នៅក្នុងការធ្វើទស្សនកិច្ចដោយកម្រទៅកាន់ខេត្តរតនគិរី លោកនាយរដ្ឋមន្ត្រី ហ៊ុនសែន កាលពីម្សិលមិញបានលើកឡើងអំពីសារៈសំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងខេត្តភាគឦសាន ដោយធ្វើឲ្យមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់ទីនោះតាមផ្លូវគោកថែមទៀត ហើយលោកបានគូសបញ្ជាក់ពីគម្រោងរបស់រដ្ឋាភិបាល ដើម្បីកសាងផ្លូវថ្មីចំនួនបីខ្សែទៀតទៅកាន់តំបន់នោះដែលរហូតមកដល់ពេលថ្មីៗនេះការធ្វើដំណើរទៅកាន់ទីនោះចាំបាច់ត្រូវធ្វើដំណើរតាមយន្តហោះ។
លោកហ៊ុនសែនមានប្រសាសន៍នៅក្នុងពិធីមួយនៅក្រុងបានលុងដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៧៨ ប្រវែង១២១គីឡូម៉ែត្រដែលតភ្ជាប់ពីក្រុងនេះទៅកាន់ក្រុងស្ទឹងត្រែងថា “ ខេត្តរតនគិរី គឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ចទី៤ក្នុងប្រទេសកម្ពុជា”។
លោកបានមានប្រសាសន៍បន្តថា“ មជ្ឈមណ្ឌលសេដ្ឋកិច្ចទី១គឺរាជធានីភ្នំពេញមជ្ឈមណ្ឌលសេដ្ឋកិច្ចទី២ គឺក្រុងព្រះសីហនុមជ្ឈមណ្ឌលសេដ្ឋកិច្ចទី៣ គឺខេត្តសៀមរាបនិងមជ្ឈមណ្ឌលសេដ្ឋកិច្ចទី៤គឺខេត្តរតនគិរី”។ លោកបានបន្ថែមថា ផ្លូវជាតិលេខ៧៨ថ្មី ទទួលបានហិរញ្ញវត្ថុមួយផ្នែក តាមរយៈប្រាក់កម្ចីរបស់ចិនចំនួន៧៣,៣លានដុល្លារ។
លោកហ៊ុនសែនបានថ្លែងបន្ដថា “ សូមជម្រាបជូនអស់លោកទាំងអស់ថា ផ្លូវថ្មីទៅកាន់ខេត្តរតនគិរីរបស់យើង គឺនៅមិនទាន់បានកសាងរួចរាល់នៅឡើយទេ”។លោកបន្ថែមថា រដ្ឋាភិបាលមានគម្រោងកសាងផ្លូវថ្មីបីខ្សែបន្ថែមទៀត ដើម្បី “ ជួយបង្កើនសេដ្ឋកិច្ច” នៅក្នុងខេត្តរតនគិរី ដោយតភ្ជាប់គ្នាទៅកាន់តំបន់នានា ក្នុងប្រទេសដូចជា ទៅកាន់ប្រទេសវៀតណាម និងប្រទេសឡាវផងដែរ។
លោកហ៊ុនសែនថ្លែងថាផ្លូវទី១គឺកំពុងតែសាងសង់ ហើយនឹងតភ្ជាប់ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ទៅកាន់ក្រុងបានលុង ខេត្តរតនគិរី។ ផ្លូវទី២ ដែលនឹងដាក់ឈ្មោះថា ផ្លូវជាតិលេខ៣៧៨ នឹងតភ្ជាប់ពីស្រុកសៀមប៉ាងក្នុងខេត្តស្ទឹងត្រែងទៅកាន់ស្រុកវើនសៃ និងស្រុកអូរជុំ និងក្រុងបានលុងខេត្តរតនគិរី។ ផ្លូវទី៣ ដែលមានប្រវែង១៨៩គីឡូម៉ែត្រនឹងតភ្ជាប់ពីតំបន់ដាច់ស្រយាលនៃឧទ្យានជាតិវីរជ័យ ដែលគេស្គាល់ផងដែរថា “ តំបន់កន្ទុយនាគ” ទៅកាន់ប្រទេសវៀតណាមនិងប្រទេសឡាវ។
ទោះបីជាលោក ហ៊ុន សែន បានមានប្រសាសន៍អស់រយៈពេល៤៥នាទីដែលលោកបានលើកឡើងថា លោកបានធ្វើទស្សនកិច្ចមកកាន់ខេត្តនេះជាលើកទី៣នោះក៏ដោយ តែលោកមិនបានលើកឡើងអំពីបញ្ហាវិវាទដីធ្លីឬអំពីការកាប់ឈើខុសច្បាប់ ដែលកំពុងរីករាលដាលយ៉ាងខ្លាំងក្នុងខេត្តរតនគិរីឡើយ។
លោកឆាយធីមន្ត្រីសម្របសម្រួលរបស់អង្គការអាដហុកប្រចាំខេត្តរតនគិរី បានមានប្រសាសន៍ថា “ យើងសង្ឃឹមថា លោកអាចនឹងលើកឡើងអំពីបញ្ហាវិវាទដីធ្លីដែលកំពុងតែបន្ដកើតមាន…។ តាមខ្ញុំដឹងច្បាស់ថា លោកបានមកកាន់ខេត្តនេះពីរបីដងហើយ ប៉ុន្ដែលោកហាក់បីដូចជាមិនចាប់អារម្មណ៍នឹងបញ្ហាវិវាទដីធ្លី និងការកាប់បំផ្លាញព្រៃឈើ និងការរានដីព្រៃដោយខុសច្បាប់នោះទេ”។
លោកសុីវថ្វេលតំណាងអ្នកភូមិជនជាតិភាគតិចចារាយម្នាក់ ដែលរស់នៅក្នុងឃុំប៉ាត ស្រុកអូយ៉ាដាវ ដែលមានវិវាទដីធ្លីលើដីទំហំ៤៥០ហិកតាជាមួយនឹងលោកស្រី គាត កុលណី ជាប្អូនស្រីរបស់លោក គាតឈន់ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបាននិយាយថា “ បើខ្ញុំបានដឹងថាសម្តេចនាយករដ្ឋមន្ត្រីមកទីនេះ ខ្ញុំនឹងធ្វើញត្តិមួយជម្រាបលោកថាយើងកំពុងតែទទួលរងគ្រោះដោយសារការបាត់បង់ដីធ្លី ដោយសារអ្នកមានលុយ និងអ្នកមានអំណាច”។
យោងតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឲ្យដឹងថានៅថ្ងៃនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏មានគម្រោងចែកប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន៥៤១ជូនប្រជាពលរដ្ឋចំនួន៣០១គ្រួសារ ដែលរស់នៅក្នុងស្រុកអណ្ដូងមាស ខេត្តរតនគិរីផងដែរ៕
ប្រែសម្រួលដោយ ឃិនណៃ