36 C
Phnom Penh

ជំរឿន​កសិកម្ម​ដំបូង​ផ្តល់​មធ្យោបាយ​ថ្មី​ដល់​អ្នក​ធ្វើ​ផែនការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​បាន​ចេញ​លទ្ធផល​បឋម​ពី​ការ​ធ្វើ​ជំរឿន​កសិកម្ម​ដំបូង​មិនធ្លាប់​មាន​ពី​មុន​មក​នៅ​ប្រទេស​កម្ពុជា​កាលពី​ម្សិលមិញដោយ​សង្ឃឹម​ថាតួលេខ​ថ្មី​ដែល​អាច​ជឿជាក់​បាន​នេះនឹង​ជួយ​ក្រុម​អ្នក​រៀបចំផែនការ​ជំរុញ​វិស័យ​កសិកម្ម​របស់​ប្រទេស​នេះធ្វើ​ឲ្យ​សេដ្ឋ​កិច្ច​លូតលាស់និង​កាត់​បន្ថយ​ភាព​ក្រីក្រ។

ដី​ស្រែ​ចម្ការ​​របស់​ប្រទេស​កម្ពុជាជា​កត្តា​គាំទ្រ​មួយ​ក្នុង​ចំណោម​កត្តា​គន្លឹះ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ។ ប៉ុន្តែដី​ស្រែ​ចម្ការ​ទាំង​នោះក៏​ល្បី​ថា​ឲ្យ​ផល​មិន​គ្រប់​តម្រូវ​ការ​ដែរដូច​របាយ​ការណ៍​បឋម​បញ្ចេញ​ឲ្យ​ដឹង​ស្រាប់។ចំណែក​ឯ​​វិស័យ​កសិកម្ម​ស្រូប​យក​កម្លាំង​ការងារ​៦៥​ភាគ​រយ​របស់​ប្រទេស​នេះវា​រួម​ចំណែក​បាន​តែ​៣២​ភាគរយ​​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក​កាលពី​ឆ្នាំ​មុន​ប៉ុណ្ណោះ។

លោក ឆាយ ថន រដ្ឋ​មន្ត្រី​ក្រសួង​ផែនការបាន​មាន​ប្រសាសន៍​នៅ​ពេល​ផ្សព្វ​ផ្សាយ​របាយ​ការណ៍​នេះ​នៅ​ក្រុង​ភ្នំពេញ​ថា “[ជំរឿន]​ នេះ​គឺ​សំខាន់​ណាស់ពីព្រោះ​យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​ដឹង​ថាកសិកម្ម​គឺ​ជា​ធាតុ​ដ៏​សំខាន់​មួយ​នៃ​សេដ្ឋកិច្ច។ វា​នឹង​មិន​ត្រឹមតែ​ជួយ​ពង្រឹង​និង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​របស់​យើង​ប៉ុណ្ណោះ​ទេតែ​វា​ថែម​ទាំង​ជួយ​រួម​ចំណែក​ដល់​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ថែម​ទៀត​ដែរ”។

រដ្ឋាភិបាល​សង្ឃឹម​ថាតួលេខ​នេះ​នឹង​ផ្តល់​ឲ្យ​កសិករ​និង​អ្នក​ធ្វើ​ផែនការ​នូវ​គំនិតល្អ​ប្រសើរថា​ត្រូវ​ដាំ​អ្វី នៅ​ទីណានិង​នៅពេលណា ហើយ​ប្រើ​ធនធាន​ឲ្យ​ចំគោលដៅ។ ដោយ​មាន​ជំនួយ​ថ្មី​ពី​អង្គការ​ស្បៀង​និង​កសិកម្ម (FAO) របស់​អង្គការសហ​ប្រជាជាតិរួម​ទាំង​រដ្ឋាភិបាល​អូស្ត្រាលីស៊ុយអ៊ែត និង​អាមេរិក ផង​នោះការ​ធ្វើ​ជំរឿន​បាន​ចាប់​ផ្តើម​កាលពី​ខែ​មេសា​ឆ្នាំ​២០១២ហើយ​បាន​ប្រមូល​ទិន្នន័យ​ដល់​ខែ​មីនា​ឆ្នាំ​២០១៣។

របាយ​ការណ៍​កាលពី​ម្សិលមិញគឺ​គ្រាន់​តែ​ជា​គំរូតាង​លទ្ធផល​មួយ​ប៉ុណ្ណោះ។ វា​គ្របដណ្តប់​តែ​លើ​ដី​កសិកម្មដែល​របាយ​ការណ៍​កំណត់​ថាជា​ដី​កសិកម្ម​កាន់​កាប់​ដោយ​មនុស្ស​តែ​ម្នាក់ដែល​មាន​បសុសត្វ២ឬ៣​ក្បាលឬ​មាន់​ទា​២៥​ក្បាលឬ​ដី​កសិកម្ម​មាន​​យ៉ាង​ហោច​ណាស់​៣០០​ម៉ែត្រ​ក្រឡាឬ​ក៏​មាន​ទាំង​ពីរ​លក្ខណ។ ក្បាល​ដី​តូចៗ​និង​ចម្ការ​ឧស្សាហកម្ម​ធំ​ៗដែល​គ្រប់​គ្រង​ដោយ​ក្រុមហ៊ុននឹង​ត្រូវ​រាប់​បញ្ចូល​ជាមួយ​តួលេខ​លម្អិត​ថែម​ទៀតហើយ​ត្រូវ​ផ្សព្វផ្សាយ​នៅ​ខែ​ធ្នូ។

ក្នុង​ចំណោម​ចំនួន​ដែល​លេច​ធ្លោ​ចំពោះ​លោក​ស្រីចូស៊ី ប៉េរ៉េសទីប្រឹក្សា​បច្ចេក​ទេស​ផ្នែក​ជំរឿន​នៅ​អង្គការ​ហ្វាវគឺ​ថា ក្បាល​ដី​៩២​ភាគរយត្រូវ​បាន​គេ​ប្រើ​ដាំ​ដំណាំរយៈ​ពេល​ខ្លីឬ​ដំណាំ​ដែល​ត្រូវការ​ពេល​មិន​ដល់​មួយ​ឆ្នាំ​ដើម្បី​ប្រមូល​ផល។ ដី​តែ​៤​ភាគរយ​ប៉ុណ្ណោះ​ត្រូវ​គេ​ប្រើ​ដើម្បី​ដាំ​ដំណាំ​ដែល​ត្រូវ​ការពេល​មួយ​ឆ្នាំឬ​លើស​ពីនេះ។

លោក​ស្រី​មាន​ប្រសាសន៍​ថាការ​ធ្វើ​បែប​នេះ​បាន​ធ្វើ​ឲ្យ​វិស័យ​កសិកម្ម​ងាយ​រងគ្រោះ។ លោក​ស្រី​បាន​បន្ថែម​ថា “ភាគច្រើន​បំផុត​ជា​ដំណាំ​រយៈពេល​ខ្លីហើយ​ដំណាំ​រយៈពេល​ខ្លី​មិន​មែន​ជាស្បៀង​អាហារ​សំខាន់​ទេជាពិសេស​នៅពេល​មាន​ទឹក​ជំនន់”។

យោង​តាម​របាយការណ៍​នេះក្នុង​ចំណោម​ដី១៨,១​លាន​ហិកតា​នៅ​ប្រទេស​កម្ពុជាប្រហែល​៣,១​លាន​ជា​ដី​កសិកម្ម។ ក្នុង​ចំណោម​ប្រជាជន​២,៦​លាន​គ្រួសារក្នុង​ប្រទេស​នេះមាន​២,២​លាន​គ្រួសារ​ប្រកប​របរ​កសិកម្ម។ ហើយ​ក្នុង​ចំណោម​អ្នក​ដែល​មាន​ដី​កសិកម្ម​កាន់​កាប់មាន​៧៣​ភាគ​រយ​ត្រូវ​បំពេញ​តម្រូវ​ការ​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ។ទំហំ​ដី​កាន់​កាប់​ជា​មធ្យម​គឺ​ច្រើន​ជាង​១,៦​ហិកតា​បន្តិច។

លទ្ធផល​បឋម​ផ្សេង​ទៀត​រួម​បញ្ចូល​ចំនួន​អ្នក​ប្រើ​និង​ការ​ផ្គត់ផ្គង់​ប្រព័ន្ធ​ធារាសាស្ត្រព័ត៌មាន​ពិស្តារទាក់ទង​នឹង​ដំណាំ​មូលដ្ឋាននិង​ចំនួន​ដី​ប៉ុន្មាន​ដែល​ទុក​សម្រាប់​ដំណាំ​នីមួយៗ​នៅ​ជុំវិញ​ប្រទេស។

លោក​ស្រីប៉េរ៉េស បាន​មាន​ប្រសាសន៍​ថា “អ្នក​ធ្វើ​គោល​នយោបាយ​និង​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​ក្នុង​ប្រទេស​នេះនឹង​មាន​ទិន្នន័យ​បន្ថែមដែល​នឹង​មាន​ប្រយោជន៍​ក្នុង​ការ​បង្កើត​គោលនយោបាយ​កសិកម្ម​និង​កម្មវិធី។ អ្នក​ធ្វើ​ផែនការ​តាម​ខេត្ត​ក៏​អាច​ប្រើ​ព័ត៌មាន​ជំរឿន​នេះ​ក្នុង​ការ​ផ្តល់​សេវា​កសិកម្ម​ដល់​ប្រជា​កសិករ​ផង​ដែរ។ អ្នក​មាន​ដី​កសិកម្ម​កាន់កាប់​និង​កសិករ​អាច​ប្រើ​ទិន្ន​ន័យ​ជំរឿន​នេះ​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​អំពី​ការ​ប្រើ​ដី​របស់​ខ្លួនដូចជា​រយៈ​ពេល​ដាំ​ដុះ​និង​ដំណាំ​ដែល​ត្រូវ​ដាំ​ជា​ដើម”។

ចំណុច​មួយ​ដែល​តួលេខ​នេះ​មិន​បង្ហាញគឺ​ចំនួន​គ្រួសារ​មាន​ជម្លោះ​ដីធ្លីឬ​អ្នក​ដែល​បាន​បាត់​បង់​ដីធ្លី។ ក្រុម​សិទ្ធិ​មនុស្ស​និយាយ​ថាបញ្ហា​នេះ​បាន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​រាប់​រយ​ពាន់​គ្រួសារ​នៅ​ទូទាំង​ប្រទេសក្នុង​រយៈ​ពេល​ប្រហែល​មួយ​ទសវត្ស​នេះហើយ​ខ្លះ​ហៅ​បញ្ហា​នេះ​ថា​ជា​បញ្ហា​សិទ្ធិ​មនុស្ស​បន្ទាន់​បំផុត​នៅ​ប្រទេស​កម្ពុជា។

ប៉ុន្តែ​លោក​ស្រី ប៉េ រ៉េស មាន​ប្រសាសន៍​ថាការ​ស្ទង់​មតិ​ដែល​ត្រូវ​ប្រើ​សម្រាប់​ការ​ធ្វើ​ជំរឿន​នេះមិន​បាន​និយាយ​ដល់​ជម្លោះ​ដី​ធ្លី​ទេ។ លោក​ស្រី​បាន​បន្ថែម​ថា “តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បានជំរឿន​នេះមាន​លក្ខណ​អព្យាក្រឹតយើង​មិន​ចង់​ឲ្យ​មាន​​បញ្ហា​នយោបាយ​ទេ”។

តួលេខ​ចុង​ក្រោយដែល​ត្រូវ​បញ្ចេញ​ឲ្យ​ដឹង​នៅ​ចុង​ឆ្នាំ​នេះក៏​នឹង​មិន​បញ្ចូល​ទិន្នន័យ​ពី​អ្នក​កាន់​កាប់​ដីធ្លីធំ​បំផុត​​មួយ​ចំនួន​ក្នុង​ប្រទេស​នេះ​ដែរ។លោក​ស្រី ប៉េរ៉េស មាន​ប្រសាសន៍​ថាទោះបី​ជា​រដ្ឋាភិបាល​បាន​ផ្តល់​ឲ្យ​ក្រុម​ស្ទង់​មតិ​នូវ​បញ្ជី​នៃ​សហគ្រាស​១២៦ឬកសិដ្ឋាន​ខ្នាត​ឧស្សាហកម្ម​ក្នុង​ប្រទេស​នេះ​ក៏​ដោយតែ​មាន​សហគ្រាសឬ​កសិដ្ឋាន​ខ្នាត​ឧស្សាហកម្ម​ប្រហែល​១០០​ប៉ុណ្ណោះ​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ធ្វើ​ជំរឿន​នេះ។

ក្រុម​សិទ្ធិ​មនុស្ស​បាន​បន្ទោស​កសិដ្ឋាន​ធំៗ​ទាំង​នោះ​ចំពោះ​ការ​រំលោភ​យក​ដី​ធ្លី​ភាគ​ច្រើន​នៅ​ប្រទេស​កម្ពុជានិង​បាន​និយាយ​ថាប្រទេស​នេះ​មាន​សហគ្រាសឬកសិដ្ឋាន​ធំៗ​លើសពី​១២៦ទៅ​ទៀត៕មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស