ប្រេសិតអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សលោកសុរិយាស៊ូបេឌី (Surya Subedi) បានមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃអាទិត្យ ក្នុងបេសកកម្មរយៈពេលប្រាំថ្ងៃ និងបានចូលរួមប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិជាមួយប្រជាពលរដ្ឋប្រហែល៣០០នាក់មកពីសហគមន៍មួយដែលមានវិវាទដីធ្លីជាយូរមកហើយជាមួយនឹងភរិយាមន្ត្រីរដ្ឋាភិបាលមួយរូបនៅក្នុងខេត្ត កំពង់ឆ្នាំងកាលពីម្សិលមិញ។
លោក ជេមហ៊ីណាន (James Heenan) តំណាងស្ដីទីប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថាលោកស៊ូបេឌីបានទៅទស្សនកិច្ចនៅសហគមន៍ ដែលលោកធ្លាប់បានធ្វើទស្សនកិច្ចអំឡុងពេលបំពេញបេសកកម្មលើកមុន។
លោកហ៊ីណានបានថ្លែងបន្ដថា “ អ្នកធ្វើរបាយការណ៍ពិសេសរូបនេះបានមកដល់ប្រទេសកម្ពុជា កាលពីល្ងាចថ្ងៃអាទិត្យ ហើយបានប្រារព្ធទិវាសិទ្ធិមនុស្សអន្ដរជាតិជាមួយប្រជាពលរដ្ឋនៅក្នុងសហគមន៍ឡពាង នៅក្នុងខេត្តកំពង់ឆ្នាំងជាសហគមន៍មួយដែលអ្នកធ្វើរបាយការណ៍ពិសេសរូបនេះធ្លាប់បានទៅទស្សនកិច្ចកាលពីលើកមុនពាក់ព័ន្ធនឹងវិវាទដីធ្លីកំពុងបន្តកើតមានជាមួយក្រុមហ៊ុនខេឌីស៊ី (KDC)” ជាក្រុមហ៊ុនមួយដែលគ្រប់គ្រងដោយលោកស្រី ជា ខេងជាភរិយារបស់លោក ស៊ុយសែមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម។
ក្រុមអ្នកភូមិឡពាង បានចោទប្រកាន់ក្រុមហ៊ុនខេឌីស៊ីថា បានចាប់យកដីរបស់ពួកគាត់ ដែលមានទំហំ១៤៥ហិកតា កាលពីឆ្នាំ២០០៧។ លោក ហ៊ីណានបានបន្ថែមថា “ លោកស៊ូបេឌីក៏បានយកឱកាសនោះទៅទស្សនកិច្ចនៅសហគមន៍មួយទៀតនៅជិតអាកាសយានដ្ឋានខេត្តកំពង់ឆ្នាំងដើម្បីជួបជាមួយអ្នកភូមិដែលទើបបានទទួលប័ណ្ណកម្មសិទ្ធិដីធ្លីក្រោមសារាចរលេខ០០១ស្តីពីគម្រោងចែកប័ណ្ណកម្មសិទ្ធិដីធ្លីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុនសែនក្នុងពេលថ្មីៗនេះ។
លោក រាជសីមាតំណាងអ្នកភូមិឡពាង នៅក្នុងឃុំតាជេស ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលស្ថិតនៅក្នុងចំណោមប្រជាពលរដ្ឋជាង៣០០នាក់ បានជួបជាមួយលោក ស៊ូបេឌី បាននិយាយថាអ្នកធ្វើរបាយការណ៍ពិសេសរូបនេះបានសន្យាលើកឡើងពីករណីរបស់ពួកគាត់ជាមួយរដ្ឋាភិបាល។
លោកសីមាបាននិយាយបន្ដថា “ អំឡុងជំនួបនោះអ្នកភូមិបានអំពាវនាវឲ្យលោកលើកឡើងពីបញ្ហាសិទ្ធិមនុស្ស អំពើហិង្សានិងការចាប់យកដីនៅក្នុងភូមិឡពាងលោកស៊ូបេឌីបានសន្យាបញ្ជូនសារនេះទៅកាន់រដ្ឋាភិបាល ហើយថា លោកនៅតែគាំទ្រអ្នកភូមិ ដើម្បីជួយពួកគាត់ក្នុងការទាមទារសិទ្ធិសេរីភាព”។
របាយការណ៍ពីររបស់លោក ស៊ូបេឌីដែលបានចេញផ្សាយនៅក្នុងឆ្នាំនេះ បានផ្ដោតទៅលើដីសម្បទានសេដ្ឋកិច្ច និងប្រព័ន្ធបោះឆ្នោត ព្រមទាំងបានផ្ដោតទៅលើបញ្ហាសិទ្ធិមនុស្សផងដែរ ដែលធ្វើឲ្យរដ្ឋាភិបាលខឹងយ៉ាងខ្លាំង និងបណ្ដាលឲ្យមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មួយរូបចោទប្រកាន់អ្នកធ្វើរបាយការណ៍ពិសេសរូបនេះថា ជាអ្នកនាំពាក្យឲ្យគណបក្សប្រឆាំង។
កាលពីថ្ងៃអាទិត្យ លោកប៉ែនងឿនទីប្រឹក្សាម្នាក់នៅទីស្ដីការគណៈរដ្ឋមន្ត្រី បានសរសេរលិខិតរិះគន់ធ្ងន់ៗចំពោះលោកស៊ូបេឌីហើយបានលើកឡើងថាទោះជាមាន ឬមិនមានការវាយតម្លៃពីស្ថានភាពសិទ្ធិមនុស្សរបស់លោកក៏ដោយ ក៏ប្រទេសកម្ពុជានៅតែធ្វើដំណើរឆ្ពោះទៅមុខដែរ៕
ប្រែសម្រួលដោយឃិនណៃ