លោក យឹម ពឹម ស្ថិតក្នុងចំណោមទាហានខ្មែរក្រហមរាប់ពាន់នាក់ ដែលបានផ្ដាច់ខ្លួនកាលពីខែមីនា ឆ្នាំ១៩៩៨ បន្ទាប់ពីលោក កែ ពក ជានាយសេនាធិការរងកងទ័ពខ្មែរក្រហមបោះបង់ចោលតាម៉ុក មេដឹកនាំក្បាលរឹងរបស់ពួកគេ ហើយបានផ្ដាច់ខ្លួនចូលរដ្ឋាភិបាលក្រុងភ្នំពេញ។
មួយឆ្នាំក្រោយមក លោកដើរតួនាទីដ៏សំខាន់ក្នុងការតាមចាប់ខ្លួនតាម៉ុក ដែលបានដឹកនាំក្រុមឧទ្ទាមចាប់តាំងពី ប៉ុល ពត បានស្លាប់កាលពីខែកក្កដា ឆ្នាំ១៩៩៧ បន្ទាប់ពីលោកត្រូវបានអញ្ជើញឲ្យមកចូលរួមប្រជុំនៅក្នុងស្រុកអន្លង់វែង ដែលរៀបចំឡើងដោយរដ្ឋាភិបាល ខណៈលោកសម្ងំលាក់ខ្លួននៅក្បែរតំបន់ប្រាសាទព្រះវិហារ៕ សារុន